backup og meta

Pancreatitis (ជំងឺ​រលាក​លំពែង)

Pancreatitis (ជំងឺ​រលាក​លំពែង)

និយមន័យ

១- អ្វី​ទៅ​ជាជំងឺ​រលាក​លំពែង?

ជំងឺ​រលាក​លំពែង គឺ​ជា​ជំងឺ​ដែល​ធ្វើ​ឲ្យ​រលាក​និង​ហើម​ទៅ​លើ​លំពែង។ លំពែក​គឺ​ជា​ក្រពេញ​ដែល​មាន​រាង​ទ្រវែង​សំប៉ែត ដែល​ផ្ដេក​នៅ​ពីក្រោយ​ក្រពះ នៅ​ផ្នែក​ខាង​លើ​របស់​ពោះ។ លំពែង​មាន​មុខងារ​បញ្ចេញ​អង់ហ្ស៊ីម​រំលាយ​ចូល​ទៅ​ក្នុង​ពោះវៀន​តូច ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​អ័រម៉ូន​អាំងស៊ុយលីន និង​គ្លុយកាហ្គុង (Glucagon) ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​បំបែក​និង​គ្រប់​គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន។ ជំងឺ​រលាក​លំពែង​​​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ រលាក​លំពែង​ស្រួច​ស្រាវ និង​រលាក​លំពែង​រ៉ាំរ៉ៃ។

ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ គឺ​ជា​ការ​រលាក​ភ្លាម​ៗ ដែល​កើត​ឡើង​មាន​រយៈពេល​ខ្លី ដែល​វា​មាន​កម្រិត​ចាប់​ពី​ស្រាល​ទៅ​ដល់​ធ្ងន់​ធ្ងរ ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។ អ្នក​ជំងឺ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​នេះ នឹង​ជា​សះស្បើយ​ពេញ​លេញ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ចំពោះ​ករណី​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ក្នុង​ក្រពេញ​នោះ​តែ​ម្ដង ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ជាលិកា​ក្រពេញ​ធ្ងន់​ធ្ងរ មាន​ការ​បង្ក​រោគ និង​ធ្វើ​ឲ្យ​កើត​ជា​គីស។ ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​សំខាន់​ផ្សេង​ទៀត​ដូច​ជា បេះដូង សួត និង​តម្រង​នោម។

ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ គឺ​ជា​ជំងឺ​ដែល​លំពែង​ទទួល​រង​ការ​រលាក​យូរ​អង្វែង។ ជំងឺ​នេះ​ច្រើន​កើត​ឡើង​បន្ទាប់​ពី​មាន​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ ហើយ​អ្នក​ដែល​ច្រើន​តែ​មាន​ជំងឺ​នេះ គឺ​ច្រើន​តែ​អ្នក​ដែល​ផឹក​ស្រា​ច្រើន។

ការ​ខូច​លំពែង​ដោយ​សារ​តែ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន (ស្រា ឬ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផ្សេង​ទៀត) អាច​នឹង​មិន​បង្ក​ឲ្យ​ឃើញ​រោគ​សញ្ញា​ជា​ច្រើន​ឆ្នាំ​ទេ ប៉ុន្តែ ពេល​អ្នក​ជំងឺ​ឈឺ វា​នឹង​វិវត្តចេញ​ជា​រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ​តែ​ម្ដង។

២- តើ​ជំងឺ​​រលាក​លំពែងកើត​ឡើង​ញឹក​ញាប់​ឬ​ទេ?

ជំងឺ​រលាក​លំពែង អាច​នឹង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​វា​អាច​គ្រប់​គ្រង​បាន​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​ផ្សេងៗ។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖ Pancreatic cancer (មហារីក​លំពែង)

រោគ​សញ្ញា

៣- តើ​រោគ​សញ្ញាជំងឺ​រលាក​លំពែងមាន​អ្វី​ខ្លះ?

រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​រួម​មាន៖

-ឈឺ​ពោះ​ផ្នែក​ខាង​លើ​ដែល​រាល​មក​ក្នុង​ខ្នង វា​អាច​ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​ញ៉ាំ​អាហារ ជា​ពិសេស​ពពួក​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន។

-ហើម​និង​តឹង​ណែន​ក្នុង​ពោះ

-ក្អួត​ចង្អោ

-គ្រុន​ក្ដៅ

-ចង្វាក់​បេះដូង​កើន​ឡើង

រោគ​សញ្ញា​នៃ​ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​៖

រោគ​សញ្ញា​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ​ដែរ ប៉ុន្តែ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន ស្រក​ទម្ងន់ ដោយ​សារ​តែ​ការ​ស្រូប​អាហារ​ចូល​ក្នុង​រាង​កាយ​មិន​ល្អ។ ការ​ស្រូប​អាហារ​មិន​ល្អ​នេះ អាច​កើត​ឡើង​ដោយសារ​តែ​ក្រពេញ​នេះ មិន​បញ្ចេញ​អង់ហ្ស៊ីម​ដើម្បី​បំបែក​អាហារ​​ឲ្យ​បាន​គ្រប់​គ្រាន់។ ដូច​គ្នា​នេះ​ដែរ ជំងឺ​ទឹក​នោម​ផ្អែម អាច​នឹង​កើត​មាន​ផង​ដែរ ប្រសិន​បើ​ការ​រលាក​នេះ​ធ្វើ​ឲ្យ​ខូច​កោសិការ​លំពែង​ដែល​ផលិត​អាំងស៊ុយលីន។

​នៅ​អាចមាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- តើ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

សូម​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម​ប្រសិន​បើ​យើង​មាន​អាការៈ​ឈឺ​ចុក​ពោះ​ញឹក​ញាប់។ សូម​រក​ការ​ជួយ​សង្គ្រោះ​ពី​គ្រូពេទ្យ​ភ្លាម​បើ​សិន​ការ​ឈឺ​ចុក​ពោះ​នោះ ធ្ងន់​ធ្ងរ​ខ្លាំង​ដែល​យើង​​មិន​អាច​ទ្រាំ​បាន ឬ​មិន​មាន​ឥរិយាបទ​មួយ​ណា​ដែល​ធ្វើ​ឲ្យ​យើង​​សម្រួល​ការ​ឈឺ​ចាប់​បាន។

មូលហេតុ

៥- តើ​ជំងឺ​រលាក​លំពែងបង្ក​ឡើង​ដោយ​មូលហេតុ​អ្វី?

ញៀន​ស្រា

– គ្រួស​ថង់​ទឹក​ប្រមាត់

– ការ​វះកាត់​នៅ​ត្រង់​ពោះ

– ថ្នាំ​ពេទ្យ​មួយ​ចំនួន

អ្នក​ជក់​បារី

– ជំងឺ Cystic fibrosis

– ការ​ធ្វើ​តេស្ត ERCP (Endoscopic retrograde Cholangiopancreatography) ពេល​ព្យាបាល​គ្រួស​ថង់​ទឹក​ប្រមាត់

– ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​រលាក​លំពែង

– កម្រិត​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​ខ្ពស់ (Hypercalcemia) ដែល​អាច​បង្ក​ឡើយ​ដោយ​ក្រពេញ ប៉ារ៉ាទីរ៉ូអ៊ីត (Parathyroid Gland) សកម្ម​ខ្លាំង​ពេក។

កម្រិត​ខ្លាញ់ ទ្រីគ្លីសេរីត ក្នុង​ឈាម​ខ្ពស់

– មាន​ការ​បង្ក​រោគណា​មួយ

– រង​របួស​ត្រង់​ពោះ

– មាន​ជំងឺ​មហារីក​លំពែង

កត្តាប្រឈម

៦- កត្តា​ប្រឈម​អ្វី​ខ្លះ​​នាំឲ្យ​កើត​​ជំងឺ​រលាក​លំពែង?

មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ ដូច​ជា៖

– ការ​ផឹក​ស្រា​ច្រើន​រយៈពេល​យូរ

– ជំងឺ​តំណ​ពូជ​មួយ​ចំនួន​ដូច​ជា​ជំងឺ Cystic Fibrosis

– គ្រួស​ថង់​ទឹក​ប្រមាត់

– ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​ឡើង​ជាតិ​ខ្លាញ់​ទ្រីគ្លីសេរីត​ខ្ពស់ និង​ជំងឺ Lupus (ជំងឺ​ម្យ៉ាង​ដែល​ប្រព័ន្ធ​ការពារ​រាង​កាយ​ប្រឆាំង​នឹង​ខ្លួន​ឯង – Autoimmune)

អត្ថបទពាក់ព័ន្ធ៖ Colitis (ជំងឺរលាក​ពោះវៀនធំ)

រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ព័ត៌មាន​ដែល​ផ្ដល់​ឲ្យ​នេះ​មិន​មែន​ជា ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​វេជ្ជសាស្រ្ដ​នោះ​ទេ​ គប្បី​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។

៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?

គ្រូពេទ្យ​នឹង​សួរ​សំនួរ ពី​ប្រវត្តិ​ជំងឺ និង​ធ្វើ​តេស្ត​ពិនិត្យ​រាង​កាយ​មួយ​ចំនួន ហើយ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ដើម្បី​ជំនួយ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​។ អំឡុង​ពេល​មាន​ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ ឈាម​នឹង​មាន​កម្រិត​អង់ហ្ស៊ីម អាមីឡាស (Amylase) និង លីប៉ាស (Lipase) ​កើន​ឡើង​យ៉ាង​តិច​បី​ដង​នៃ​កម្រិត​ធម្មតា ហើយ​អងហ្ស៊ីម​ទាំង​នេះ គឺ​ជា​អង់ហ្ស៊ីម​រំលាយ​អាហារ បញ្ចេញ​ដោយ​លំពែង។ ការ​ប្រែ​ប្រួល​សារធាតុ​គីមី​នៅ​ក្នុង​រាង​កាយ​ផ្សេង​ទៀត​អាច​មាន​នឹង​កើត​មាន ​ដូច​ជា ជាតិ​ស្ករ កាល់ស្យូម ម៉ាញ៉េស្យូម សូដ្យូម ប៉ូតាស្យូម និង​ប៊ីកាបូណាត។ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​បាន​ធូរស្រាល កម្រិត​សារធាតុ​ទាំង​នោះ​នឹង​ត្រលប់​មក​ធម្មតា​វិញ។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ ជំងឺរលាកលំពែង​​នេះ គឺ​ច្រើន​តែ​លំបាក ពី​ព្រោះ​តែ​ទី​តាំង​របស់​លំពែង​គឺ​នៅ​កន្លែង​ដែល​ជ្រៅ​ក្នុង​រាង​កាយ ហើយ​គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​មួយ ឬ​ច្រើន​ជាង​នេះ ក្នុង​ចំណោម​តេស្ត​ខាង​ក្រោម៖

– អេកូ​ពោះ

– ថត​ស៊ីធី​ស្កេន (Computerized tomography Scan)

– Endoscopic ultrasound (EUS)

– Magnetic resonance cholangiopancreatography (MRCP)

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យាបាល​ជំងឺ​រលាកលំពែង ជា​ទូទៅ​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ។ ពេល​ដែល​ស្ថាន​ភាព​ជំងឺ​នឹង​នរ​នៅ​ក្នុង​មន្ទី​ពេទ្យ ហើយ​ការ​រលាក​លំពែង​អាច​គ្រប់​គ្រង​បាន​ហើយ​នោះ គ្រូពេទ្យ អាច​នឹង​បន្ត​ព្យាបាល​មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​រលាក​លំពែង។

