backup og meta

ដុំសាច់ក្នុងពោះវៀន ជាសាច់កាច ឬសាច់ស្លូត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    ដុំសាច់ក្នុងពោះវៀន ជាសាច់កាច ឬសាច់ស្លូត?

    ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ​ (colon polyp) គឺ​ជា​ដុំ​តូច​មួយ​​របស់​កោសិកា​ដែល​តោង​ជាប់​នៅ​ជញ្ជាំង​ពោះ​វៀន។ ដុំ​សាច់​ក្នុង​ពោះ​វៀន​ ភាគ​ច្រើន​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ ប៉ុន្តែ​ដុំ​សាច់​មួយ​ចំនួន​ កើត​មាន​ក្នុង​រយៈពេល​យូរ​អាច​វិវដ្ដ​ទៅ​ជា​មហារីក ​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ បើ​រក​ឃើញ​​នៅ​ដំណាក់​កាល​ចុង​ក្រោយ​។

    អ្នក​ណា​ក៏​អាច​កើត​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន​ដែរ ប៉ុន្តែ​ក្រុម​មនុស្ស​មួយ​ចំនួន​ដូច​ជា​អ្នក​មាន​វ័យ​ ៥០​ឆ្នាំ​ឡើង អ្នក​លើស​ទម្ងន់ អ្នក​ជក់​បារី ឬ​អ្នក​មាន​ប្រវត្តិ​គ្រួសារ​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន ឬ​មហារីក​ពោះ​វៀន គឺ​ជា​ក្រុម​មនុស្ស​​ប្រឈម​ខ្ពស់​។

    ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ ជានិច្ចកាល​មិន​បង្ក​ជា​រោគ​សញ្ញា​នោះ​ទេ​។ ការ​ធ្វើ​តេស្ត​រក​មើល​ដុំ​សាច់​ក្នុង​ពោះវៀន​គឺ​ជា​រឿង​ចាំ​បាច់ ព្រោះ​ថា​ការ​រក​ឃើញ​នៅ​ដំណាក់​កាល​ដំបូង​ៗ គ្រូពេទ្យ​អាច​យក​ដុំ​សាច់​នោះ​ចេញ​បាន​អស់ និង​សុវត្ថិ​ភាព​។

    ១. រោគ​សញ្ញា​

    ដោយ​សារ​តែ​អ្នក​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន​ភាគ​ច្រើន​មិន​ចេញ​រោគ​សញ្ញា យើង​អាច​ដឹង​ថា​មាន​បញ្ហា​នេះ​បាន​តាម​រយៈ​តែ​ការ​ធ្វើ​តេស្ត​ពិនិត្យ​ពោះ​វៀន​​ប៉ុណ្ណោះ​។ យ៉ាង​ណា ក៏​មាន​ដែរ អ្នក​មាន​ដុំ​សាច់​ក្នុង​ពោះ​វៀន និង​បាន​បញ្ចេញ​រោគ​សញ្ញា​មួយ​ចំនួន​។

    ឈាម​រន្ធ​គូទ៖ ឈាម​នៅ​រន្ធ​គូថ អាច​ជា​សញ្ញា​នៃ​ដុំ​សាច់​ក្នុង​ពោះ​វៀន ឬ​ជំងឺ​មហារីក ឬ​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដូចជា​ជំងឺ​ឫសដូងបាត ឬ​ការ​ដាច់​រហែក​តិច​តូច​នៅ​រន្ធ​គូថ​។​

    លាមក​ប្រែ​ពណ៌៖ ឈាម​ អាច​ធ្វើ​ឲ្យ​លាមក​ប្រែជា​ក្រហម ឬ​អាច​ប្រែជា​ក្រមៅ។ ការ​ប្រែ​ប្រួល​នេះ​ក៏​អាច​កើត​ចេញ​ពី​អាហារ ថ្នាំពេទ្យ ឬ​អាហារ​បំប៉ន​ណា​មួយ​ដែរ​។

    ​ប្រែ​ប្រួល​ទម្លាប់​បត់ជើង​ធំ៖ បញ្ហា​ទល់​លាមក ឬ​រាក ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​យូរ​ជាង​មួយ​សប្ដាហ៍​អាច​បញ្ជាក់​ពី​វត្តមាន​របស់​ដុំ​សាច់​ក្នុង​ពោះ​វៀន​ ឬ​ជំងឺ​មហារីក​ដែរ​។ យ៉ាងណា បញ្ហា​សុខ​ភាព​ជាច្រើន​ផ្សេង​ទៀត ក៏​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​ទម្លាប់​បត់ជើង​ធំ​នេះ​ដែរ​។​​

    ឈឺ​ចាប់​៖ ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ ក៏​អាច​ធ្វើឲ្យ​ស្ទះ​លាមក​មិន​អាច​បញ្ចេញ​មក​ក្រៅ​អស់ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ឈឺ​ចុក​រមួល​ពោះ​បាន​ដែរ​។​

    ស្លេក​ស្លាំង​ខ្វះ​ជាតិ​ដែក​៖ ការ​ហូរ​ឈាម​តិច​តួច​ពី​ដុំ​សាច់​អាច​កើត​មាន​ឡើង​យឺត​ៗ​ក្នុង​រយៈពេល​យូរ ដោយ​យើង​មិន​អាច​ទាំង​មើល​ដឹង​ថា​មាន​ឈាម​ក្នុង​លាមក​ផង​។ ការ​ហូរ​ឈាម​រ៉ាំរ៉ៃ​អាច​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ដែក​ដែល​រាង​កាយ​ត្រូវ​ការ ​ដើម្បី​ផលិត​កោសិកា​ឈាម​ក្រហម​ដឹក​នាំ​អុកស៊ីសែន​ទៅ​កាន់​រាង​កាយ​ទាំង​មូល​។ ជា​លទ្ធផល បញ្ហា​ស្លេក​ស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង និង​ហត់​ដង្ហក់​។​

    ដុំសាច់ក្នុងពោះវៀន

    ២. ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

    គ្នា​យើង​គួរ​ទៅ​ជួប​ពេទ្យ​បើសិនជា៖

    • ឈឺ​ក្នុង​ពោះ
    • មាន​ឈាម​ក្នុង​លាមក
    • លាមក​ប្រែ​ប្រួល រាក ឬ​ទល់​លាមក​យូរ​ជាង​មួយ​សប្ដាហ៍​។

    ដូច​គ្នា​យើង​គួរ​ពិនិត្យ​រក​ដុំសាច់​ក្នុង​ពោះ​វៀន​ឲ្យ​បាន​ទៀង​ទាត់​បើ​សិន៖

    • មាន​វ័យ​៥០​ឆ្នាំ​ឡើង
    • ជា​មនុស្ស​មាន​កត្តា​ប្រឈម​ខ្ពស់ ដូច​ជា​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​ពោះ​វៀន​ធំ។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Nov 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម