អំឡុងពេលពពោះ ជាពេលវេលាសំខាន់ សប្បាយរីករាយ ក៏ជាពេលវេលាស្រីៗគ្នាយើងកើតមានក្តីបារម្ភខ្លាំងដូចគ្នា។ អំឡុងពេលនេះ សំណួរជាច្រើនអាចកើតមានឡើងគ្រប់ពេលវេលា ក្នុងនោះសំណួរ “Hello គ្រូពេទ្យ” ឧស្សាហ៍ជួបបំផុត អំឡុងពេលពពោះ តើឆ្លុះអេកូបានប៉ុន្មានដង? ឆ្លុះដើម្បីអ្វីខ្លះ?។ ឈប់ឆ្ងល់ទៀត អត្ថបទនេះនឹងប្រាប់លម្អិតឲ្យគ្នាយើងបានដឹង។
ពពោះគួរឆ្លុះអេកូប៉ុន្មានដង?
សម្រាប់ចម្ងល់គ្នាយើងចង់ដឹងថាអំឡុងពពោះរហូតដល់សម្រាលយើងគួរឆ្លុះអេកូ (Ultrasound) ប៉ុន្មានដង គឺមិនមានការបញ្ជាក់ច្បាស់នោះឡើយ ព្រោះការឆ្លុះអេកូ អាស្រ័យទៅលើកត្តាសុខាភាពជាក់ស្តែងរបស់មនុស្សស្រី និងកត្តាពពោះរបស់យើង។ ប៉ុន្តែទោះជាយ៉ាងណា ជាទូទៅការឆ្លុះអេកូជាក់លាក់ ត្រូវគេបែងចែកជា ៦ ដំណាក់កាល។
១- ឆ្លុះអេកូដំណាក់កាលពពោះដំបូង (៦-៨ សប្តាហ៍)
ការឆ្លុះអេកូលើដំបូងដែលជាធម្មតាធ្វើនៅចន្លោះសប្តាហ៍ទៅ ៦-៨ នៃការពពោះ។ ទោះជាយ៉ាងណា ពេទ្យហៅយើងឆ្លុះអេកូដំណាក់កាលនេះ គឺធ្វើឡើងលុះត្រាតែយើងជាមនុស្សប្រឈមហានិភ័យបញ្ហាសុខភាពច្រើនដោយសារពពោះ ក្នុងនោះរាប់បញ្ចូលទាំងការធ្លាក់ឈាម ឈឺពោះ ធ្លាប់មានប្រវត្តិកូនពិការពីកំណើត ឬរលូតជាដើម។
ការធ្វើតេស្តដោយឆ្លុះអេកូលើកដំបូងនេះ អាចប្រហែលជាធ្វើឡើងតាមទ្វារមាស ដើម្បីពេទ្យអាចពិនិត្យច្បាស់ពីរូបភាពរបស់គភ៌ក្នុងផ្ទៃ។
នៅសប្តាហ៍ទី ៦ នៃការពពោះ ក៏ជាពេលវេលាយើងអាចមើលឃើញបេះដូងគភ៌កំពុងលោត ខណៈពេទ្យដែលឆ្លុះអេកូឲ្យយើង អាចព្យាករពីថ្ងៃកូនយើងសម្រាល តាមដានការបង្វិល ក៏ដូចជាដឹងច្បាស់ពីចំនួនកូនក្នុងផ្ទៃយើងជាក់លាក់ ហើយបើទោះជាបីមានបញ្ហាកូនក្រៅស្បូន ក៏អាចមើលដឹងទាន់ពេលដែរ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះថ្នាក់ណាស់!
- អ្វីជាសុក ហើយសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រីពពោះ?
- មកដឹងលម្អិតពីករណីសុកពាំងមាត់ស្បូនពេលពពោះ គ្រោះថ្នាក់ខ្លាំងណាស់
២- ការណាត់ឆ្លុះអេកូ (១០-១៣ សប្តាហ៍)
គ្នាយើងដែលខកខានមិនបានឆ្លុះអេកូដំណាក់កាលដំបូង ប្រហែលជាត្រូវណាត់ពេទ្យឆ្លុះអេកូអំឡុងសប្តាហ៍ទី ១០ ទៅទី ១៣។ ការឆ្លុះដំណាក់កាលនេះ ក៏អាចផ្តល់ព័ត៌មានជាក់លាក់ឲ្យយើងមួយចំនួន ដូចជាថ្ងៃសម្រាល ការវាស់ប្រវែងគភ៌ ចំនួនកូនក្នុងផ្ទៃ និងចង្វាក់បេះដូងគភ៌។
៣- ឆ្លុះអេកូពិនិត្យមើលកម្រាស់កញ្ចឹងក (១៤-២០ សប្តាហ៍)
ការឆ្លុះនៅដំណាក់កាលនេះ ជាភាសាបច្ចេកទេសហៅ Nuchal Translucency Ultrasound ដែលត្រូវធ្វើចន្លោះសប្តាហ៍ទៅ ១៤-២០ ដើម្បីពិនិត្យរកមើលបញ្ហាសុខភាពមួយចំនួន ដូចជារោគសញ្ញា Down syndrome (ជំងឺខ្សោយប្រាជ្ញាពីកំណើត) និងភាពមិនប្រក្រតីនៃក្រូម៉ូសូមផ្សេងទៀត។ នេះបើតាមការអះអាងពីវេជ្ជបណ្ឌិត សាស្ត្រាចារ្យ Joanne Stone អ្នកវិទ្យាសាស្ត្រផ្នែកសម្ភព និងសុខភាពបន្តពូជ នៃសាលាវេជ្ជសាស្ត្រ Mount Sinai ក្នុងបុរីញូវយ៉ក។
ស្រីៗគ្នាយើងដែលធ្វើតេស្តអេកូ នឹងរកឃើញមានបញ្ហាសុខភាពអាទិភាពមួយចំនួន ឬវ័យលើស ៣៥ឆ្នាំ មានគ្រួសារធ្លាប់ជួបបញ្ហាពិការពីកំណើត សុទ្ធតែត្រូវពិចារណាឆ្លុះអេកូដំណាក់កាលនេះ។ វេជ្ជបណ្ឌិត នឹងវាស់ស្ទង់កម្រិតអ័រម៉ូន ប្រូតេអ៊ីន តាមរយៈតេស្តឈាម ហើយពេទ្យនឹងប្រើអេកូ វាស់នៅពីក្រោយកទារក ខណៈបើកម្រាស់កស្តើង ភគ៌ប្រឈមហានិភ័យពិការពីកំណើតកាន់តែខ្ពស់ ដូចជំងឺ Down syndrome (ជំងឺខ្សោយប្រាជ្ញាពីកំណើត) និងជំងឺក្រូម៉ូសូមមិនប្រក្រតី (Trisomy 18) ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន
- កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ?
- លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ
- ទារកមានជំងឺពីកំណើតប៉ុន្មាននេះ អាចប៉ះពាល់ដល់ប្រាជ្ញាស្មារតី
៤- ឆ្លុះអេកូពិនិត្យការលូតលាស់ផ្នែករាងកាយ (១៨-២០ សប្តាហ៍)
ការឆ្លុះអេកូដំណាក់កាលនេះ ជាភាសាបច្ចេកទេសអេកូវិភាគកាយវិទ្យា ឬ Anatomical Survey ដោយវេជ្ជបណ្ឌិត នឹងពិនិត្យចង្វាក់បេះដូងគភ៌ និងភាពមិនប្រក្រតីក្នុងកំពុងកើតមានក្នុងខួរក្បាល បេះដូង តម្រងនោម និងលំពែងជាដើម។ នេះបើតាមការអះអាងពីសាស្ត្រាចារ្យវេជ្ជបណ្ឌិត Jane Chueh នាយកផ្នែកធ្វើរោគវិនិច្ឆ័យ និងព្យាបាលរោគមុនសម្រាល នៃមន្ទីរពេទ្យកុមារ Stanford ក្នុងទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ា។
ក្នុងដំណាក់កាលនេះ ពេទ្យនឹងរាប់មើលចំនួនម្រាមដៃ និងម្រាមជើង ពិនិត្យបញ្ហាពិការភាពពីកំណើត និងវាស់កម្រិតទឹកភ្លោះជាដើម។ លើសពីនេះ អេកូដំណាក់កាលទី ៤ នេះ ក៏អាចជួយយើងដឹងពីភេទរបស់គភ៌ ដែលជាធម្មតា គឺត្រឹមត្រូវដល់ ៩៥%។
៥- ឆ្លុះអេកូនៅត្រីមាសទី ៣
ម៉ាក់ៗជាច្រើន មិនចាំបាច់ធ្វើការឆ្លុះអេកូដំណាក់កាលនេះទេ ប៉ុន្តែបើការពពោះយើងកំពុងមានបញ្ហាប្រឈមខ្លាំងលើសុខភាព ដូចជាលើសឈាម ហូរឈាម កម្រិតទឹកភ្លោះតិច កន្ត្រាក់ស្បូនមុនថ្ងៃសម្រាល ឬម្ដាយមានអាយុចាប់ពី ៣៥ ឆ្នាំឡើង សុទ្ធតែត្រូវគ្រូពេទ្យណែនាំឲ្យឆ្លុះអេកូដែលមានកម្រិតរលកសំឡេងទាប។ នេះបើតាមការអះអាងពីវេជ្ជបណ្ឌិត Jane Chueh។ ការឆ្លុះអេកូពេលនេះ ក៏ជាការតាមដានលើករណីដែលយើងបានឆ្លុះអេកូនៅសប្តាហ៍ទី ២០ រកឃើញថាយើងមានបញ្ហាសុកពាំងមាត់ស្បូនដែរ។
៦- ឆ្លុះអេកូសរសៃឈាម (Doppler Fetal Monitoring)
ការឆ្លុះអេកូដំណាក់កាលនេះ ជាទូទៅធ្វើនៅត្រីមាសចុងក្រោយនៃការពពោះ ចំពោះតែស្រីៗមានបញ្ហាទឹកនោមផ្អែមពេលពពោះប៉ុណ្ណោះ។ ការឆ្លុះគឺដើម្បីប្រើរលកសំឡេងបង្កើតជារូបភាព ដែលអាចរាប់ចំនួនគ្រាប់ឈាមក្រហម លំហូរ និងសម្ពាធឈាម ដើម្បីដឹងថាកូនយើងទទួលបានឈាមគ្រប់គ្រាន់ ឬយ៉ាងណា។
[embed-health-tool-pregnancy-weight-gain]