មិនថាសម័យណានោះ រឿងដែលម៉ាក់ប៉ាខ្វាយខ្វល់មុនគេ គ្មានអ្វីក្រៅភាពឆ្លាតវៃរបស់កូននោះទេ ម្នាក់ៗប្រាថ្នាចង់បានតែកូនមានសុខភាព ហើយឆ្លាត។ តើធ្វើម៉េចដើម្បីឲ្យឆ្លាត សុខភាពក្រពះពោះវៀនកូនមិនល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាចជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាលកូនទេ?
កូនឆ្លាតទៅបានអាស្រ័យលើកត្តាច្រើន ដូចជារបបអាហារ កត្តាហ្សែន ស្ថានភាពសុខភាព និងបរិស្ថានរស់នៅជុំវិញជាដើម។ ជាពិត សុខភាពក្រពះពោះវៀនកូនមិនល្អ អាចជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាលពួកគេ ធ្វើឲ្យការបឺតស្រូបយកសារធាតុចិញ្ចឹមមួយចំនួន (គេនិយមហៅថា micro-nutrient) ដែលមានតួនាទីជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់ក្មេង បណ្ដាលឲ្យលូតលាស់ខួរក្បាលរបស់ក្មេងមិនបានល្អប្រក្រតីនោះទេ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ។ “កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់”។
ធ្វើម៉េចទើបដឹងថា ក្រពះពោះវៀនកូនមានសុខភាពល្អ?
កាលណាក្រពះពោះវៀនក្មេងមានសុខភាពល្អ មានន័យថា ពួកគេស្រួលគេង ស្រួលញ៉ាំ មិនសូវឈឺ រីករាយស្រស់ថ្លា ចូលចិត្តលេង ហើយក្នុងនោះម៉ាក់ប៉ាអាចសម្គាល់បានតាមរយៈប៉ុន្មានចំណុចខាងក្រោមនេះ។
១. កូនគ្មានបញ្ហាប្រព័ន្ធរំលាយអាហារ
បើកូនយើងមិនសូវមានបញ្ហារាករូស ទល់លាមក ឬហើមពោះនោះមានន័យថា ប្រព័ន្ធរំលាយអាហារពួកគេដំណើរការបានល្អ មិនចាំបាច់បារម្ភច្រើននោះទេ។
២. កូនរីករាយគ្រប់ពេល
ស្នាមញញឹម និងភាពរីករាយរបស់កូន ជាសញ្ញាបញ្ជាក់ថា កូនមានសុខភាពល្អហើយ ចំណែក ប្រព័ន្ធរំលាយអាហារវិញក៏ធ្វើការបានល្អដែរ គ្មានបញ្ហាចោទនោះទេ។
៣. បន្ទោរបង់ទៀងទាត់
កាលណាក្រពះពោះវៀនកូនល្អ ពេលញ៉ាំអ្វីទៅមិនធ្វើឲ្យហើម ចុក ឬឆ្អល់ពោះនោះទេ បើងាកមកមើលការបន្ទោបង់ក៏ទៀងទាត់ដែរ លាមកមិនរឹង ឬរាកនោះទេ។
៤. មានរបងការពារពីធម្មជាតិរឹងមាំ
ក្រពះពោះវៀនល្អប្រៀបបាននឹងទ័ពស្រួចនោះដែរ កាលណាមានរបងការពាររឹងមាំ ទោះជាមេរោគ បាក់តេរីមិនល្អវាយលុកយ៉ាងណាក៏មិនអាចបំផ្លាញបានទេ។ ប្រព័ន្ធរំលាយអាហារក្មេងៗអាចលូតលាស់រឹងមាំទៅបាន ដោយសម្របខ្លួនទៅនឹងបាក់តេរីល្អ និងអាក្រក់។
៥. ពោះវៀនសម្បូរដោយបាត់តេរីល្អ
បាក់តេរីល្អក្នុងពោះវៀន មានតួនាទីប្រយុទ្ធទប់ទល់នឹងបាត់តេរីមិនល្អ និងជារនាំងការពារក្មេងៗពីជំងឺជាច្រើនមុខ។
ដូច្នេះហើយក្រពះពោះវៀនមានសុខភាពល្អពិតជាផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពទូទៅ និងការអភិវឌ្ឍផ្សេងៗ។ ដើម្បីឲ្យក្រពះពោះវៀនមានសុខភាពល្អ ម៉ាក់គួរឲ្យកូនផឹកទឹកឲ្យច្រើន អាចជាទឹកស្អាត ទឹកសម្ល ឬទឹកផ្លែឈើ ត្រូវឲ្យកូនធ្វើសកម្មភាពឲ្យបានច្រើន សំខាន់ជាងនោះទៀតគួរផ្តល់អាហារដែលមានជាតិសរសៃខ្ពស់ ដូចជា បន្លែ ផ្លែឈើ ជាដើម។
[embed-health-tool-vaccination-tool]