backup og meta

កត្តាទាំង ៣ នេះ ជាមូលហេតុសំខាន់ធ្វើឲ្យកើតជំងឺក្រិនថ្លើម

កត្តាទាំង ៣ នេះ ជាមូលហេតុសំខាន់ធ្វើឲ្យកើតជំងឺក្រិនថ្លើម

ជំងឺ​ក្រិន​ថ្លើម ជា​ដំណាក់​កាល​ចុង​ក្រោយ​មួយ​នៃ​ជំងឺ​ថ្លើម និង​​ជា​ផល​វិបាក​របស់​ជំងឺ​ថ្លើម​។ អ្នក​ជំងឺ​នៅ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ជំងឺ​នេះ មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។ មូលហេតុ​ជាទូទៅ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះ មាន​ដូច​ជា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​រយៈពេល​យូរ ឆ្លង​វីរុស​ថ្លើម និង​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​។

ការ​ព្យាបាល​ជំងឺ​ក្រិន​​ថ្លើម​ផ្អែក​ទៅ​តាម​មូល​ហេតុ​បង្ក និង​កម្រិត​នៃ​ការ​ខូច​ខាត។ នៅ​ប្រទេស​ជឿន​លឿន​ការ​ប្ដូរ​ថ្លើម​ជា​ជម្រើស​មួយ​នៃ​ការ​ព្យាបាល ក្នុង​ករណី​ថ្លើម​លែង​ដំណើរ​ការ​។

១. មូលហេតុ​បង្ក​បី​សំខាន់​

– គ្រឿង​ស្រវឹង​

ថ្លើម​មាន​នាទី​ជួយ​សម្អាត​ជាតិ​ពុល​ពី​ក្នុង​ឈាម ជួយ​ដល់​ការ​រំលាយអាហារ គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ និង​កូលេស្តេរ៉ូល​ក្នុង​ឈាម និង​ជួយ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ​។ ចំពោះ​​ជាតិ អាល់កុល​​ក្នុង​គ្រឿង​ស្រវឹង​ថ្លើម​អាច​ចម្រោះ​បាន ប៉ុន្តែ​ថា​រាល់​ពេល​​ចម្រោះ​នោះ​កោសិកា​ថ្លើម​មួយ​ចំនួន​ក៏បាន​ងាប់​ដែរ​។ ថ្វី​បើ​ថ្លើម​អាច​បង្កើត​កោសិកា​ថ្មី​បាន​វិញ​មែន តែ​ការ​ផឹក​គ្រឿងស្រវឹង​ក្នុង​បរិមាណ​ច្រើន និង​យូរ​ឆ្នាំ​ជាប់​ជា​ប្រចាំ ក៏​អាច​កាត់​បន្ថយ​សមត្ថភាព​របស់​ថ្លើម​ក្នុង​ការ​បង្កើត​កោសិកា​ថ្មី​ដែរ​។​ ជា​លទ្ធ​ផល អាច​ធ្វើ​ឲ្យ​ថ្លើម​បាត់​បង់​សមត្ថភាព​បង្កើត​កោសិកា​ថ្មី និង​ខូច​ថ្លើម​​អចិន្ត្រៃយ៍​តែ​ម្ដង​។​

ដូច​គ្នា​ដែរ ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​ច្រើន ក៏​បង្ក​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែរ​។ ក្រៅពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ និង​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ ដោយ​ធ្វើ​ឲ្យ​ថ្លើម​មាន​សម្លាក និង​បន្ត​ទៅ​ជា​ក្រិន​ថ្លើម​។

– ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​គ្រឿង​ស្រវឹង​

អ្នក​ធាត់​លើស​ទម្ងន់ ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​។ បញ្ហា​សុខភាព​ទាំង​នេះ​បញ្ចូល​គ្នា ទំនងជា​ធ្វើ​ឲ្យ​មាន​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​កើន​ឡើង​។ សម្រាប់​មនុស្ស​មួយ​ចំនួន មាន​ខ្លាញ់​ក្នុង​ថ្លើម​លើស​កម្រិត អាច​ប្រែ​ខ្លាញ់​ទាំង​នោះ​ទៅ​ជា​សារធាតុ​បំពុល​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​រលាក និង​អាច​ធ្វើ​ឲ្យ​ថ្លើម​ឡើង​សម្លាក​​ ឬ​បង្ក​ជា​ក្រិន​ថ្លើម​។

