ជំងឺមហារីកតម្រងនោម គឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង។ ជំងឺនេះចាប់ផ្ដើមកើតឡើងនៅពេលដែលមានការលូតលាស់ខុសប្រក្រតីនៃកោសិកានៅលើតម្រងនោមម្ខាង ឬទាំងសងខាង និងក្រោយមកវិវត្តទៅជាដុំសាច់។ ដុំសាច់នេះមាន២ប្រភេទ គឺដុំសាច់ស្លូត និងដុំសាច់កាច។ ខណៈពេលដែលដុំសាច់ស្លូត អាចព្យាបាលជាសះស្បើយ ដោយមិនមានការរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ ដុំសាច់កាចអាចគំរាមកំហែងដល់អាយុជីវិតរបស់យើងបាន។
មូលហេតុបង្កនៃជំងឺមហារីកតម្រងនោម និងកត្តាហានិភ័យ
កត្តាហានិភ័យមួយចំនួន ដែលអាចបណ្ដាលឲ្យកើតជំងឺមហារីកតម្រងនោម មានដូចតទៅ៖
១. លើសទម្ងន់ ឬធាត់ជ្រុល
ជាក់ស្ដែង ការលើសទម្ងន់ ឬធាត់ជ្រុលមានពាក់ព័ន្ធនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកជាច្រើន ដូចជាជំងឺមហារីកសុដន់ ថ្លើម លំពែង ក្រពះ និងមហារីកតម្រងនោម។ ម្យ៉ាងវិញទៀត ពេលវេលានៃការឡើងទម្ងន់ ក៏អាចប៉ះពាល់ដល់ការកើតជំងឺមហារីកដូចគ្នា ជាពិសេស គឺនៅពេលដែលយើងនៅក្មេង និងនៅក្នុងវ័យជំទង់។
២. ការជក់បារី
យើងដឹងហើយថា ការជក់បារីផ្ដល់ផលវិបាកដល់សុខភាពជាច្រើន ហើយជំងឺដ៏គ្រោះថ្នាក់បំផុតមួយនៃការជក់បារី គឺជំងឺមហារីកតម្រងនោម។ កត្តានេះ បណ្ដាលមកពីសួតទាំងពីររបស់យើងស្រូបយកសារធាតុគីមីដែលបង្កជំងឺមហារីកភាគច្រើន។ នៅពេលដែលសារធាតុគីមីទាំងនេះលាយជាមួយនឹងឈាម វាអាចទៅកាន់តម្រងនោម ដែលជាហេតុនាំឲ្យតម្រងនោមរបស់យើងត្រូវបំផ្លាញ។
៣. តំណពូជ
ដូចទៅនឹងជំងឺមហារីកដទៃទៀតដែរ ជំងឺមហារីកតម្រងនោមអាចកើតឡើងដោយសារកត្តាតំណពូជ។ យោងតាមអ្នកជំនាញបានបង្ហាញថា អ្នកដែលមានការប្រែប្រួលហ្សែន មានឱកាសខ្ពស់ក្នុងការកើតជំងឺមហារីកមួយប្រភេទនេះ បើប្រៀបធៀបនឹងអ្នកដែលគ្មានប្រវត្តិគ្រួសារកើតជំងឺនេះ។
៣. សម្ពាធឈាមខ្ពស់
មួយវិញទៀត អ្នកដែលមានសម្ពាធឈាមខ្ពស់ ត្រូវការប្រើប្រាស់ថ្នាំជាក់លាក់មួយចំនួន ហើយការប្រើប្រាស់ថ្នាំទាំងនេះ មានគ្រោះថ្នាក់ដល់តម្រងនោម ក៏ដូចជាបង្កជាជំងឺមហារីកថែមទៀតផង។
សញ្ញាគ្រោះថ្នាក់ និងរោគសញ្ញានៃជំងឺមហារីកតម្រងនោម
១. នោមឈាម
សញ្ញាទូទៅមួយនៃជំងឺមហារីកតម្រងនោម គឺនោមមានឈាម។ ជំងឺមហារីកនេះអាចបង្ហាញរោគសញ្ញាតែនៅក្នុងដំណាក់កាល២ចុងក្រោយប៉ុណ្ណោះ។ ដូច្នេះហើយ ប្រសិនបើយើងឃើញមានឈាមនៅក្នុងទឹកនោម វាអាចបង្ហាញថា ជំងឺមហារីកតម្រងនោមរបស់យើងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។
២. អស់កម្លាំងជាប្រចាំ
អាការៈអស់កម្លាំងជាប្រចាំក៏អាចបង្ហាញពីរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដូចជាជំងឺមហារីកតម្រងនោមជាដើម។ ហេតុនេះហើយ គ្នាយើងគប្បីតាមដានឲ្យបានដិតដល់ ក៏ដូចជាពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
៣. ស្រកទម្ងន់ភ្លាមៗ
ការស្រកទម្ងន់ភ្លាមៗក៏អាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។ តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ និងការធ្វើមេតាប៉ូលីសក្នុងរាងកាយ។ ប្រសិនបើយើងមានជំងឺមហារីកតម្រងនោម វាក៏អាចបណ្ដាលឲ្យយើងមានបញ្ហារំលាយអាហារ ក៏ដូចជាធ្វើឲ្យយើងស្រកទម្ងន់ ឬប្រែប្រួលចំណង់អាហារ។
[embed-health-tool-bmi]