ស្បែករបស់យើងគ្រប់គ្នាប្រៀបបានដូចជាបង្អួច ដែលអាចធ្វើឲ្យសុខភាពរបស់យើងប្រែក្លាយទៅជាមានជំងឺ ប្រសិនបើស្បែករបស់យើងមានការប្រែប្រួល។ បញ្ហារមាស់ស្បែកអាចជាសញ្ហាមួយបង្ហាញអំពីបញ្ហាសុខភាពមួយចំនួន មានដូចជាជំងឺថ្លើមជាដើម។ ជាការពិតទៅបម្រែបម្រួលនៃស្បែក គឺជាសញ្ញាដំបូងរបស់ជំងឺថ្លើមសម្រាប់អ្នកជំងឺ។
រមាស់ស្បែកគឺជាសញ្ញាកើតឡើងច្រើនជាងគេ ហើយវាក៏ជារោគសញ្ញាគួរឲ្យធុញទ្រាន់ជាងគេសម្រាប់ជំងឺថ្លើមប្រម៉ាត់នេះផងដែរ។ វាអាចកើតឡើងឆាប់បាត់ទៅវិញ និងអាចមានសញ្ញាតិចតួច ឬអាចកើតឡើងរហូត និងមានលក្ខណៈធ្ងន់ធ្ងរ។ មូលហេតុដែលធ្វើឲ្យរមាស់ពេញដងខ្លួនលើអ្នកជំងឺថ្លើម គឺមិនទាន់មានការបកស្រាយឲ្យច្បាស់លាស់នៅឡើយទេ ក្រៅពីការបកស្រាយដែលទាក់ទងទៅនឹងការស្ទះលំហូរនៃទឹកប្រំម៉ាត់។
ក្រៅពីនេះគេក៏ជឿដែរថាបញ្ហារមាស់លើស្បែក ក៏បណ្ដាលមកពីបញ្ហាលំហូរនៃទឹកប្រម៉ាត់ថយចុះ (cholestasis) ដែលធ្វើឲ្យទឹកប្រម៉ាត់ក្នុងចរន្ដឈាមកើនឡើង ដោយសារតែប្រព័ន្ធបង្ហូររបស់វាស្ទះ។ ទឹកប្រម៉ាត់ត្រូវបានផលិតឡើងក្នុងសាច់ថ្លើម ហើយវាចេញពីក្នុងថ្លើមតាមរយៈប្រព័ន្ធទឹកប្រម៉ាត់ដែលរត់កាត់លំពែង និងទៅបញ្ចេញចោលក្នុងពោះវៀនតូចរបស់យើង។ វាជួយសម្អាតកាកសំណល់ផលិតចេញពីថ្លើម និងជួយឲ្យពោះវៀនស្រូបអាហារជាតិខ្លាញ់បានល្អ។
ថ្លើមបន្សាបជាតិពុល និងច្រោះជាតិប្រៃចេញពីក្នុងទឹកប្រម៉ាត់។ ប្រសិនបើមុខងារទាំងនេះធ្វើការមិនបានល្អ វានឹងធ្វើឲ្យចាល់ជាតិអំបិលក្នុងទឹកប្រម៉ាត់ ជាតិអាស៊ីដក្នុងទឹកប្រម៉ាត់ និងមានជាតិប៊ីលីរ៉ុយប៊ីនកើតឡើង។ គេជឿថាវត្តមាននៃសារធាតុទាំងអស់នោះ គឺជាមូលហេតុធ្វើឲ្យស្បែកឡើងរមាស់ និងក្រហាយ។ មានការស្រាវជ្រាវកំពុងធ្វើឡើងដើម្បីសិក្សាបន្ថែមអំពីសារធាតុគីមីជាក់លាក់ ដែលបង្កឲ្យស្បែករមាស់ទាក់ទងជាមួយទឹកប្រម៉ាត់ ដែលលទ្ធផលរបស់ការសិក្សានោះ អាចធ្វើឲ្យយើងរកមធ្យោបាយព្យាបាលបញ្ហារមាស់នេះបាន។
១- លក្ខណៈនៃបញ្ហារមាស់លើអ្នកមានជំងឺថ្លើម
រមាស់ច្រើនកន្លែង ឬរមាស់ពេញដងខ្លួនបណ្ដាលមកពីជំងឺថ្លើម អាចកើតឡើងមុខសញ្ញា ឬរោគសញ្ញាផ្សេងទៀតនៃការវិវត្ដន៍របស់បញ្ហាចាល់ទឹកប្រម៉ាត់។ រមាស់ស្បែកក្នុងបញ្ហាចាល់ទឹកប្រម៉ាត់មានលក្ខណៈប្លែកខុសពីគេ។ វាភាគច្រើនរមាស់ខ្លាំងតាមអវយវៈ ជាពិសេសគឺនៅលើបាតដៃ និងបាតជើង។ វារមាស់កាន់តែខ្លាំងនៅពេលល្ងាចជិតយប់ និងនៅពេលយប់ ដែលវានឹងរំខានដល់ដំណេករបស់យើង។ វាច្រើនកើតឡើងកាន់តែខ្លាំងពេលអ្នកមករដូវ អ្នកព្យាបាលប្រើវិធីចាក់អ័រម៉ូន មានផ្ទៃពោះក្នុងសប្ដាហ៍ដំបូងៗ ពេលប៉ះជាមួយរោមចៀម និងប៉ះជាមួយកម្ដៅ ដូចជាងូតទឹកក្ដៅជាដើម។