– ជំងឺ​រលាក​ថ្លើម​ដោយ​សារ​មេរោគ

ជំងឺ​រលាក​ថ្លើម សំដៅ​លើ​ករណី​រលាក​ថ្លើម ​បណ្តាល​មក​ពី​ការ​ផឹក​ស្រា​ច្រើន​លើស​កម្រិត ថ្នាំ​មួយ​ចំនួន ឬ​ស្ថាន​ភាព​វេជ្ជ​សាស្ត្រ។ យ៉ាង​នេះ​ក្តី សឹង​តែ​គ្រប់​ករណី ជំងឺ​រលាក​ថ្លើម​បង្ក​ឡើង​ដោយ​មេរោគ។ គ្នា​យើង​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម ក្នុង​ករណី​មាន​ការ​ប៉ះ​ពាល់​ឈាម​អ្នក​ដែល​បង្ក​រោគ ហើយ​ករណី​ទាំង​នោះ​មាន​ដូច​ជា៖

  • ចាក់ ឬ​មុត​ម្ជុល​ដោយ​ចៃដន្យ​ មាន​វីរុស​ថ្លើម​​
  • ប្រើ​ប្រាស់​ម្ជុល​រួម​គ្នា
  • ធ្លាប់​បញ្ចូល​ឈាម អ្នក​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C (ឈាម​មិន​ទាន់​ពិនិត្យ​ឃើញ​មេរោគ)
  • រួម​ភេទ ឬ​ប៉ះ​ពាល់​ទឹក​កាម សារធាតុ​រាវ​អ្នក​មាន​ជំងឺ​ថ្លើម។

ក្រិនថ្លើមមានអាការៈទាំងនេះបញ្ជាក់ថាក្រិនថ្លើមហើយមូល

​២. ​រោគ​សញ្ញា​ជំងឺ​ក្រិន​ថ្លើម

ដំណាក់​កាល​ដំបូង ជំងឺ​ក្រិន​ថ្លើម​មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ពេល​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ អាច​នឹង​លេច​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ដូច​ជា៖

  • សរសៃ​ឈាម​ឆ្មារៗ អាច​មើល​ឃើញ​នៅ​លើ​ស្បែក​ពោះ​ផ្នែក​ខាង​លើ
  • អស់​កម្លាំង
  • បញ្ហា​ដំណេក
  • ស្បែក​រមាស់
  • ចំណង់​អាហារ​ថយ​ចុះ
  • ស្រក​ទម្ងន់
  • ចង្អោរ
  • ឈឺ​ និង​ចុក​ចាប់​នៅ​តំបន់​ថ្លើម
  • បាត​ដៃ​ក្រហម​ ឬ​មាន​ពពាល​ក្រហម​ៗ
  • ខ្សោយ។

ក្រៅ​ពី​រោគ​សញ្ញា​ទាំង​នេះ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ពេល​ជំងឺ​ក្រិន​ថ្លើម​វិវដ្ដ​កាន់​តែ​ធ្ងន់ធ្ងរ​៖

  • ពោះ​ធំ បង្ក​ដោយ​កា​រ​ចាល់​សារ​ធាតុ​រាវ​នៅ​ក្នុង​ពោះ
  • បេះ​ដូង​លោត​កាន់​តែ​ញាប់
  • ប្រែ​ប្រួល​ដំណើរ​ការ​រាង​កាយ (ខួរ​ក្បាល​រង​ប៉ះ​ពាល់​ដោយ​ការ​ប្រមូល​ផ្តុំ​ជាតិ​ពុល)
  • អញ្ចាញធ្មេញ​ហូរ​ឈាម
  • បាត់​បង់​សាច់​ដុំ​នៅ​ដើម​ដៃ និង​រាង​កាយ
  • បំប្លែង​សារធាតុ​ចេញ​ពី​ស្រា​ និង​ឱសថ​​យឺតយ៉ាវ
  • វង្វេង​វង្វាន់​ស្មារតី
  • វិល​មុខ​
  • ហើម​កជើង ប្រអប់​ជើង និង​ជើង ដោយ​សារ​ចាល់​សារ​ធាតុ​រាវ
  • ជ្រុះ​សក់
  • ងាយ​ជាំ និង​
  • ខាន់​លឿង ជាដើម​។​

៣. ក្រិន​ថ្លើម​ជា​ជំងឺ​មហារីក?

ក្រិន​ថ្លើម​មិន​មែន​ជា​ជំងឺ​មហារីក​ថ្លើមនោះ​ទេ។ យ៉ាង​ណា អ្នក​ដែល​មាន​ជំងឺ​មហារីក​ថ្លើម ច្រើន​ក្រិន​ថ្លើម​។  នេះ​មាន​ន័យ​ថា​បើ​​យើង​មាន​ជំងឺ​ក្រិន​ថ្លើម ក៏​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ថ្លើម​ដែរ​។​  ដូច​គ្នា​ដែរ បើ​សិន​ជា​យើង​មាន​ជំងឺ​ថ្លើម​ប្រភេទ​B ឬ​ប្រភេទ C ក៏​មាន​ឱកាស​ខ្ពស់​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​ ពីព្រោះ​​ថា​ជំងឺ​ទាំង​ពីរ​នេះ តែង​តែ​នាំ​ឲ្យ​វិវដ្ដ​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម​។ គ្រប់​ទម្រង់​នៃ​ជំងឺ​ថ្លើម អាច​នាំ​ឲ្យ​កើត​ជំងឺ​ក្រិន​ថ្លើម ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​កើតជំងឺ​មហារីក​ថ្លើម​។ ទោះ​បី​ជា​​យើង​មាន​ជំងឺ​ថ្លើម​ប្រភេទB និង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​វដ្ដ​ទៅជា​ក្រិន​ថ្លើម​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​ថ្លើម​ដែរ​។​

៤. កើតជំងឺ​ក្រិន​ថ្លើម​នឹង​ត្រូវ​ស្លាប់​?

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​ក្រិន​ថ្លើម​មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​ស្លាប់​ភ្លាម​ៗ​ដែរ​នោះ​ទេ​។ យ៉ាងណា បើ​ជំងឺ​ក្រិន​ថ្លើម​បន្ត​វិវដ្ដ​ទៅ​មុខ មាន​សម្លាក​លើ​ថ្លើម​កាន់​តែ​ច្រើន និង​ដំណើរ​ការ​របស់​ថ្លើម​បន្ត​ធ្លាក់​ចុះ នោះ​ការ​ខ្សោយ​ថ្លើម​នឹង​អាច​បង្ក​ការ​គំរាមកំហែង​ដល់​អាយុជីវិត​។ សម្រាប់​ការ​ព្យាបាល​ណា​មួយ គ្រូពេទ្យ​នឹង​ផ្ដល់​ការ​ណែនាំ​ទៅតាម​ស្ថាន​ភាព​ជាក់​ស្តែង​។ សម្រាប់​ប្រទេស​ជឿន​លឿន​មួយ​ចំនួន គ្រូពេទ្យ​អាច​ពិភាក្សា​ពី​ការ​ប្ដូរ​ថ្លើម​ក្នុង​ជម្រើស​ព្យាបាល​។

បញ្ហាថ្លើមផ្សេងទៀត

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fatty Liver Disease https://my.clevelandclinic.org/health/diseases/15831-fatty-liver-disease

Nonalcoholic Fatty Liver Diseasehttps://www.hopkinsmedicine.org/health/conditions-and-diseases/nonalcoholic-fatty-liver-disease

Cirrhosis of the Liver https://my.clevelandclinic.org/health/diseases/15572-cirrhosis-of-the-liver

Alcohol-related liver disease https://www.nhs.uk/conditions/alcohol-related-liver-disease-arld/

កំណែ​ប្រែបច្ចុប្បន្ន

16/09/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 16, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម