backup og meta

តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ

តិចនិកដោះស្រាយបញ្ហាកូនក្ដៅខ្លួន មុននាំទៅមន្ទីរពេទ្យ

បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ​គឺ​អាការៈ​ក្ដៅ​ខ្លួន។ ពេល​​ឃើញ​កូន​ក្ដៅ​ខ្លួន​ប៉ា​ម៉ាក់​ពិត​ជា​មាន​អារម្មណ៍​ភ័យ​មិន​ខាន ប៉ុន្តែ​អាការៈ​ក្ដៅ​ខ្លួន​អាច​នឹង​បាត់​ទៅ​វិញ​នៅ​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​បន្ទាប់​។ បើ​សិន​ជា​កូន​មិន​ក្ដៅ​ខ្លួន​ខ្លាំង​ទេ ជំនួស​ឲ្យ​ការ​យក​កូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ម៉ាក់​ៗ​អាច​សាក​ល្បង​វិ​ធី​សាស្រ្ត​នៅ​ផ្ទះ​មួយ​ចំនួន​សម្រាប់​ដោះ​ស្រាយ​បញ្ហា​នេះ​។

វិធី​សាស្រ្ត​ដោះ​ស្រាយ​បញ្ហា​កូន​ក្ដៅ​ខ្លួន​នៅ​ផ្ទះ​

អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខ​ភាព​ទូ​ទៅ​មួយ​របស់​កុមារ ហើយ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​បញ្ជូន​កូន​ទៅ​ជួប​គ្រូពេទ្យ​ដែរ បើ​កម្ដៅ​កូន​ឡើង​ដល់​ចន្លោះ​ពី​៣៨​អង្សា ទៅ​៣៩​អង្សា​។ ប៉ុន្តែ​បើ​កម្ដៅ​ខ្លួន​កូន​ឡើង​លើស​ពី​៣៩​អង្សា​ ឬ​កូន​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ប៉ាម៉ាក់​ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។

ពេល​ក្មេង​ក្ដៅ​ខ្លួន រាង​កាយ​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​។ ការ​ឡើង​កម្ដៅ​ក្នុង​ខ្លួន​នេះ ជា​យន្ត​ការ​មួយ​របស់​រាង​កាយ​ក្នុង​ការ​សម្លាប់​មេរោគ ឬ​បាក់តេរី​។ យ៉ាង​​ណា ពេល​ឃើញ​កូន​ក្ដៅ​ខ្លួន មិន​ស្រួល​ក្នុង​ខ្លួន​បែប​នេះ ម៉ាក់​ប៉ា​ពិត​ជា​មិន​ស្រួល​ចិត្ត​នោះ​ទេ​។ ខាង​ក្រោម​នេះ​ជា​តិចនិក​ថែ​ទាំ​កូន​នៅ​ផ្ទះ​ពេល​កូន​ក្ដៅ​ខ្លួន​។

១. រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​

ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺ​ជា​រឿង​សំខាន់ ជា​ពិសេស​ពេល​កូន​ក្ដៅ​ខ្លួន​។ ពេល​រាង​កាយ​ឡើង​កម្ដៅ នៅ​រាង​កាយ​ក៏​ងាយ​នឹង​បាត់​បង់​ជាតិ​ទឹក​ដែរ​។ បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​ក្មេង​ជួប​បញ្ហា​ខ្វះ​ជាតិទឹក​បាន​យ៉ាង​ឆាប់​រហ័ស​។​​ ហេតុ​ដូច​នេះ​ហើយ ប៉ា​ម៉ាក់​ត្រូវ​ព្យាយាម​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ញឹក​ញាប់​។​

ប៉ុន្តែ​ប៉ា​ម៉ាក់​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ទឹក ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ ដូច​ជា​តែ​នោះ​ទេ ព្រោះ​ជាតិ​កាហ្វេ​អ៊ីន​អាច​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ទៅ​វិញ​។ យ៉ាងណា ប៉ា​ម៉ាក់​ អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ត្រជាក់​ៗ​បាន​ដែរ ព្រោះ​ថា​ទឹក​ត្រជាក់​ក៏​អាច​រួម​ចំណែក​កាត់​បន្ថយ​ផល​រំខាន​របស់​អាការៈ​ក្ដៅ​ខ្លួន​នេះ​ដែរ​។​

២. ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​

វិធី​សាស្រ្ត​មួយ​ទៀត​​ដើម្បី​កាត់​បន្ថយ​កម្ដៅ​ខ្លួន​កូន​នោះ​គឺ​កូត​ទឹក​ឲ្យ​កូន​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ចៀស​វាង​កូន​ទឹក​មាន​សីតុណ្ហភាព​ត្រជាក់​ឲ្យ​កូន ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ញ័រ​ខ្លួន ដោយសារ​តែ​រាងកាយ​អាច​ប្រឹង​បង្កើន​កម្ដៅ​បន្ថែម​ទៀត​។

បើ​សិន​ជា​កូន​មិន​ចង់​ងូត​ទឹក​ ក៏​មិន​ជា​បញ្ហា​អ្វី​ដែរ ម៉ាក់​ៗ​នៅ​អាច​ប្រើ​កន្សែង​​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជូត​ខ្លួន​ឲ្យ​កូន​បាន​ដែរ​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​កូន​ស្រួល​ខ្លួន ​និង​អាច​ជួយ​​បន្ថយ​អាការៈ​ក្ដៅ​ខ្លួន​ផង​ដែរ​។​​​

[embed-health-tool-baby-poop-tool]

កូនក្ដៅខ្លួន

៣. ជ្រលក់​កន្សែង​​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដាក់​លើ​ថ្ងាស និង​ក្លៀក​

ការ​ដាក់​កន្សែង​ជ្រលក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​លើ​ថ្ងាស និង​ក្លៀក ក៏​ជា​វិធី​សាស្រ្ត​មួយ​ជួយ​បញ្ចុះ​កម្ដៅ​កូន​ផង​ដែរ​។ ការ​ធ្វើ​ដូច​នេះ ជា​វិធី​សង្គ្រោះ​បឋម​មួយ​សម្រាប់​ក្មេង​ក្ដៅ​ខ្លួន ដែល​ប៉ា​ម៉ាក់​ៗ​ទាំង​ឡាយ​តែង​​ធ្វើ​។ យ៉ាងណា ម៉ាក់​ៗ​មិន​គួរ​យក​កន្សែង​ជ្រលក់​នឹង​ទឹក​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ដាក់​លើ​កូន​នោះ​ទេ អាច​ធ្វើ​ឲ្យ​រាង​កាយ​កាន់​តែ​ឡើង​កម្ដៅ​។

៤. ឲ្យ​កូន​សម្រាក​

ស្ថាន​ភាព​សុខ​ភាព​ក្មេង​ខុស​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ក្មេង​ខ្លះ​អាច​ក្ដៅ​ខ្លួន​ព្រោះ​តែ​អស់​កម្លាំង​ពេក​។ ក្នុង​នាម​ជា​ប៉ាម៉ាក់ ​ត្រូវ​ប្រាកដ​​ថា​កូន​បាន​សម្រាក​គ្រប់​គ្រាន់ រហូត​អាការៈ​ក្ដៅ​ខ្លួន​បាន​ធូរ​ស្បើយ​។​ ដូច​គ្នា​ដែរ ម៉ាក់​ៗ គួរ​ស្លៀក​ពាក់​ឲ្យ​កូន​នូវ​សម្លៀក​បំពាក់​ស្ដើង​ៗ និង​មិន​រឹប​តឹង​។ សម្លៀក​បំពាក់​ក្រាស់​ៗ​ពេក​អាច​នឹង​ធ្វើ​ឲ្យ​កម្ដៅ​ក្នុង​ខ្លួន​កើន​ឡើង​។​​

ក្រៅ​ពី​តិចនិក​ទាំង​បួន​ខាង​លើ​ម៉ាក់ៗ​ក៏​អាច​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​មួយ​ចំនួន តែ​យក​ល្អ​មុន​នឹង​ប្រើ​ប្រាស់​គួរ​សាក​សួរ​គ្រូពេទ្យ ឬ​ឱសថ​ការី​ជាមុន​។ បើ​កូន​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ហើយ​នៅ​តែ​​មិន​ថយ​កម្ដៅ​ទៀត​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Treating a Fever Without Medicine, https://www.healthychildren.org/English/health-issues/conditions/fever/Pages/Treating-a-Fever-Without-Medicine.aspx,

Fever in Children, https://www.stanfordchildrens.org/en/topic/default?id=fever-in-children-90-P02512,

Fevers, https://kidshealth.org/en/parents/fever.html

កំណែ​ប្រែបច្ចុប្បន្ន

11/04/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតរលាកថ្លើមប្រភេទ A

រាល់ពេលកូនក្ដៅខ្លួន ម៉ាក់ប៉ាងាកសុលគូទៗ អាចប៉ះពាល់ដល់អាអូនអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 11, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម