ទម្លាប់សាមញ្ញៗប្រចាំថ្ងៃមួយចំនួនដូចជា អង្គុយយូរៗ មិនសូវហាត់ប្រាណមិនងាយងើបចេញពីកៅអី និង របបអាហារមិនសូវមានបន្លែ ផ្លែឈើ សុទ្ធតែជាហានិភ័យជំងឺមហារីកបង្កទុក្ខទោសយើងបាន។
១. ម៉េចបានអង្គុយយូរៗមិនងាយងើបពីកៅអី ពាក់ព័ន្ធហានិភ័យជំងឺមហារីក?
ទម្លាប់អង្គុយយូរម៉ោង ក្នុងមួយថ្ងៃៗ ត្រូវក្រុមអ្នកស្រាវជ្រាវរកឃើញថាជាមូលហេតុដើមចមមួយចំនួនដូចជាស្លាប់ដោយជំងឺមហារីក ឬជំងឺបេះដូងជាដើម។
ការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗក្រៅពីអាចប្រឈមនឹងជំងឺមហារីក ក៏នៅអាចប្រឈមខ្ពស់នឹងការកើតជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម តម្រងនោម ជំងឺសួត ជំងឺថ្លើម និងជំងឺ ទាក់ទងនឹងប្រព័ន្ធរំលាយអាហារជាដើម។
លោកស្រី Alpa Patel អ្នកដឹកនាំការសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជំងឺមហារីកសហរដ្ឋអាមេរិក(American Cancer Society Sr Scientific ) លើកឡើងថាទោះបីជាក្រុមអ្នកស្រាវជ្រាវនៅមិនទាន់ច្បាស់ថាការអង្គុយយូរកម្រិតណាអាចបង្កជាហានិភ័យនេះក៏ដោយ តែថាមនុស្សយើងគួរកាត់បន្ថយការអង្គុយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងរកពេលដើរចុះឡើងខ្លះបើយើងធ្វើការត្រូវអង្គុយយូរម៉ោង។
ការសិក្សាពន្យល់ថា ការអង្គុយយូរម៉ោងមានផលអវិជ្ជមានលើកម្រិតអ័រម៉ូនក្នុងរាងកាយ និងដំណើរការរបស់ប្រព័ន្ធភាពស៊ាំ។ អ្វីទាំងនេះហើយដែលមានទំនាក់ទំនងរវាងការអង្គុយយូរ និងការស្លាប់ដោយសារជំងឺពាក់ព័ន្ធ។
ប្រហាក់ប្រហែលគ្នានេះដែរមជ្ឈមណ្ឌលជំងឺមហារីកMD Anderson របស់សាកលវិទ្យាល័យ Texas បានលើកឡើងដែរថាការអង្គុយច្រើនម៉ោងក្នុងមួយថ្ងៃៗធ្វើឲ្យយើងប្រឈមខ្ពស់នឹងបញ្ហាសុខភាព ទោះបីជាយើងបានហាត់ប្រាណទៀងទាត់ក៏ដោយ។
អ្នកជំនាញមជ្ឈមណ្ឌលខាងលើថាការអង្គុយយូរម៉ោងអាចប្រឈមនឹងជំងឺមហារីកពោះវៀនធំ មហារីកអូវែ និងជំងឺមហារីកស្រទាប់ស្បូនជាដើម។ ក្រៅពីនេះ នៅប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងធាត់ផងដែរ។
ដូចនេះ បើយើងជាមនុស្សធ្វើការត្រូវចំណាយពេលច្រើនអង្គុយមុខកុំព្យូទ័រ គួររកពេលខ្លះងើបដើរ ដូចជាដើរទៅនិយាយជាមួយក្រុមងារ ជាជាងផ្ញើសារ ដើរទៅចាក់ទឹក ឬចតយានជំនិះឆ្ងាយពីកន្លែងធ្វើការបន្តិចដើម្បីបានដើរ ជាដើម។ ក្រៅពីនេះយើងត្រូវចំណាយពេលហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
២. ម៉េចបានមិនសូវញ៉ាំបន្លែផ្លែឈើ ពាក់ព័ន្ធហានិភ័យជំងឺមហារីក?
ការញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់នឹងជួយកាត់បន្ថយហានិភ័យកើតជំងឺជំងឺបេះដូង បញ្ចុះសម្ពាធឈាម ការពារជំងឺមហារីកជាក់លាក់មួយចំនួន និងជួយដល់សុខភាពភ្នែក និងប្រព័ន្ធរំលាយអាហារ។
ការសិក្សាជាច្រើនរកឃើញថាការញ៉ាំបន្លែ និងផ្លែឈើបានគ្រប់គ្រាន់មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងការប្រឆាំងនឹងជំងឺមហារីក។ ការអាចប្រឆាំងនឹងជំងឺមហារីក ព្រោះថាក្នុងបន្លែនឹងផ្លែឈើមានសារធាតុដែលអាចប្រឆាំងនឹងជំងឺមហារីក។ ឧទាហរណ៍ ដូចជាផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុលីកូប៉ែន ដែលអាចប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត។ សារធាតុលីកូប៉ែនជាធាតុមួយរបស់ carotenoids ដែលអាចបំប្លែងទៅជាវីតាមីនA ។ អ្នកស្រាវជ្រាវក៏ជឿដែរថាសារធាតុ carotenoidsអាចជួយប្រឆាំងនឹងជំងឺមហារីកសួត មាត់ និងបំពង់ក ផងដែរ។
អង្គការសុខភាពពិភពលោក និងអង្គការម្ហូបអាហារពិភពលោក បានណែនាំឲ្យមនុស្សយើងញ៉ាំបន្លែ និងផ្លែឈើយ៉ាងតិច៤០០ក្រាមក្នុងមួយថ្ងៃ។
[embed-health-tool-bmi]