ប៉ាម៉ាក់ដែលមានកូនតូចៗ តែងតែមានការព្រួយបារម្ភច្រើន នៅពេលដែលត្រូវផ្ដល់អាហាររឹងដល់កូនជាទីស្រលាញ់ ដើម្បីឲ្យកូនមានការលូតលាស់ល្អ និងមានសុខភាពរឹងមាំ។ ពិតណាស់ ខណៈពេលដែលអាហារខ្លះ ស័ក្ដិសមសម្រាប់ក្មេង ប៉ុន្តែក៏មានអាហារមួយចំនួន បែរជាបង្កនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ទារកដែលមានអាយុក្រោម១ឆ្នាំទៅវិញ។ ហេតុនេះហើយ ទើបប៉ាម៉ាក់សម័យថ្មី ត្រូវមានភាពឆ្លាតវៃក្នុងការជ្រើសរើសអាហារល្អៗដល់កូន និងចៀសវាងផ្ដល់នូវអាហារគ្រោះថ្នាក់ខាងក្រោមនេះ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។
១. ទឹកឃ្មុំ
ជាទូទៅ ប៉ាម៉ាក់តែងគិតថាទឹកឃ្មុំមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទារក ប៉ុន្តែវាមិនដូច្នោះឡើយ។ ទឹកឃ្មុំផ្ទុកនូវស្ព័រនៃបាក់តេរីម្យ៉ាង ដែលហៅថា Clostridium Botulinum។ ប្រសិនបើបានទារកញ៉ាំវាចូលទៅក្នុងពោះ ទារកអាចនឹងកើតមានអាការៈពុលអាហារ ដែលបណ្ដាលឲ្យសាច់ដុំចុះខ្សោយ មិនឃ្លានអាហារ ទល់លាមក ក៏ដូចជាល្ហិតល្ហៃជាដើម។
២. អាហារមានជាតិស្ករច្រើន និងស្ករគ្រាប់
ដូចទៅនឹងទឹកផ្លែឈើដែរ ប៉ាម៉ាក់មិនគួរផ្ដល់នូវអាហារដែលមានជាតិស្ករ និងស្ករគ្រាប់ឲ្យកូនញ៉ាំនោះទេ។ ស្ករមិនមែនជាអាហារូបត្ថម្ភចាំបាច់ចំពោះទារកដែលមានអាយុក្រោម១ឆ្នាំឡើយ ហើយវាថែមទាំងអាចធ្វើឲ្យទារកប្រឈមទៅនឹងការធាត់ជ្រុលនៅពេលក្រោយផងដែរ។ បន្ថែមពីនេះ វាក៏អាចប៉ះពាល់ដល់ធ្មេញរបស់ទារកថែមទៀតផង បើទោះបីជាយើងមិនអាចមើលឃើញភ្លាមៗក៏ដោយ។
៣. ទឹកដោះគោស្រស់
ទឹកដោះគោស្រស់ មិនមានគុណប្រយោជន៍ល្អៗសម្រាប់ទារកដូចទឹកដោះម្ដាយឡើយ ពីព្រោះវាមិនបានផ្ដល់នូវសារធាតុចិញ្ចឹមចាំបាច់ដូចជាជាតិដែក វីតាមីនE និងអាស៊ីដខ្លាញ់ ដើម្បីឲ្យទារកលូតលាស់បានល្អនោះទេ។ ម្យ៉ាងវិញទៀត វាក៏ផ្ទុកនូវជាតិប្រូតេអ៊ីន សូដ្យូម និងប៉ូតាស្យូមខ្ពស់ ដែលប្រព័ន្ធរំលាយអាហាររបស់ទារកមិនទាន់អាចស្រូបយកបាននៅឡើយ។ ជាការណែនាំអូនតូចៗក្នុងការបៅទឹកដោះ គួរតែបៅតែដោះម្ដាយ ឬទឹកដោះគោម្សៅ មិនមែនទឹកដោះគោស្រស់នោះទេ មុនមានអាយុ១២ខែ។
៤. ភេសជ្ជៈប៉ូវកម្លាំង
ភេសជ្ជៈប៉ូវកម្លាំងក៏អាចផ្ដល់គ្រោះថ្នាក់ដល់សុខភាពរបស់ទារកផងដែរ ដោយសារតែភេសជ្ជៈទាំងនេះ មានផ្ទុកនូវជាតិអាស៊ីដដ៏ច្រើនលើសលប់ ដែលអាចបំផ្លាញដល់ធ្មេញទន់ៗដែលទើបតែដុះចេញមករបស់ទារក។ លើសពីនេះ វាក៏អាចធ្វើឲ្យក្មេងៗមិនចង់ញ៉ាំអាហារ ដែលមានផ្ទុកនូវសារធាតុចិញ្ចឹមដែលពួកគេត្រូវការជាចាំបាច់ ព្រមទាំងអាចបណ្ដាលឲ្យមានការរាករូស ប្រសិនបើប្រព័ន្ធរំលាយអាហាររបស់ក្មេងមិនអាចសម្របជាមួយនឹងជាតិទឹក និងស្ករច្រើនបាន។
៥. អាហារគ្រាប់ៗ
ជាក់ស្ដែង អាហារគ្រាប់ៗអាចធ្វើឲ្យក្មេងអួលដើមក ឬស្លាក់ ហេតុនេះហើយ ប៉ាម៉ាក់មិនគួរឲ្យកូនញ៉ាំអាហារទាំងនេះទេ រហូតដល់កូនអាចទំពាអាហាររឹងបានម៉ត់ល្អដោយខ្លួនឯង។
៦. ធញ្ញជាតិ
ចំពោះ គ្រាប់ធញ្ញជាតិក៏មិនខុសពីអាហារគ្រាប់ប៉ុន្មានដែរ វាចូលទៅក្នុងបំពង់ក ដោយអាចធ្វើឲ្យស្ទះខ្យល់នៅផ្លូវដង្ហើម ដែលអាចធ្វើឲ្យអាអូនប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបាន។
ម៉ាក់គួរស្វែងយល់៖
- របៀបថែទាំកូនកើតមិនគ្រប់ខែ ឲ្យមានសុខភាពល្អ
- របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត
- បើកូនដួលបោកក្បាល ហើយចេញសញ្ញាទាំងនេះ ត្រូវទៅពេទ្យភ្លាម
- រឿងប៉ាម៉ាក់ត្រូវដឹងរឿងនេះពេលអូនៗមានរបួសក្បាលថាគ្រោះថ្នាក់ស្រាល ឬធ្ងន់កម្រិតណា
- ម៉េចបានពេលក្មេងក្ដៅខ្លួន សុលចូលទៅ ឆាប់ត្រជាក់ជាងលេបថ្នាំ?
[embed-health-tool-vaccination-tool]