ជំងឺមហារីកអាចរាលដាលពីកន្លែងដែលកើតទៅកន្លែងផ្សេងទៀតនៃរាងកាយដែលគេហៅថាមហារីករាលដាល។ មានជំងឺមហារីកជាច្រើនប្រភេទ ដែលគេហៅមហារីករាលដាលនេះថាជាមហារីកដំណាក់កាលទី៤។ ដំណើរការនៃការឆ្លងរាលដាលកោសិកាមហារីកទៅកន្លែងផ្សេងនៃរាងកាយហៅថាការឆ្លងរាលដាល។
មហារីករាលដាលមានឈ្មោះដូចទៅនឹងឈ្មោះជំងឺនេះកើតនៅទីតាំងដំបូងដែរ។ ឧទាហរណ៍ថាជំងឺមហារីកសុដន់ រាលដាលដល់សួត គេហៅថាជំងឺមហារីកសុដន់រាលដាល មិនមែនហៅជំងឺមហារីកសួតនោះទេ ហើយជំងឺមហារីកសុដន់នេះនឹងត្រូវព្យាបាលដូចជំងឺមហារីកដំណាក់កាលទី៤។
ករណីខ្លះ គ្រូពេទ្យបានរកឃើញមហារីករាលដាល ប៉ុន្តែគ្រូពេទ្យមិនអាចប្រាប់បានទេថាជំងឺមហារីកនេះរាលដាលមកពីផ្នែកណាមួយនៃរាងកាយ ហើយជំងឺនេះគេហៅថាជំងឺមហារីកមិនដឹងប្រភពដើមដំបូង។
១. ជំងឺមហារីករាលដាលបែបណា?
កោសិកាមហារីករាលដាលក្នុងរាងកាយតាមដំណាក់កាល ដែលដំណាក់កាលទាំងនោះមានដូចជា៖
១.លូតលាស់ ឬរាលដាលទៅកាន់ជាលិកាក្បែរៗនោះ
២. ផ្លាស់ទីតាមជញ្ជាំងនៃកូនកណ្ដុរ ឬសរសៃឈាមក្បែរនោះ
៣. ធ្វើដំណើរតាមប្រព័ន្ធទឹករងៃ និងចរន្តឈាមទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ។
៤. ឈប់នៅក្នុងសរសៃឈាមតូចៗនៅទីតាំងណាមួយ ចាប់ផ្ដើមរាលដាលចូលជញ្ជាំងសរសៃឈាម និងបន្តរាលទៅកាន់ជាលិកាក្បែរៗនោះ។
៥. លូតលាស់នៅក្នុងជាលិកា រហូតដល់មានដុំសាច់តូចៗកើតឡើង
៦. បង្កឲ្យមានការលូតលាស់សរសៃឈាមថ្មីៗ ដែលបង្កើតឲ្យមានការផ្គត់ផ្គង់ឈាមនាំឲ្យដុំសាច់មហារីក បន្តលូតលាស់។
ភាគច្រើន កោសិកាមហារីកទាំងនោះងាប់នៅចំណុចណាមួយនៃដំណាក់កាលទាំងនេះ។ ប៉ុន្តែដរាបណាមានលក្ខខណ្ឌអំណោយផលសម្រាប់កោសិកាមហារីកទាំងនោះនៅគ្រប់ដំណាក់កាល កោសិកាមហារីកមួយចំនួនអាចកជាដុំសាច់ថ្មីនៅផ្នែកផ្សេងនៃរាងកាយ។ កោសិកាមហារីករាលដាល ក៏អាចនៅសម្ងំមិនបញ្ចេញសកម្មភាពរាប់ឆ្នាំដែរ មុននឹងកោសិកាទាំងនោះចាប់ផ្ដើមលូតលាស់ជាថ្មី។
២. កោសិកាមហារីកអាចរាលដាលទៅណាខ្លះ?
