កូនអាចបញ្ចេញអាកប្បកិរិយាកោងកាចដូចជា ស្រែកខ្លាំងៗ ទាត់ ដាល់ ឬខាំ ដោយសារមិនអាចគ្រប់គ្រងអារម្មណ៍ មិនចេះ ឬមិនដឹងពីវិធីរៀបរាប់អារម្មណ៍ខ្លួន ដើម្បីប្រាប់ម៉ាក់ប៉ាតាមសម្រួល។ តើកត្តាអ្វីខ្លះធ្វើឱ្យកូនមិនអាចគ្រប់គ្រងអារម្មណ៍បាន? ម៉ាក់ប៉ាគួរកែអាកប្បកិរិយាកូនដោយរបៀបណា?
១. កត្តាដែលបណ្តាលឱ្យកូនបញ្ចេញអាកប្បកិរិយាកោងកាច
ក. កំហឹង ឬភាពច្រណែន
អូនតូចអាចត្រូវបានប្រមាថផ្លូវចិត្តដោយត្រូវបងប្អូន ឬមិត្តភក្តិធ្វើបាប ឬច្រណែននឹងប្អូនដែលម៉ាក់ប៉ាស្រឡាញ់ជាង ហើយក៏កើតជាកំហឹង ឬភាពច្រណែនក្នុងចិត្ត រួចបញេ្ចញមកក្រៅតាមរយៈអាកប្បកិរិយាកោងកាច ដោយសារអូនតូចមិនចេះទប់កំហឹង ឬអារម្មណ៍ និងមិនដឹងពីវិធីរៀបរាប់ប្រាប់ម៉ាក់ប៉ាពីអារម្មណ៍ខ្លួន។
ខ. ការខកចិត្ត
នៅពេលកុមារមិនបានអ្វីដូចចិត្ត ឬត្រូវបានបង្ខំឱ្យធ្វើអ្វីដែលខ្លួនមិនចូលចិត្ត អូនតូចមិនអាចទប់អារម្មណ៍បានក៏បញ្ចេញចរិតប្រហើនកោងកាច។ ឧទាហរណ៍ អូនតូចចង់បានឡានជ័រ តែម៉ាក់ប៉ាមិនទិញឱ្យជាដើម។
គ. បរិយារស់នៅ
បរិយាកាសនៅក្នុងគ្រួសារ ឬសហគមន៍ក៏ជះឥទ្ធិពលដល់អាកប្បកិរិយាកុមារដែរ។ តួយ៉ាង កូនដែលធំឡើងក្នុងគ្រួសារដែលឪពុកម្តាយតែងតែប្រើពាក្យគំរោះគំរើយ ឈ្លោះប្រកែក ឬវាយតបគ្នា ឬត្រូវឪពុកម្តាយប្រើហិង្សាដាក់ ឬស្រែកគំហកដាក់អាចមានអាកប្បកិរិយាកោងកាចដែរ ដោយសារអូនតូចចម្លងគំរូពីឪពុកម្តាយ ឬដោយសារទង្វើរទាំងនេះធ្វើឱ្យអូនតូចមានភាពតានតឹងផ្លូវចិត្ត មិនអាចទប់បាន រូចក៏បញ្ចេញមកក្រៅតាមរយៈអាកប្បកិរិយា។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. វីធីសាស្រ្តកែប្រែអាកប្បកិរិយាកោងកាចរបស់កូន
ក. បង្រៀនកូនបញ្ចេញអារម្មណ៍
កូនមានអាកប្បកិរិយាកោងកាចដោយសារមិនអាចទប់អារម្មណ៍បាន ដូច្នេះម៉ាក់ប៉ាគួរបង្រៀនកូនពីវិធីបញ្ចេញអារម្មណ៍ជំនួស ឱ្យការបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចដោយ ច្របាច់តុក្តតា ឬខ្នើយ លោតចុះឡើង យកក្រដាសមួយសន្លឹកមកហែក ដកដង្ហើមវែងៗ ឬប្រាប់ម៉ាក់ប៉ាពីអារម្មណ៍របស់កូនដើម្បីម៉ាក់ប៉ាអាចជួយដោះស្រាយឱ្យកូនជាដើម។
ខ. បង្វែរអារម្មណ៍កូន
ការបង្វែរកូនឱ្យទៅចាប់អារម្មណ៍លើអ្វីផ្សេងក៏អាចជួយកាត់បន្ថយមិនឱ្យកូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចបានដែរ។ តួយ៉ាង ពេលកូនឃ្លាន កូនតែងតែចង់ញុំាអាហារភា្លមបើមិនដូច្នោះកូននឹងតឿនរករឿងម៉ាក់ប៉ាមិនថា ឃ្លានៗ ហើយអាចម៉ួម៉ៅបញ្ចេញអាកប្បកិរិយាមិនសមរម្យទៀតផង។
ជំនួសឱ្យកូនអង្គុយចាំម្ហូបឆ្អិន ហើយទុកឱ្យត្រជាក់បន្តិច ម៉ាក់ប៉ាអាចប្រាប់កូនឱ្យជួយមើលម៉ោង។ ឧទាហរណ៍ចាំទ្រនិចនាឡិកាវែងចង្អុរដល់លេខ ១២ កូនប្រាប់ម៉ាក់ប៉ាផង ព្រោះម្ហូបនឹងឆ្អិនខ្លាចខ្លោចម្ហូប។
គ. ផ្តល់ជម្រើសដល់កូន
កូនអាចខឹង ហើយបញ្ចេញអាកប្បកិរិយាព្រហើនកោងកាចដោយសារត្រូវបង្ខំឱ្យធ្វើអ្វីមួយ។ ដូច្នេះបើម៉ាក់ប៉ាឃើញកូនមិនពេញចិត្តនឹងអ្វីដែលម៉ាក់ប៉ាឱ្យកូនធ្វើ ម៉ាក់ប៉ាអាចផ្តល់ជម្រើសមួយ ឬពីរទៀតឱ្យកូនជ្រើសរើសដើម្បីចៀសវាងការបង្ខំកូន។
ឧទាហរណ៍ ជំនួសឱ្យកូនរកអាវរងាមកពាក់មុនពេលចេញក្រៅ ម៉ាក់ប៉ាអាចប្រាប់កូនឱ្យជ្រើសរើសការងារមួយក្នុងចំណោមពីររួមមាន រកអាវរងាមកពាក់ ឬទៅយកសោរផ្ទះមកឱ្យម៉ាក់ប៉ា។
[embed-health-tool-vaccination-tool]
ឃ. ឱ្យកូននៅស្ងៀមស្ងាត់ម្នាក់ឯងមួយភ្លែត
ប្រសិនបើកូននៅតែបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច បន្ទាប់ពីម៉ាក់ប៉ាប្រាប់ថាមិនល្អ ឬឱ្យបញ្ឈប់ ម៉ាក់ប៉ាត្រូវនាំកូនទៅកន្លែងផ្សេងដើម្បីឱ្យកូននៅស្ងប់ស្ងាត់ម្នាក់ឯងពីរបីនាទី ហើយម៉ាក់ប៉ាអាចលួងលោមកូន ពន្យល់ហេតុផលប្រាប់កូន ជួយដោះស្រាយបញ្ហាឱ្យកូន ឬបង្រៀនពីវិធីបញ្ចេញអារម្មណ៍ឱ្យកូន។ ម្យ៉ាងទៀត ម៉ាក់ប៉ាគួរតាំងចិត្តឱ្យស្ងប់ និងចៀសវាងខឹង និងត្រូវនិយាយជាមួយកូនតាមសម្រួលដើម្បីឱ្យកូនដឹងថា ម៉ាក់ប៉ាកំពុងជួយកូន។
ង. សរសើរកូន
ម៉ាក់ប៉ាត្រូវលើកសរសើរកូន ពេលឃើញកូនចេះរំងាប់អារម្មណ៍ ឬចេះបង្វែរអារម្មណ៍ដោយមិនបញ្ចេញអាកប្បកិរិយាកោងកាចដើម្បីលើកទឹកចិត្តកូនបន្តធ្វើបែបនេះទៀត។
ពេលឃើញកូនបញ្ចេញអាកប្បកិរិយាព្រហើនកោងកាច ម៉ាក់ប៉ាត្រូវព្យាយាមទប់អារម្មណ៍ខ្លួនឯង រួចសួរកូនពីហេតុផលដែលធ្វើឱ្យកូនបញ្ចេញឫកពារមិនសមរម្យ។ បន្ទាប់មកម៉ាក់ប៉ាអាចលួងលោមកូន ជួយដោះស្រាយបញ្ហាឱ្យកូនដោយយុត្តិធម៌ ឬពន្យល់ហេតុផលប្រាប់កូន។
អត្ថបទគួរអាន៖
- ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច
- កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ
- ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ
- ម៉ាក់ប៉ាមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន
- មិនចង់ឲ្យកូនធំឡើងកោងកាច ម៉ាក់ប៉ាកុំធ្វើរឿងទាំងនេះនៅមុខកូន
- បើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
ចំណុចសំខាន់
- កំហឹង ឬភាពច្រណែន
- ការខកចិត្ត
- បរិយារស់នៅ
- បង្រៀនកូនបញ្ចេញអារម្មណ៍
- បង្វែរអារម្មណ៍កូន
- ផ្តល់ជម្រើសដល់កូន
- ឱ្យកូននៅស្ងៀមស្ងាត់ម្នាក់ឯងមួយភ្លែត
- សរសើរកូន