សម្រាប់ស្រីៗគ្នាយើង ជំងឺមហារីកដែលប្រឈមខ្ពស់នោះគឺមហារីកសុដន់នេះឯង ហើយរោគសញ្ញារបស់វាមួយចំនួន យើងមិនសូវជាដឹង ឬចាប់អារម្មណ៍ទៅលើវាប៉ុន្មានទេ ដូចជា ឈឺក្លៀក រមាស់ចុងសុដន់ ឬចុងសុដន់លិបចូលក្នុងជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសផ្នែកជំងឺមហារីក និងជំងឺឈាម បានឲ្យដឹងថា “ជាក់ស្ដែង ការឈឺនៅក្នុងតំបន់ក្លៀក វាអាចជាសញ្ញាមួយនៃមហារីកសុដន់រាលដាលទៅកូនកណ្ដុរនៅក្នុងក្លៀកអ្នកជំងឺ។”
លោកវេជ្ជបណ្ឌិតបន្តថា ប៉ុន្តែ ស្ត្រីទាំងអស់ដែលមានឈឺចុកចាប់នៅតំបន់ក្លៀក មិនមានន័យថា សុទ្ធតែកើតមហារីកសុដន់ទាំងអស់នោះទេ ព្រោះមានជំងឺផ្សេងជាច្រើនទៀតក៏ចេញរោគសញ្ញានេះដែរ គ្រាន់តែជំងឺមហារីកសុដន់ កាលណាដែលរាលដាលដល់ក្លៀកក៏វាបណ្ដាលឲ្យឈឺបែបនេះដែរ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ជំងឺមហារីកសុដន់នៅមិនទាន់រកមូលហេតុច្បាស់លាស់នៅឡើយទេថា វាកើតឡើងបណ្ដាលមកអ្វី តែខាងក្រុមគ្រូពេទ្យដឹងត្រឹមតែ ជំងឺមហារីកនេះកើតឡើងនៅពេលដែលកោសិកាសុដន់ចាប់ផ្ដើមលូតលាស់ខុសប្រក្រតី ហើយកត្តាប្រឈមនឹងជំងឺមហារីកសុដន់មានច្រើនគួរឲ្យយកចិត្តទុកដាក់ដូចជា កត្តាអាយុ ភេទ ប្រវត្តិគ្រួសារធ្លាប់មានជំងឺនេះ កត្តាហ្សែន អស់រដូវ។ល។
ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេលសុដន់៖
-ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច
-មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ
-សុដន់ម្ខាងធំជាងម្ខាងទៀត
-ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់
ប្រសិនបើ ជួបបញ្ហាទាំងនេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
- ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?
- កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន?
- ចម្ងល់សំខាន់ៗទាំង ៦ ចាំបាច់ត្រូវដឹង ក្រោយព្យាបាលមហារីកសុដន់
- សំណួរដែលស្រីៗកើតមហារីកដោះចង់ដឹងបំផុត
- កំពុងពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី គួរធ្វើតេស្តចាំបាច់ទាំងនេះ
- ថ្នាំពន្យារកំណើត អាចកាត់បន្ថយហានិភ័យមហារីក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]