ជំងឺមហារីកអាចរាលដាលទៅស្ទើរគ្រប់កន្លែងនៃរាងកាយ ទោះបីជាជំងឺមហារីកប្រភេទខ្លះទំនងជារាលដាលទៅតែកន្លែងជាក់លាក់មួយចំនួន ជាជាងកន្លែងផ្សេងក៏ដោយ។ ផ្នែកនៃរាងកាយដែលមហារីកជាទូទៅច្រើនរាលដាលទៅមានដូចជាឆ្អឹង ថ្លើម និងសួត។
ខាងក្រោមនេះជាប្រភេទជំងឺមហារីកមួយចំនួនក្នុងចំណោមផ្សេងទៀតដែលអាចរាលដាលទៅទីតាំងផ្សេង៖
- មហារីកសុដន់៖ អាចលាកដាលទៅកាន់ឆ្អឹង សួត ថ្លើម និងខួរក្បាល
- មហារីកប្លោកនោម៖ អាចរាលដាលទៅឆ្អឹង សួត និងថ្លើម
- មហារីកពោះវៀនធំ៖ អាចរាលដាលទៅសួត ថ្លើម និងស្រោមពោះ
- មហារីកតម្រងនោម៖ អាចរាលដាលទៅក្រពេញលើតម្រងនោម ឆ្អឹង ខួរក្បាល ថ្លើម និងសួត
- មហារីកសួត៖ អាចរាលដាលទៅកាន់ ក្រពេញលើតម្រងនោម ឆ្អឹង ខួរក្បាល ថ្លើម និងសួត។
៣. រោគសញ្ញា
ជំងឺមហារីករាលដាលមិនមែនសុទ្ធតែបញ្ចេញរោគសញ្ញានោះទេ។ ពេលរោគសញ្ញាលេចឡើង អាចមានលក្ខណៈបែបណាមួយ និងមានញឹកញាប់កម្រិតណា គឺអាស្រ័យលើទំហំ និងទីតាំងនៃដុំសាច់មហារីកនោះ។ យ៉ាងណា រោគសញ្ញាទូទៅមួយនៃមហារីករាលដាលរួមមាន៖
- ឈឺ ឬបាក់ឆ្អឹង បើមហារីកឆ្លងដល់ឆ្អឹង
- ឈឺក្បាល ប្រកាច់ ឬវិលមុខ ពេលមហារីកបានឆ្លងដល់ខួរក្បាល
- ហត់ ពេលជំងឺមហារីកឆ្លងដល់សួត
- កើតលឿង ឬហើមក្នុងពោះ ពេលជំងឺមហារីករាលដាលដល់ថ្លើម
៤. ការព្យាបាល
ស្ទើរតែគ្រប់ជំងឺមហារីករាលដាលសុទ្ធតែមានវិធីព្យាបាល។ គោលបំណងនៃការព្យាបាលជំងឺមហារីករាលដាលទាំងនោះធ្វើឡើងដើម្បីគ្រប់គ្រងជំងឺ ដោយបញ្ឈប់ ឬពន្យឺតការលូតលាស់។ អ្នកជំងឺខ្លះអាចរស់នៅបានរាប់ឆ្នាំពេលកើតជំងឺមហារីករាលដាល ដោយសារការគ្រប់គ្រងជំងឺបានល្អ។ ការព្យាបាលផ្សេងទៀត អាចជួយបង្កើនគុណភាពជីវិត តាមរយៈការបន្ថយរោគសញ្ញា។
ការព្យាបាលនេះទៀតសោតក៏អាចអាស្រ័យលើប្រភេទនៃជំងឺមហារីកដើម ទីតាំងរាលដាន ការព្យាបាលដែលអ្នកជំងឺធ្លាប់មានកន្លងមក និងសុខភាពទូទៅរបស់អ្នកជំងឺ។
បើសិនជាស្ថិតក្នុងដំណាក់កាលមួយគ្រួពេទ្យប្រាប់ថាជំងឺមហារីកគ្រប់គ្រងលែងបាន អ្នកជំងឺ និងក្រុមគ្រួសារ អាចពិភាក្សាអំពីការថែទាំណាមួយសម្រាប់ជីវិតចុងក្រោយ។
[embed-health-tool-bmi]