ដូចយើងដឹងស្រាប់ គ្រាន់តែឮទឹកនោមផ្អែម ភ័យខ្លាចបាត់ទៅហើយ កុំថាឡើយចាំទាល់តែកើតនោះ។ បើមិនចង់ប្រឈមហានិភ័យសុខភាពទៅថ្ងៃមុន គួរណាស់យល់ដឹងច្បាស់ ពីជំងឺប្រភេទនេះ ព្រោះអាចជួយបង្ការទុកជាមុន។ ជាធម្មតាជំងឺទឹកនោមផ្អែមមាន ២ ប្រភេទ ខណៈអត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលើកយកជំងឺប្រភេទទី ១ មកបង្ហាញយើងទាំងអស់គ្នា។
ខុសពីជំងឺទឹកនោមផ្អែមប្រភេទ២ ទឹកនោមផ្អែមប្រភេទទី១ ច្រើនកើតមានតាំងពីក្មេងៗ អាយុចន្លោះពី ៤-៧ ឆ្នាំ និង ១០-១៤ ឆ្នាំ និងអត្រាកើតឡើងលើក្មេងជំទង់គឺអាយុ ១៤ ឆ្នាំចុះក្រោម ហើយកើតឡើងពេលលំពែងមិនអាចផលិតអាំងស៊ុយលីនបាន ជាហេតុនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង។
១. មូលហេតុបង្ក
អាំងស៊ុយលីន ជាអ័រម៉ូនផលិតដោយលំពែងដើម្បីបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ដើម្បីចិញ្ចឹមកោសិការាងកាយ។ ពេលលំពែងលែងផលិតអាំងស៊ុយលីន ជាតិស្ករក្នុងឈាមនឹងឡើងខ្ពស់ នាំឲ្យកើតជំងឺទឹកនោមផ្អែម។ ជំងឺនេះអាចទាក់ទង នឹងបម្រែបម្រួលហ្សែន (Genes Mutation) តែយ៉ាងណា កត្តាបរិស្ថានក៏ជាមូលហេតុបង្កចម្បងមួយដូចគ្នា។
[embed-health-tool-bmi]
២. ផលវិបាកបង្កដោយជំងឺ
មិនព្យាបាលត្រឹមត្រូវ និងទាន់ពេល ជំងឺទឹកនោមផ្អែម (ប្រភេទទី ១ និងទី ២) អាចធ្វើរលួយលើរាងកាយ (Necrosis) ដោយសារកោសិកា មិនអាចយកស្ករក្នុងឈាមទៅប្រើប្រាស់បាន និងងាប់បន្តិចម្តងៗ។ កត្តាគ្រោះថ្នាក់ដល់ជីវិត គឺឈាមប្រែជាមជ្ឈដ្ឋានអាស៊ីដដោយសារធាតុ សេតូនកើនឡើងខ្លាំង (diabetic ketoacidosis) ប៉ះពាល់ដល់សរីរាង្គជាច្រើនរួមទាំងខួរក្បាល។
ហានិភ័យធ្ងន់ធ្ងរផ្សេងទៀតរួមមាន៖
– ជំងឺបេះដូង៖ ជំងឺទឹកនោមផ្អែមនាំឲ្យប្រឈមជំងឺសរសៃឈាមបេះដូង គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាម និងលើសឈាម។
– ជំងឺប្រព័ន្ធប្រសាទ៖ ជាតិស្ករក្នុងឈាមច្រើនពេកនាំឲ្យខូចសរសៃប្រសាទដែលបញ្ជាអវយវៈ ធ្វើឲ្យស្ពឹក ឈឺ ក្រហាយ ចេញពីផ្នែកចុងដៃ ចុងជើង និងបន្តរាលដាលទៅផ្នែកខាងលើផ្សេងទៀត។ បើមិនអាចគ្រប់គ្រងជាតិស្ករបានល្អ អាចធ្វើឲ្យបាត់បង់ញ្ញាណដឹង និងអារម្មណ៍តែម្តង។ បញ្ហាមួយចំនួនទៀតអាចបង្កឡើង ដូចជា ក្អួតចង្អោរ រាក ឬក្តៀនលាមក និងអសម្ថភាពផ្លូវភេទទៀតផង។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!
