ថ្វីបើរបបអាហារសុខភាពមិនអាចធានាថាអាចការពារយើងមិនឲ្យកើតជំងឺមហារីក តែវាក៏អាចកាត់បន្ថយហានិភ័យកើតជំងឺកាចសាហាវមួយនេះដែរ។ របបអាហារមួយចំនួន បើយើងអាចធ្វើបានក៏នឹងជួយកាត់បន្ថយហានិភ័យជំងឺមហារីកជាក់លាក់មួយចំនួន។
១. ញ៉ាំបន្លែ និងផ្លែឈើ
គ្មានបន្លែ ឬផ្លែឈើតែមួយមុខណាមួយអាចជួយការពារយើងពីជំងឺមហារីកនោះទេ។ ប៉ុន្តែការសិក្សាស្រាវជ្រាវបានរកឃើញថារបបអាហារដែលសម្បូរទៅដោយបន្លែ ផ្លែឈើចម្រុះ រួមទាំងគ្រាប់ធញ្ញជាតិ និងពពួកសណ្ដែក បានជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកច្រើនប្រភេទ។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍បញ្ជាក់ថាបន្លែ ផ្លែឈើ មានផ្ទុកវីតាមីន រ៉ែ និង phytochemicals អាចមានឥទ្ធិពលប្រឆាំងនឹងមហារីក។
២. អាហារមានជាតិស្ករ និងកាឡូរីទាប
ញ៉ាំអាហារមានជាតិស្ករតិច និងកាឡូរីទាប អាចមានឥទ្ធិពលដល់ការរក្សាទម្ងន់ឲ្យនៅថេរក្នុងកម្រិតសុខភាពល្អ។ អាហារកែច្នៃដូចជាដំឡូងបំពង ដូណាត់ ភេសជ្ជៈកំប៉ុងមានជាតិស្ករខ្ពស់ សុទ្ធតែជាអាហារអាចធ្វើឲ្យយើងឡើងទម្ងន់ តែមិនមែនឡើងទម្ងន់ក្នុងន័យសុខភាពល្អនោះទេ។ អាហារទាំងនេះនឹងធ្វើឲ្យយើងមានខ្លាញ់នៅក្បាលពោះ ក្បាលពោះដុះធំ នាំឲ្យយើងប្រឈមជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន។
ដូចគ្នាដែរ អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ដែរថា ការញ៉ាំអាហារកែច្នៃ ឬសាច់កែច្នៃច្រើនក៏អាចបង្កើនឱកាសបន្ថែមលើហានិភ័យកើតជំងឺមហារីកជាក់លាក់មួយចំនួនដែរ។
៣. កាត់បន្ថយការផឹកគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងច្រើន និងក្នុងរយៈពេលយូរ អាចធ្វើឲ្យយើងប្រឈមនឹងជំងឺមហារីកជាក់លាក់មួយចំនួនដូចជាមហារីកសុដន់ ពោះវៀនធំ សួត តម្រងនោម និងថ្លើម។ បើសិនជាយើងជាអ្នកផឹកគ្រឿងស្រវឹង គួរកំណត់ការផឹកក្នុងកម្រិតសមល្មម អាចមកត្រឹមសា្របៀរមួយកំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សស្រី និងពីរកំប៉ុងក្នុងមួយថ្ងៃសម្រាប់មនុស្សប្រុស។
៤. រក្សាទម្ងន់ខ្លួនឲ្យនៅល្អ
ក្រៅពីរបបអាហារ ការហាត់ប្រាណជាប្រចាំក៏ជួយឲ្យរាងកាយមានសុខភាពល្អ និងទម្ងន់ខ្លួនល្អផងដែរ។ ការរក្សាទម្ងន់ខ្លួនឲ្យនៅថេរក្នុងកម្រិតត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យជំងឺមហារីក រួមមានមហារីកសុដន់ មហារីកក្រពេញប្រូស្តាត សួត ពោះវៀនធំ និងមហារីកតម្រងនោម។
ការហាត់ប្រាណជាប្រចាំ អាចជួយគ្រប់គ្រងទម្ងន់បានល្អ ហើយគេជឿថាកាត់ហាត់ប្រាណបានជួយកាត់បន្ថយហានិភ័យជំងឺមហារីកជាក់លាក់មួយចំនួនដូចជាមហារីកសុដន់ និងមហារីកពោះវៀនធំថែមទៀត។
ជាការណែនាំ យើងគួរហាត់ប្រាណយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍សម្រាប់លំហាត់ប្រាណកម្រិតមធ្យម។ លំហាត់ប្រាណទាំងនេះមានដូចជា រត់ត្រឹកៗ ដើរ ជិះកង់ ហែលទឹក និងរាំអេរ៉ូប៊ិក ជាដើម។
[embed-health-tool-bmi]