កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំងអាចបង្កឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារមានជំងឺនេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ?
លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារជាតិបានឱ្យដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖
– អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក
– របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែកដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយមិនបានបន្ថែមបន្លែ ត្រី សាច់ត្រឹមត្រូវ
– ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប
– ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់គ្រប់គ្រឿង
– ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន
– ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅប្រើប្រាស់ទេដែលបណ្តាលឱ្យខ្វះជាតិដែក
– ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏បណ្តាលឱ្យជាតិដែកថយចុះដែរ
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ការធ្វើរោគវិនិច្ឆ័យ
បើម៉ាក់ប៉ាសង្កេតឃើញកូនមានអាការៈស្លេកស្លាំង ម៉ាក់ប៉ាអាចនាំកូនមកពិគ្រោះជាមួយគ្រូពេទ្យ។ គ្រូពេទ្យនឹងធ្វើការពិនិត្យគ្រាប់ឈាមបន្ថែមដោយពិនិត្យលើចំណុចដូចខាងក្រោម៖
- កម្រិតហេម៉ូក្លូប៊ីនក្នុងឈាម៖ ថយចុះ
- ទំហំគ្រាប់ឈាមក្រហម (MCV) ៖ តូចជាងធម្មតា
- ពណ៌របស់គ្រាប់ឈាមក្រហម (MCHC) ៖ ស្លេកជាងធម្មតា
- កម្រិតជាតិដែកក្នុងឈាម (Serum Iron) ៖ ថយចុះ
- ជាតិដែកស្តុកទុក (Ferritin) ៖ ថយចុះ
- និងអាចធ្វើតេស្ត TIBC ឬ transferrin បន្ថែម ៖ កើនឡើង
[embed-health-tool-vaccination-tool]
២. វិធីព្យាបាល
ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារអាចព្យាបាលតាមរយៈ៖
ក. កែប្រែរបបអាហារ
បើកុមារមានអាយុលើសពី ៦ ខែ ម៉ាក់ប៉ាត្រូវឱ្យកុមារញុំាបបរខាប់គ្រប់គ្រឿង ហើយបើចង់ឱ្យកូនញុំាទឹកដោះគោក្រដាស ទាល់តែកូនអាយុលើស ១ ខួប ហើយក្នុងមួយថ្ងៃមិនត្រូវឱ្យកូនញុំាលើសពី ៣០០ មិល្លីលីត្រទេ។
ម្យ៉ាងទៀត ចំណីអាហារកូនត្រូវតែមានជាតិដែកដែលសម្បូរនៅក្នុងសាច់ក្រហម ថ្លើម បន្លែបៃតង សណ្តែក ទំពាំងបាយជូរក្រៀមជាដើម។ បើម្តាយបំបៅដោះ ម្តាយត្រូវញុំាចំណីអាហារដែលមានជាតិដែកគ្រប់គ្រាន់។
ខ. ញុំាថ្នាំជាតិដែក
គ្រូពេទ្យអាចឱ្យកុមារញុំាថ្នាំជាតិដែកទៅតាមគីឡូកុមារក្នុងរយៈពេល ៣ ទៅ ៥ ខែ ហើយម៉ាក់ប៉ាត្រូវព្យាយាមឱ្យកូនញុំាថ្នាំឱ្យបានចូល និងទៀងទាត់ព្រោះថ្នាំជាតិដែកអាចពិបាកញុំា អាចក្រពុលដែលអាចធ្វើឱ្យកុមារក្អួតមកវិញ។
គ. ចាក់ថ្នាំជាតិដែកចូលតាមសរសៃ
បើកុមារញុំាថ្នាំជាតិដែកមិនបាន ដាក់ទៅចេះតែក្អួត ឬមានបញ្ហាពោះវៀនដែលពិបាកស្រូបសារធាតុចិញ្ចឹម គ្រូពេទ្យអាចចាក់ថ្នាំជាតិដែកចូលតាមសរសៃវិញក្នុងមួយសប្តាហ៍ម្តងរយៈពេល ៤ សប្តាហ៍។
ឃ. បញ្ចូលឈាម
បើកុមារស្លេកស្លាំងដោយសារខ្វះជាតិដែកធ្ងន់ធ្ងរ ហើយគ្រាប់ឈាមក្រហមធ្លាក់ក្រោម ៤ គ្រូពេទ្យនឹងបញ្ចូលឈាមភ្លាមៗឱ្យកុមារដើម្បីស្តារមុខងារបេះដូង ឬជួយឱ្យកុមារលូតលាស់បានល្អមកវិញ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកលើកុមារអាចព្យាបាលជា តែត្រូវមានការសហការពីអាណាព្យាបាលដោយកែប្រែរបបអាហាររបស់កុមារ បូករួមនឹងការប្រើថ្នាំឱ្យបានទៀតទាត់។
អត្ថបទគួរអាន៖
- ជាតិដែករាងកាយកូនត្រូវការទៅតាមវ័យ ម៉ាក់ៗគួរដឹង
- ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ
- ទឹកដោះគោស្រស់ល្អចំពោះកូន តែខ្វះជាតិរ៉ែនេះមួយ អាចបង្កជាជំងឺដល់អាអូនវិញ
- កង្វះជាតិដែក អាចបណ្ដាលឲ្យក្មេងគេងមិនលក់?
- អ្នកខ្វះគ្រាប់ឈាមក្រហម អាចសាកល្បងអាហារទាំង ៣ប្រភេទនេះ
- ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