– ជំងឺតម្រងនោម៖ តម្រងនោមមានកញ្ចុំសរសៃឈាមតូចៗរាប់លាន មាននាទីចម្រោះសារធាតុពុលចេញពីឈាម។ ជំងឺនេះអាច នឹងធ្វើឱ្យខូចប្រព័ន្ធចម្រោះ ហើយក្នុងករណីធ្ងន់ធ្ងរ នឹងបង្កឲ្យខ្សោយតម្រងនោមកម្រិតចុងក្រោយ ហើយមិនអាចត្រឡប់មករកភាពប្រក្រតីវិញដូចគ្នា ទាមទារព្យាបាលដោយលាងឈាម (Dialysis) ឬប្តូរតម្រងនោម (Kidney transplant) តែម្តង។
– ជំងឺភ្នែក៖ ករណីខ្លះអាចធ្វើឲ្យខូច ឬដាច់សរសៃឈាមបាតភ្នែក (diabetic retinopathy) បង្កឲ្យខ្វាក់ភ្នែក និងហានិភ័យជំងឺភ្នែកផ្សេងៗទៀត ដូចជា ភ្នែកឡើងបាយ (Cataracts) និងទឹកដក់បាតភ្នែក (Glaucoma) ជាដើម។
– ជំងឺស្បែក និងមាត់៖ ជំងឺទឹកនោមផ្អែម ធ្វើឲ្យងាយប្រឈមបញ្ហាលើស្បែក បង្ករោគពីពពួកបាត់តេរី និងពពួកផ្សិត។
ផលលំបាកចំពោះស្រ្តីពពោះ៖ កម្រិតជាតិស្ករខ្ពស់នៅក្នុងឈាម ធ្វើឲ្យមានគ្រោះថ្នាក់ទៅលើម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ ស្រីៗមានផ្ទៃពោះ ប្រឈមខ្ពស់ការរលូត បេប៊ីអាចឈានដល់ស្លាប់ក្នុងពោះ ឬលូតលាស់មិនប្រក្រតី។ សម្រាប់ម៉ាក់ៗវិញ ជំងឺទឹកនោមផ្អែមអាចបណ្ដាលឲ្យកើតជំងឺ Diabetic Ketoacidosis (ឈាមប្រែជាអាស៊ីដដោយសារជាតិសេតូន) ជំងឺបាតភ្នែក លើសឈាម និងបម្រុងក្រឡាភ្លើង។
បើមិនបានព្យាបាលត្រឹមត្រូវ ទឹកនោមផ្អែមអាចធ្វើឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរបាន។ ត្រូវគ្រប់គ្រងស្ថានភាពជំងឺតាមវេជ្ជបញ្ជាគ្រូពេទ្យ ប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់ កែប្រែទម្លាប់រស់នៅ ហាត់ប្រាណឲ្យបានច្រើន នឹងជួយឲ្យសុខភាពល្អ ចៀសផុតពីហានិភ័យទាំងនេះ។
អត្ថបទគួរអាន៖
- ទឹកនោមផ្អែមពេលពពោះ អាចមានហានិភ័យជំងឺបាក់ទឹកចិត្តក្រោយសម្រាល
- អ្នកកើតជំងឺបម្រុងទឹកនោមផ្អែម គប្បីអនុវត្តទម្លាប់ទាំងនេះ
- ឮតែនិយាយពីជំងឺទឹកនោមផ្អែម តើកើតឡើងបានយ៉ាងម៉េច?
- អ្នកមានជំងឺទឹកនោមផ្អែម ញ៉ាំស៊ុតបានឬអត់?
- “ខ្យល់ពុល” រួមចំណែកធ្វើឲ្យកើតជំងឺទឹកនោមផ្អែម
- កើតជំងឺទឹកនោមផ្អែម ត្រូវដឹងល្បឿនបំប្លែងជាតិស្ករក្នុងចំណីអាហារ
ចំណុចសំខាន់
– ផលវិបាកបង្កដោយជំងឺទឹកនោមផ្អែមរួមមាន៖
- ជំងឺបេះដូង
- ជំងឺប្រព័ន្ធប្រសាទ
- ជំងឺតម្រងនោម
- ជំងឺភ្នែក
- ជំងឺស្បែក និងមាត់
- រលួយអវយវៈរាងកាយ