មនុស្សស្រីជាច្រើននៅតែអាចមានផ្ទៃពោះបាននៅពេលមានអាយុលើសពី៣៥ឆ្នាំ ឬច្រើនជាងនេះទៀត។ ប៉ុន្តែ ការមានផ្ទៃពោះនៅអាយុកាន់តែច្រើននេះអាចប្រឈមនឹងហានិភ័យមួយចំនួនទាំងម្ដាយ និងកូនបាន។ តើហានិភ័យទាំងនោះមានអ្វីខ្លះ? គួរដោះស្រាយបែបណា?
១.មិនអាចមានកូនបាន
នៅពេលស្រីៗយើងអាយុកាន់តែច្រើន យើងក៏កាន់តែខិតទៅរកពេលអស់រដូវដូចគ្នា។ ស៊ុតមេជីវិតញីមានមកជាមួយស្រីៗយើងតាំងពីចាប់កំណើត នៅពេលវេលាកាន់តែទៅមុខ ចំនួនស៊ុតក៏ថយចុះជាបន្តបន្តបន្ទាប់ និងកាន់តែតិចជាងមុន។ កាលណាយើងកាន់តែចាស់ ទាំងចំនួនស៊ុតមេជីវិតញីក៏កាន់តែតិច និងខ្សោយ ដែលជាហេតុអាចធ្វើឲ្យយើងមិនងាយបង្កកំណើតបាន។
២.រលូតកូន
នៅពេលគុណភាពមេជីវិតញីធ្លាក់ចុះ នោះអត្រាប្រឈមនឹងហានិភ័យនៃការរលូតកូនក៏កើនឡើងដែរ។ ការរលូតកូន ក៏អាចកើតមានដែរ ដោយសារយើងបានប្រើប្រាសថ្នាំព្យាបាលជំងឺណាមួយ ដូចជាសម្ពាធឈាមខ្ពស់ ឬជំងឺទឹកនោមផ្អែម។ ដូចនេះ ស្រីៗយើងដែលមានផ្ទៃពោះនៅអាយុលើសពី៣៥ឆ្នាំ ជាការចាំបាច់ណាស់ត្រូវតាមដានសុខភាពពេលមានផ្ទៃពោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីបានដឹងពីបញ្ហាបានទាន់ពេលវេលា។
៣.បញ្ហាក្រូម៉ូស្យូម
កាលណាស្រីៗយើងមានវ័យកាន់តែច្រើន យើងក៏កាន់តែប្រឈមមុខនឹងបញ្ហាក្រូម៉ូស្យូមដែរ។ ស្រ្តីមានវ័យកាន់តែច្រើន កូនអាចមានជំងឺ Down syndrome ទាក់ទងនឹងការលូតលាស់មិនបានល្អទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា។ ជាក់ស្តែងស្រីៗក្នុងវ័យខ្ទង់ ២០ឆ្នាំមានតែម្នាក់ក្នុងចំណោម១៤៨០នាក់ប៉ុណ្ណោះអាចមានកូនជួបបញ្ហានេះ តែសម្រាប់ស្រ្តីមានវ័យខ្ទស់៤០ឆ្នាំវិញក្នុងចំណោម៨៥នាក់អាចមានម្នាក់។
៤.ជំងឺទឹកនោមផ្អែមពេលពពោះ
ការកើតមានជំងឺទឹកនោមផ្អែមពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃមានការលូតលាស់កាន់តែធំ។ នៅពេលកូនក្នុងផ្ទៃ ធំពេក អាចធ្វើឲ្យម្ដាយមានរបួសពេលឆ្លងទន្លេ។ ដូចគ្នាដែរ បើម៉ាក់ៗមានជំងឺទឹកនោមផ្អែមពេលពពោះ នឹងធ្វើឲ្យម៉ាក់មានសម្ពាធឈាមឡើងខ្ពស់ដែរ ដែលអាចនាំឲ្យមានការសម្រាលមុនខែ ឬផលវិបាកផ្សេងៗទៀត។
៥.សម្ពាធឈាមឡើងខ្ពស់
ការឡើងសម្ពាធឈាមឡើងខ្ពស់អំឡុងពេលមានផ្ទៃពោះ ឬជំងឺបម្រុងក្រឡាភ្លើង ច្រើនកើតមានលើស្រីៗមានផ្ទៃពោះនៅអាយុលើសពី៤០ឆ្នាំ។
៦.កូនកើតមិនគ្រប់គីឡូ
ផលវិបាកផ្សេងៗកើតមានអំឡុងពេលមានផ្ទៃពោះអាចធ្វើឲ្យកូនកើតមិនគ្រប់ខែ និងមានមិនគ្រប់គីឡូ ដែលអាចបង្កទៅជាមានផលវិបាកផ្សេងៗបន្ថែមទៀត។
៧.ត្រូវសម្រាលដោយវះកាត់
ដោយសារតែផលវិបាកផ្សេងៗពេលមានផ្ទៃពោះ នាំឲ្យស្រីៗយើងប្រឈមនឹងការសម្រាលដោយវះកាត់កាន់តែខ្ពស់ ជាជាងសម្រាលតាមធម្មជាតិ។ ការសម្រាលដោយវះកាត់នេះ ជាក់ស្ដែងកើតមានច្រើនលើស្រ្តីមានផ្ទៃពោះនៅវ័យចំណាស់។ អត្រាសម្រាលដោយតម្រូវឲ្យវះកាត់មានត្រឹម២៦ភាគរយសម្រាប់ស្រីៗមានវ័យខ្ទង់២០ឆ្នាំ ឡើងដល់៤០ភាគរយសម្រាប់ស្រីៗមានវ័យ៣៥ឆ្នាំ និងឡើងដល់៤៨ភាគរយសម្រាប់ស្រីៗមានវ័យ៤០ឆ្នាំ។
ដូចនេះហើយ បើស្រីៗយើងមានផ្ទៃពោះក្នុងវ័យដូចបានរៀបរាប់ខាងលើ ជាការចាំបាច់ណាស់ត្រូវតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ព្រោះថាគ្រូពេទ្យអាចនឹងណែនាំយើងឲ្យពិនិត្យសុខភាពកូនក្នុងផ្ទៃច្រើនជាងអ្នកមានផ្ទៃពោះនៅវ័យក្មេងជាងនេះ។
គួរអាន៖
- ហេតុអ្វីគួរធ្វើតេស្តរកជំងឺកាមរោគពេលពពោះ?
- ឆ្លងប្រមេះទឹកបាយពេលពពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន
- គួរដឹង! ជំងឺឆ្លងពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ
- ធ្លាក់ទឹករម្អិលពេលពពោះអាចគ្រោះថ្នាក់ បើមានរោគសញ្ញាទាំង ៦នេះ
- ទាំងនេះ ជាមូលហេតុធ្វើឲ្យទងសុករុំកទារកក្នុងផ្ទៃ
[embed-health-tool-due-date]