brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

ជំងឺទឹកនោមផ្អែមប្រភេទ ២ មិនមែនកើតតែលើមនុស្សចាស់ទេ មនុស្សញវ័យ ក្មេងជំទង់ និងកុមារក៏អាចកើតជំងឺនេះដែរ។ ការកើនឡើងនៃចំនួនកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺបណ្តាលមកពីជំងឺធាត់។ ការញុំាជាតិស្ករច្រើនអាចបណ្តាលឱ្យកុមាធាត់លើសគីឡូដែលជា មូលហេតុចម្បងបង្កឱ្យកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២។ តើក្នុងមួយថ្ងៃកុមារអាចញុំាជាតិស្ករប៉ុន្មាន ទើបមិនប្រឈមហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

កុមារគួរញុំាជាតិស្ករប៉ុន្មានទើបមិនប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ ២?

លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ឌិតអុីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានលើកឡើងថា ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ជាភ្នំពេញបានធ្វើរោគវិនិច្ឆ័យថ្មី និងទទួលព្យាបាលជំងឺទឹកនោមផ្អែមថ្មីចំនួន ៦១​ ករណី ដែលក្នុងនោះមានកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ មានចំនួន ៥%។ កុមារកើតជំងឺទឹកនោមផ្អែមប្រភេទ ២ គឺពពួកធាត់ ដែលពាក់ព័ន្ធនឹងការញុំារបបអាហារមិនល្អ ជាពិសេសភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំង។

សមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្នុងមួយថ្ងៃកុមារអាយុពី ២ ទៅ ១៨ ឆ្នាំអាចញុំាជាតិស្ករតិចជាង ២៥ ក្រាម (៦ ស្លាបព្រាកាហ្វេ) ហើយក្នុងមួយសប្តាហ៍អាចញុំាភេសជ្ជៈផ្អែមត្រឹម ២៣៧ មីល្លីលីត្រ ព្រោះការញុំាជាតិស្ករលើសកម្រិតអាចបណ្តាលឱ្យកុមារធាត់ដែល បង្កហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ ២។

ជំងឺទឹកនោមផ្អែមប្រភេទ ២ Hello គ្រូពេទ្យ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ធ្វើម៉េចដឹងថាក្នុងភេសជ្ជៈណាមានជាតិស្ករប៉ុន្មានស្លាបព្រាកាហ្វេ?

ដើម្បីដឹងពីកម្រិតជាតិស្ករក្នុងភេសជ្ជៈនីមួយៗ យើងអាចមើលក្នុងតារាងព័ត៌មានអាហារូបត្ថម្ភ ឬជីវជាតិអាហាររបស់ភេសជ្ជៈនោះ រួចធ្វើការគណនា។ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនដាក់បរិមាណជាតិស្ករសរុបក្នុងចំណុះមួយកំប៉ុង ឬដប ប៉ុន្តែសម្រាប់ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងមួយចំនួនទៀត ដាក់តែបរិមាណជាតិស្ករសរុបក្នុងចំណុះ ១០០ មីល្លីលីត្រប៉ុណ្ណោះ។

ជាទូទៅស្ករ ៤,២ ក្រាមស្មើមួយស្លាបព្រាកាហ្វេ តែដើម្បីឱ្យស្រួលគណនា គេកំណត់យកត្រឹម ៤ ក្រាមស្មើមួយស្លាបព្រាកាហ្វេ។ ខាងក្រោមជារូបមន្តសម្រាប់គណនារកចំនួនជាតិស្ករសរុប គិតជាស្លាបព្រាកាហ្វេក្នុងភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងក្នុងចំណុះមួយកំប៉ុង ឬដប។

បរិមាណកម្រិតជាតិស្ករក្នុងចំណុះ ១០០ មីល្លីលីត្រ * ចំណុះសរុប / ៤,២ ក្រាម ឬ ៤ ក្រាម

ឧទាហណ៍៖ ទឹកក្រូចចំណុះ ១០០ មីល្លីលីត្រមានជាតិស្ករ ១០,៥ ក្រាម ចឹងក្នុងទឹកក្រូចមួយកំប៉ុងចំណុះ ៣៣០ មីល្លីលីត្រមានជាតិស្ករសរុបប្រហែល ៨ ស្លាបព្រាកាហ្វេ។

ក្រៅពីភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង អាហារមួយចំនួនដូចជា ស្ករគ្រាប់ បង្អែម នំផ្អែម ការ៉េម ដំណាប់ផ្លែឈើ យ៉ាអួរ ទឹកកកឈូស ទឹកប៉េងប៉ោះ​ ទឹកជ្រលក់បាប៊ីឃ្យូជាដើមក៏មានជាតិស្ករខ្ពស់ដែរ។ ក្រៅពីភេសជ្ជៈកំប៉ុង ឬដប ភេសជ្ជៈដូចជា តែបៃតង តែគុជ ទឹកផ្លែឈើកៀប ទឹកអំពៅ កាហ្វេទឹកដោះគោ ទឹកក្រឡុក ទឹកស៊ីរ៉ូជាដើមក៏មានជាតិស្ករខ្ពស់ដូចគ្នា។

ជំនួសឱ្យកូនញុំាភេសជ្ជៈ និងអាហារផ្អែមៗ ម៉ាក់ប៉ាអាចឱ្យកូនញុំាផ្លែឈើជំនួសវិញ ព្រោះសម្បូរវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលល្អចំពោះសុខភាពកូន។

អត្ថបទគួរអាន៖

ចំណុចសំខាន់

សមាគមបេះដូងអាមេរិក (AHA) បានណែនាំថា ក្នុងមួយថ្ងៃកុមារអាយុពី ២ ទៅ ១៨ ឆ្នាំអាច៖
  • ញុំាជាតិស្ករតិចជាង ២៥ ក្រាម (៦ ស្លាបព្រាកាហ្វេ)
  • ក្នុងមួយសប្តាហ៍អាចញុំាភេសជ្ជៈផ្អែមត្រឹម ២៣៧ មីល្លីលីត្រ
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 13/01/2025