ការ​សម្រាក​ពេទ្យ​ដើម្បី​ឲ្យ​ស្ថានភាព​ជំងឺ​រលាក​លំពែង​នឹង​នរ៖

ប្រសិន​បើយើង​មាន​ជំងឺ​រលាក​លំពែង នោះ​គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​យើង​​សម្រាក​ពេទ្យ​ដើម្បី​ថែ​ទាំ។ ការ​ព្យាបាល​ដំបូង​គឺ​ជួយ​គ្រប់​គ្រង​ស្ថានភាព​រលាក និង​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ដោយ​រួម​មាន៖

-ឲ្យ​យើង​​ឈប់​ញ៉ាំ​អាហារ​ពីរ​បី​ថ្ងៃ ពេល​នៅ​ក្នុង​មន្ទីរ​ពេទ្យ ដើម្បី​ឲ្យ​លំពែង​មាន​ឱកាស​សះស្បើយ​មក​វិញ។ ពេល​ដែល​បញ្ហា​រលាក​លំពែង​អាច​គ្រប់​គ្រង​បាន​ហើយ គ្រូពេទ្យ​អាច​នឹង​អនុញ្ញាត​ឲ្យ​យើង​​ផឹក​ទឹក ឬ​ញ៉ាំ​អាហារ​ដែល​ទន់​បាន។ ពេល​យូរ​ទៅ យើង​​នឹង​អាច​ហូប​អាហារ​តាម​ធម្មតា​បាន​វិញ។ បើ​សិន​ជំងឺ​រលាក​លំពែង​នៅ​តែ​មាន នោះ​យើង​នឹង​ឈឺ​នៅ​ពេល​ដែល​ញ៉ាំ​អាហារ ហើយ​គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​យើង​​សុង​បំពង់​អាហារ​ដើម្បី​ឲ្យ​រាង​កាយ​​ទទួល​បាន​ជីវជាតិ​ចិញ្ចឹម។

-ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ដូច​នេះ ក្រុម​គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដើម្បី​គ្រប់គ្រង​បញ្ហា​ឈឺ​ចាប់​នេះ។

-ចាក់​សេរ៉ូម​។ ដោយ​សារ​តែ​រាង​កាយ​យើង​​ត្រូវ​ការ​ថាមពល​និង​ជាតិ​ទឹក​ដើម្បី​ជួស​ជុល​លំពែង​ដែល​មាន​បញ្ហា​នោះ ហេតុ​នេះ​ហើយយើង​អាច​នឹង​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក (Dehydrated)។ ដោយ​មូល​ហេតុ​នេះ គ្រូពេទ្យ​នឹង​ចាក់​ព្យួរ​សេរ៉ូម​ដល់យើង​ នៅ​អំឡុង​ពេល​ដែល​កំពុង​សម្រាក​ពេទ្យ​នេះ។

នៅ​ពេល​ស្ថាន​ភាព ជំងឺ​អាច​គ្រប់​គ្រង​បាន​ហើយ ក្រុម​គ្រូពេទ្យ​អាច​នឹង​ចាប់​ផ្ដើម​ព្យាបាល​មូល​ហេតុ​ដែល​នាំ​ឲ្យ​យើង​រលាក​លំពែង​នេះ។ ការ​ព្យាបាល​នឹង​អាស្រ័យ​លើ​មូល​ហេតុ​ដែល​នាំ​ឲ្យ​​រលាក​លំពែង ជា​ឧទាហរណ៍​នៃ​ការ​ព្យាបាល​រួម​មាន៖

– វិធីសាស្ត្រ​វះកាត់​បំពង់​ទឹក​ប្រមាត់​ដែល​ស្ទះ

– ការ​វះកាត់​ថងទឹក​ប្រមាត់

– ការ​វះកាត់​លំពែង

– ការ​ព្យាបាល​បញ្ហា​ញៀន​ស្រា

ជំងឺ​រលាក​លំពែង​រ៉ាំ​រ៉ៃ អាច​នឹង​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​របស់យើង​។ ការ​ព្យាបាល​ផ្សេងទៀត​សម្រាប់​បញ្ហា​រលាក​លំពែង​រ៉ាំរ៉ៃ​រួម​មាន៖

– ការ​គ្រប់​គ្រង​លើ​អាការៈ​ឈឺ​ចាប់

– ការ​វះកាត់

– បង្កើន​អង់ហ្ស៊ីម​រំលាយ​អាហារ

– ការ​ផ្លាស់​ប្ដូរ​របប​អាហារ

ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ និង​ព្យាបាល​នៅ​ផ្ទះ

៨- តើ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ឬ​ការ​ព្យាបាល​នៅ​ផ្ទះ​អ្វី​ខ្លះ​ ដែល​អាច​ជួយ​គ្រប់​គ្រង ជំងឺ​រលាក​លំពែង?

ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

ឈប់​ផឹក​ស្រា។ បើ​សិន​យើង​មិន​អាច​ឈប់​ផឹក​ស្រា​ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​បាន​ទេ សូម​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​នឹង​បញ្ជូន​យើង​ទៅ​ជួប​អ្នក​ជំនាញ​ដើម្បី​ជួយ​អ្នក​បញ្ឈប់​ការ​ញៀនស្រាបាន។

ឈប់​ជក់​បារី។ បើ​សិន​យើង​​ជក់​បារី សូម​បញ្ឈប់​ភ្លាម។ បើ​សិនយើង​មិន​ជក់​ទេ សូម​កុំ​សាក​ល្បង​ជក់​ឲ្យ​សោះ។ បើ​សិន​យើង​​មិន​អាច​ឈប់​ជក់​បាន​ទេ សូម​រក​ជំនួយ​ពី​គ្រូពេទ្យ។ ថ្នាំ​ពេទ្យ​នឹង​ការ​ពិគ្រោះ​យោបល់​អាច​ជួយ​យើង​បញ្ឈប់​ការ​ជក់​បារី​បាន។

ត្រូវ​ជ្រើស​រើស​របប​អាហារ​ដែល​មាន​ខ្លាញ់​តិច។ សូម​ជ្រើស​រើស​ញ៉ាំ​អាហារ​ដែល​​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប ផ្លែ​ឈើ​ស្រស់ និង​បន្លែ គ្រាប់​ធញ្ញជាតិ និង​ប្រូតេអ៊ីន​សុទ្ធ។

ត្រូវ​ញ៉ាំទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ជំងឺ​រលាក​លំពែង អាច​ធ្វើ​ឲ្យ​យើង​​បាត់​បង់​ជាតិ​ទឹក ដូច​នេះ​សូម​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ពេញ​មួយ​ថ្ងៃ ហើយ​ត្រូវ​តែ​មាន​ទឹក នៅ​ជាប់​ខ្លួន​ជានិច្ច​ពេល​ទៅ​ណា​ក៏​ដោយ​។

បើ​សិន​អ្នក​មាន​សំនួរ​អ្វី សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ ដើម្បី​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​យើង។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pancreatitis. http://www.healthline.com/health/pancreatitis#Overview1. Accessed October 3, 2016.

Pancreatitis. https://medlineplus.gov/pancreatitis.html. Accessed October 3, 2016.

Pancreatitis. https://www.niddk.nih.gov/health-information/health-topics/liver-disease/pancreatitis/Pages/facts.aspx. Accessed October 3, 2016.

Pancreatitis. http://www.mayoclinic.org/diseases-conditions/pancreatitis/basics/definition/con-20028421. Accessed October 3, 2016.

What Is Pancreatitis? http://www.webmd.com/digestive-disorders/digestive-diseases-pancreatitis#1. Accessed October 3, 2016.

កំណែ​ប្រែបច្ចុប្បន្ន

09/11/2021

អត្ថបទ​ដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ

មហារីកពោះវៀនធំ ជាមូលហេតុចម្បងនាំឲ្យមនុស្សពេញវ័យស្លាប់ច្រើនជាងគេ

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត



អត្ថបទ​ដោយ គឹម កាណែល · កែ Nov 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម