បាក់បែកឆ្អឹងកម្រិតណា ទើបតម្រូវឱ្យវះកាត់?
ភាគច្រើនការបាក់បែកឆ្អឹងនៅក្នុងប្រទេសកម្ពុជាយើងបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ការបាក់ឆ្អឹងខ្លះតម្រូវឱ្យអប ឯការបាក់បែកឆ្អឹងខ្លះទៀតតម្រូវឱ្យមានការវះកាត់ដើម្បីតឆ្អឹងឡើងវិញ។ ចុះការបាក់បែកឆ្អឹងប្រភេទណាតម្រូវឱ្យមានការវះកាត់? ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ម៉េង សុខ ឯកទេសវះកាត់ឆ្អឹង និងប្តូរសន្លាក់ នៅគ្លីនិក លឹម តាំង បានឱ្យដឹងថា ការបាក់បែកឆ្អឹងដែលទាមទារការវះកាត់គឺការបាក់បែកឆ្អឹងដែលអាចរំខានដល់មុខងាររបស់អវយវៈដែលបាក់នោះ។ មានន័យថា ប្រសិនការបាក់បែកនោះគ្រាន់តែប្រេះ ឬស្រាំ តែរូបរាងឆ្អឹងនៅដដែល នោះមិនទាមទារឱ្យមានការវះកាត់ឡើយ។ រីឯការបាក់ឆ្អឹងដែលធ្វើឱ្យឆ្អឹងផ្លាស់ទី ផ្លាស់ប្ដូររូបរាង ធ្វើឱ្យការតឆ្អឹងវិញអត់ជាប់ ឬរំខានដល់មុខងារអវយវៈត្រូវទាមទារឱ្យមានការវះកាត់។ បើមិនដូច្នោះទេអវយវៈដែលបាក់នោះនឹងមិនមានមុខងារទេ គឺស្មើនឹងពិការភាព។ តើការព្យាបាលការបាក់បែកឆ្អឹងមានដំណាក់កាលអ្វីខ្លះ? គោលដៅក្នុងការព្យាបាលការបាក់បែកឆ្អឹងគឺធ្វើយ៉ាងម៉េចឱ្យឆ្អឹងដែលព្យាបាលហើយជាប់គ្នា និងមានមុខងារឡើងវិញ។ វេជ្ជបណ្ឌិតឯកទេសឆ្អឹងនឹង៖ តម្រៀបឆ្អឹងដែលបាក់ឱ្យចូលសណ្ឋានដើមវិញ៖ បើឆ្អឹងរបស់អ្នកជំងឺត្រង់ គ្រូពេទ្យត្រូវតែតម្រង់ឆ្អឹងដែលបាក់ឱ្យត្រង់វិញ ហើយត្រូវដាក់ឱ្យត្រូវត្រេដែលបាក់។ ត្រូវឱ្យឆ្អឹងមានលំនឹង៖ គ្រូពេទ្យអាចចាប់ជាមួយដែកទៅតាមប្រភេទបាក់របស់ឆ្អឹងដើម្បីឱ្យឆ្អឹងនឹង រួចអបពីក្រៅ ហើយចាំឱ្យឆ្អឹងដុះសិន។ ដោះការអបចេញ៖ រយៈពេលនៃការអបយូរបំផុតគឺត្រឹមតែ ១-១ខែកន្លះទេ ព្រោះបើអបលើសនឹងធ្វើឱ្យសរសៃជុំវិញសន្លាក់កន្លែងដែលបាក់នោះរឹង ដូច្នេះឆ្អឹងអាចជាប់តែសន្លាក់ផ្សេងៗទៀតរឹងអស់ទៅហើយ នឹងប្រើការលែងកើត។ ធ្វើឱ្យឆ្អឹងមានចលនា៖ គ្រូពេទ្យឯកទេសធ្វើចលនានឹងណាត់អ្នកជំងឺមកធ្វើចលនារហូត ដើម្បីតាមដានការរីកចម្រើនរបស់អ្នកជំងឺ និងរកមុខងារដើមរបស់ឆ្អឹងមុនគ្រោះថ្នាក់ត្រលប់មកវិញ។ ចុះយើងអាចសម្គាល់ការបាក់បែកឆ្អឹងតាមវិធីណា? ប្រសិនជាឆ្អឹងបាក់ហើយលៀនចេញក្រៅ យើងស្រួលសង្កេតទេ។ តែបើក្នុងករណីផ្សេង យើងអាចសង្កេតឃើញអាការៈជុំវិញតំបន់ឆ្អឹងដែលបាក់ដូចខាងក្រោម៖ ហើម ឬជាំឈឺចាប់ខ្លាំង ពិបាកកម្រើក/កម្រើកមិនបាន កោង រមួល ឬខ្លីជាងធម្មតា លឺសំឡេងឆ្អឹងកកិតគ្នា យើងត្រូវធ្វើដូចម្ដេចដើម្បីឱ្យឆ្អឹងដុះជាប់គ្នាវិញលឿន? ញុំាអាហារដែលសម្បូរទៅដោយកាល់ស្យូម និងវីតាមីន D ព្រោះល្អចំពោះសុខភាពឆ្អឹង និងជួយបង្កើនល្បឿនជាសះស្បើយ។ អាហារទាំងនោះរួមមាន ផលិតផលទឹកដោះ បន្លែពណ៌បៃតងចាស់ ស៊ុត…។ ជៀងវាងការជក់ […]