backup og meta

ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 25, 2023

    ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ

    ស្រី្តមា​ន​ផ្ទៃ​ពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោល គឺ ២៧០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារតែ​តម្រូវការច្រើនជា​ងធម្មតាបែបនេះហើយ ទើបអាច​ជាហេតុងាយធ្វើឱ្យ​ម៉ាក់ៗខ្លះ​ប្រឈម​បញ្ហាខ្វះជាតិដែកថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។

    លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅ​មន្ទីរ​ពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាច​ទទួល​បាន​ពីអាហារសម្បូរជាតិដែក​ផ្សេង​ទៀត​។

    ១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម

    ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើន​ដើម្បីផលិតឈាមក្រហម​បន្ថែម​សម្រាប់​ដឹកនាំ​អុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។

    មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារ​ក្នុងអំឡុងពេលពពោះ​បរិមាណ​ឈាម​ម៉ាក់ៗ​ត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់​ពីការបាត់បង់ឈាម​អំឡុង​ពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់

    ពពោះ

    ២. ប្រភពអាហារសម្បូរជាតិដែក

    ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកប​ន្ថែម​ពី​អាហារដូចជា៖

    • សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ
    • សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ
    • គ្រាប់ល្ពៅ គ្រាប់ផ្កាឈូករ័ត្ន
    • ទំពាំងបាយជូរក្រៀម ដំណាប់ទន្លាប់

    ៣. ហេតុផលម៉ាក់ៗពពោះគួរប្រយ័ត្នក្នុងការញុំាថ្លើមសត្វ

    ថ្វីត្បិតតែថ្លើមសត្វសម្បូរជាតិដែក ប្រូតេអ៊ីននិងវីតាមីន B12 ដែលល្អចំពោះសុខភាព តែម៉ាក់ៗ​ពពោះ​គួរប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វមានផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ ទោះបីជាវីតាមីន A ជួយដល់ការ លូតលាស់សរីរាង្គទារកក្នុងផ្ទៃដូចជា ភ្នែក បេះដូង សួត លំពែង ឆ្អឹង ប្រព័ន្ធឈាម​និង​ប្រព័ន្ធសរសៃប្រសាទកណ្តាលក៏ដោយ តែការញុំាវីតាមីន A លើសកម្រិតអាចបង្កឱ្យទារកមាន​បញ្ហា​ពិការភាពពីកំណើត ធ្វើឱ្យម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១) និងពុលថ្លើម។ ហេតុ​នេះ​ហើយស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​លើស​ពី​៦៥​ ទៅ​៧៥​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​នោះទេ​។​

    ដូច​នេះដើម្បីចៀសវាងខ្វះជាតិដែកនិង ដើម្បី​ជួយ​ឱ្យរាងកាយស្រូបយកជាតិដែកល្អ ម៉ាក់ៗ​គួរញុំា​បន្លែ ផ្លែឈើឬគ្រាប់ផ្លែឈើសម្បូរជាតិដែកជាមួយអាហារផ្ទុកវីតាមីន C ខ្ពស់ រួមមាន​ផ្លែឈើ​អម្បូរ​ក្រូច ល្ហុង ត្របែក ប៉េងប៉ោះជាដើមក្នុងពេលដំណាលគ្នា​។

    អត្ថបទគួរអាន៖

  • គួរដឹង! ទាំងនេះជាគន្លឹះថែរក្សាសុខភាពថ្លើមពេលកំពុងពពោះ
  • ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យ​យើងប្រឈមបញ្ហាអត់កូន
  • តិចនិចមួយចំនួន ជួយដោះស្រាយបញ្ហាមិនស្រួលសុដន់ពេលពពោះ
  • ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
  • ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
  • គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
  • ចំណុចសំខាន់

    – ថ្វីត្បិតតែថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ពពោះ​គួរប្រយ័ត្នក្នុងការញុំា ព្រោះថ្លើមសត្វ​មាន​ផ្ទុក​វីតាមីន A ក្នុងកម្រិតខ្ពស់។
    – ការញុំាវីតាមីន A លើសកម្រិតក្នុងអំឡុងពេលពពោះអាចបង្កឱ្យ៖
    • ទារកមាន​បញ្ហា​ពិការភាពពីកំណើត
    • ម៉ាក់ៗរលូតកូន (ជាពិសេសក្នុងត្រីមាសទី១)
    • ម៉ាក់ៗពុលថ្លើម
    – ហេតុ​នេះ​ហើយស្រ្តី​មាន​ផ្ទៃពោះ​មិន​គួរ​ញ៉ាំ​ថ្លើម​សត្វ​លើស​ពី​៦៥​ ទៅ​៧៥​ក្រាម​​ក្នុង​មួយ​សប្ដាហ៍​នោះ​ទេ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម