អំឡុងពេលនេះគឺយើងនៅផ្ទះច្រើនជាងចេញទៅក្រៅ សូម្បីតែការធ្វើការក៏ធ្វើការពីផ្ទះដែរ។ ពេលខ្លះយើងអាចនឹងធ្វើការនៅលើតុបាយ ឬកន្លែងណាមួយនៅក្នុងផ្ទះដើម្បីធ្វើកិច្ចការផ្សេងៗដោយមិនជាក់លាក់។ ប៉ុន្តែដើម្បីធ្វើការពីផ្ទះដោយមានផលិតភាពដូចពេលធ្វើការនៅការិយាល័យ យើងអាចអនុវត្តប៉ុន្មានចំណុចនេះ។
១. ជ្រើសរើសកន្លែងធ្វើការ
សម្រាប់ការជ្រើសរើសកន្លែងធ្វើការ យើងមិនចាំបាច់ប្រើបន្ទប់ដើម្បីធ្វើជាកន្លែងធ្វើការទេ។ យើងអាចជ្រើសរើសរៀបចំនៅតុបាយ ឬកន្លែងណាមួយដែលមិនមានការរំខាន។ យើងអាចរៀបចំកន្លែងធ្វើការរបស់យើងឲ្យដូចនឹងតុធ្វើការនៅការិយាល័យរបស់យើងដែរ។ ម៉្យាងទៀត យើងអាចជ្រើសរើសតុ ឬកៅអីដែលមានផាសុកភាពអំឡុងពេលធ្វើការ។ បន្ថែមពីនេះទៀត កន្លែងធ្វើការរបស់យើងមិនគួរមានរបស់របររញ៉េរញ៉ៃទេ។ ការរៀបចំកន្លែងធ្វើការឲ្យស្រលះអាចជួយយើងក្នុងការផ្ចង់អារម្មណ៍ធ្វើការបានល្អ។
២. រៀបចំខ្លួនសម្រាប់ធ្វើការ
មនុស្សចំនួនគិតថាការធ្វើការពីផ្ទះមានន័យថាយើងអាចអង្គុយធ្វើការដោយពាក់សម្លៀកបំពាក់គេងយប់ ឬអង្គុយធ្វើការផងមើលទូរទស្សន៍ផង។ ប៉ុន្តែយើងគួររៀបចំឲ្យដូចធ្វើការនៅការិយាល័យទើបល្អ។ យើងអាចបន្តទម្លាប់ពេលព្រឹករបស់អ្នកដូចពេលទៅធ្វើការដោយផ្លាស់សម្លៀកបំពាក់ឲ្យសមរម្យ តែមិនចាំបាច់ស្លៀកពាក់ផ្លូវការទេ ញ៉ាំអាហារពេលព្រឹក ឬផឹកកាហ្វេមុននឹងចាប់ផ្ដើមធ្វើការ។ នៅពេលដែលយើងអាចរៀបចំផែនការការងារបានល្អ នោះអាចជួយយើងក្នុងការបំពេញកិច្ចការបានល្អដូចគ្នា។
៣. កំណត់ពេលធ្វើការ
ការកំណត់ពេលធ្វើការគឺជារឿងសំខាន់ណាស់។ យើងអាចកំណត់ពេលចាប់ផ្តើម ពេលសម្រាក និងពេលឈប់ធ្វើការរបស់យើងតាមដែលយើងចូលចិត្ត ឬអនុវត្តតាមម៉ោងធ្វើការនៅកន្លែងធ្វើការរបស់យើង។ ការកំណត់ពេលវេលានេះអាចជួយដល់កិច្ចការរបស់យើង និងមិនមានអ្វីមករំខានយើងពេលកំពុងធ្វើការ។ ឧទាហរណ៍បើយើងធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ យើងអាចបែងចែកពេលធ្វើការជាបីដោយធ្វើការម្តង៣ម៉ោង ២ម៉ោង និង៣ម៉ោងហើយចន្លោះម៉ោងនោះអាចសម្រាក ឬទៅធ្វើកិច្ចការផ្សេងៗ។ គួរបញ្ចាក់ផងដែរថា យើងមិនគួរធ្វើកិច្ចការផ្សេងក្នុងម៉ោងធ្វើការដែលយើងកំណត់ទេ។
ពេលធ្វើការយើងអាចបើកបង្អួចដើម្បីឲ្យមានពន្លឺចេញចូល បើសិនជាទិដ្ឋភាពខាងក្រៅបង្អួចរបស់យើងមិនមានផ្តល់ការរំខានដល់យើង។ យើងក៏អាចបិទបង្អួច និងបើកភ្លើងក្នុងផ្ទះបានជំនួសឲ្យការបើកបង្អួច។ វាជាការល្អដែលកន្លែងធ្វើការរបស់មានពន្លឺភ្លើងគ្រប់គ្រាន់។
៥. បន្ថយការរំខាន
ប្រសិនជាការងាររបស់យើងភាគច្រើនធ្វើនៅលើកុំព្យូទ័រ យើងគួរដឹងពីផលរំខានពីអ៊ីនធើណេត។ យើងអាចប្រើប្រាស់បណ្ដាញសង្គមអំឡុងពេលធ្វើការ។ យើងគួរប្រើប្រាស់មុនពេលធ្វើការ ឬពេលសម្រាក ហើយអំឡុងពេលធ្វើការ គួរបិទវិបសាយដែលមិនទាក់ទងនឹងការងារ។ ការធ្វើបែបនេះអាចជួយឲ្យយើងបំពេញការងារបានយ៉ាងល្អ។ ម៉្យាងទៀតយើងមានផែនការការងារហើយ យើងគួរបំពេញកិច្ចការទាំងនោះនៅថ្ងៃដែលកំណត់។ យកល្អកុំគិតថាយើងអាចធ្វើនៅថ្ងៃស្អែកព្រោះនេះអាចក្លាយជាទម្លាប់ដែលយើងរុញការងារទៅថ្ងៃបន្ទាប់ជាបន្តបន្ទាប់។
៦. ដឹងពេលឈប់ធ្វើការ
ចំណុចសំខាន់ពេលធ្វើការពីផ្ទះគឺដឹងពេលឈប់ធ្វើការដែលនេះយើងអាចកំណត់បាន។ ការធ្វើបែបនេះអាចជួយដល់ផ្លូវចិត្តរបស់យើងព្រោះយើងរក្សាតុល្យភាពរវាងពេលធ្វើការ និងពេលសម្រាក។ ម៉្យាងទៀត នេះអាចជួយដល់យើងមិនឲ្យធ្វើការច្រើនហួសកំណត់។
៧. ថែសុខភាព
ការថែសុខភាពក៏ជាផ្នែកមួយនៃការជួយដល់ការធ្វើការឲ្យមានប្រសិទ្ធភាពដែរ។ ហេតុនេះហើយយើងត្រូវញ៉ាំអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងអាហារសម្រន់ដែលជួយដល់សុខភាព។ បន្ថែមពីនេះទៀត យើងអាចរក្សាទំនាក់ទំនងជាមួយអ្នកដទៃដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