វាមិនបាត់ទៅវិញនៅពេលយើងអេះ ហើយវាភាគច្រើនក៏មិនមានសញ្ញាលេចឡើងលើស្បែក ក្រៅពីស្នាមអេះរបស់យើងនោះទេ។ មានពេលខ្លះវាអាចឡើងពង ឬពកលើស្បែក ដែលអាចធ្វើឲ្យយើងច្រឡំវាជាមួយជំងឺស្បែកធម្មតា។
[embed-health-tool-bmr]
២- គ្រប់គ្រងបញ្ហារមាស់បណ្ដាលមកពីបញ្ហាថ្លើម
រមាស់ស្បែកបណ្ដាលមកពីបញ្ហាថ្លើម គឺអាចបាត់ទៅវិញបន្ទាប់ពីយើងដោះស្រាយបញ្ហាស្ទះចរន្ដលំហូររបស់ទឹកប្រម៉ាត់រួច។ ប្រសិនបើយើងមិនអាចព្យាបាលមូលហេតុរបស់វាបានទេនោះ យើងអាចប្រើថ្នាំមួយចំនួនដូចជាថ្នាំ Cholestyramine និង ថ្នាំ Rifampicin ដែលថ្នាំទាំងពីរមុខនេះអាចជួយបំបាត់បញ្ហារមាស់បាន។ Cholestyramine ធ្វើការជាអ្នកទៅចាប់ជាតិអំបិលក្នុងទឹកប្រម៉ាត់នៅក្នុងពោះវៀន ដូចនេះវានឹងអាចច្រោះចោលបានល្អជាជាងស្រូបយកវាចូលទៅក្នុងចរន្ដឈាមវិញ។ Rifampicin គឺជាថ្នាំផ្សះ ដែលវានឹងធ្វើឲ្យថ្លើមរបស់យើងបង្កើនចលនាមេកានីនរបស់ទឹកប្រម៉ាត់ និងសារធាតុគីមីជាច្រើនផ្សេងទៀត។
រមាស់ស្បែកបណ្ដាលមកពីបញ្ហាថ្លើមភាគច្រើន គឺវាមិនសូវឆ្លើយតបជាមួយការព្យាបាលទេ ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ ដូចជារំខានដល់ដំណេក រំខានសកម្មភាពប្រចាំថ្ងៃ និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជំងឺទៀតផង។ វាក៏អាចធ្វើឲ្យអ្នកជំងឺវិវត្ដទៅរកជំងឺបាក់ទឹកចិត្ដ និងអាចឈានដល់ការធ្វើអត្តឃាតផងក៏មាន។ ក្នុងករណីកម្រខ្លះ បញ្ហារមាស់លើអ្នកជំងឺថ្លើមឈឺរ៉ាំរ៉ៃដែលមិនអាចគ្រប់គ្រងបាន គឺអាចជាសញ្ហាមួយឈានទៅរកការប្ដូរថ្លើមរបស់អ្នកជំងឺ ទោះបីជាថ្លើមរបស់គាត់មិនទាន់ខូតខាតទាំងស្រុងហើយក្ដី។
អត្ថបទគួរអាន៖
- មូលហេតុសំខាន់ៗមួយចំនួន ធ្វើឲ្យថ្លើមរីកធំខុសធម្មតា
- លេចចេញអាការៈទាំងនេះ អាចថាមានជំងឺក្រិនថ្លើមហើយ
- សញ្ញាព្រមានទាំង៦ បញ្ជាក់ថាថ្លើមពោរពេញដោយជាតិពុល
- ខំថែសុខភាពថ្លើម បើមិនចង់ឲ្យរាងកាយចុះខ្សោយទ្រុឌទ្រោម
- ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?
- Hepatitis A Virus Test (តេស្តពិនិត្យរកមើលមេរោគរលាកថ្លើមប្រភេទ A)