backup og meta

កូនកើតមកមានជំងឺ Down syndrome មកពីមូលហេតុអី? មានវិធីការពារទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 28, 2022

    កូនកើតមកមានជំងឺ Down syndrome មកពីមូលហេតុអី? មានវិធីការពារទេ?

    ក្មេងៗមួយចំនួន​កើត​មក​ខ្សោយ​បញ្ញា​ពី​កំណើត ដោយមានរូបរាង និង​ទម្រង់​មុខ​ខុស​គេ​ខុស​ឯង ដែល​​ពាក្យ​​​បច្ចេកទេស​​ហៅ​​ថា Down syndrome។ ការ​ដែល​ទារក​កើត​មក​មាន​ជំងឺ Down syndrome បណ្តាល​ម​កពី​មូលហេតុ​អី? អាច​មាន​វិធី​បង្ការ​ទេ?

    ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ថា ជា​ទូទៅ​ក្រូម៉ូសូម​របស់​មនុស្ស​យើង​មាន​ចំនួន​២៣គូ ស្មើនឹង ៤៦ក្រូម៉ូសូម ដែល​ក្រូម៉ូសូម១គូៗ បាន​មក​ពី​ម្តាយ១ និង​ឪពុក១។ ក្នុង​ករណី​ក្រូម៉ូសូម​ទី២១ លើស​ចំនួន ធ្វើ​ឲ្យ​ទារក​មាន​បញ្ហា​លូតលាស់​ផ្នែក​រាង​កាយ និង​សតិ​បញ្ញា​ខុស​ប្រក្រតី ដែល​ហៅ​ថា ជំងឺ Down syndrome

    ក្រូម៉ូសូម​សរុប​ទាំងអស់​​២៣​គូ ចាប់​​ពីគូទី១ ទី២ រហូត​ដល់​២៣ តែ​ចៃដន្យ​អីអាគូទី២១​ហ្នឹង​វា​លើស​ចំនួន មិន​មែន​២​ដូច​​គេ​ទេ ឡើង​ដល់​ទៅ​៣ អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការលូត​លាស់​ទារក ​ទៅ​ជា​កើតជំងឺ Down syndrome ទារក​មាន​មុខ​មូល​តូច កខ្លី កម្ពស់​ទាប ដៃ​ជើងខ្លី តូចៗ ច្រមុះ​កំពិត ភ្នែក​ស្រលៀង មាត់​បិត​មិន​ជិត សាច់ដុំ​ខ្សោយ សន្លាក់​ទន់ សរីរាង្គ​ផ្សេងៗ​មិន​ប្រក្រតី។

    វេជ្ជ. ចាន់ ស៊ីណេត

    ១. កត្តា​ជំរុញ​ឲ្យ​ទារក​មាន​ជំងឺ Down syndrome

    – ម្តាយ​ពពោះ​នៅ​អាយុ​ច្រើន​ពេក៖ ស្ត្រី​ដែល​មាន​កូន​នៅ​អាយុ​ច្រើនពេក ចាប់​ពី​អាយុ ៣៥ឆ្នាំ​ឡើង​ទៅ កូន​មាន​​ហានិភ័យ​ខ្ពស់​កើត​ជំងឺ Down syndrome ដោយសារ​តែការ​បែង​ចែក​ក្រូម៉ូសូម​មិន​ត្រឹម​ត្រូវ។​

    – កត្តា​ហ្សែន៖ មិន​ថា ស្ត្រី ឬ​បុរស​ទេ អ្នកទាំង២​អាច​ចម្លង​ហ្សែន​ជំងឺ Down syndrome ទៅ​កូន​បាន។

    – ប្រវត្តិ​ធ្លាប់​មាន​កូន​កើត​ជំងឺ Down syndrome៖ ឪពុកម្តាយ​ដែល​ធ្លាប់​មាន​កូន​មុនៗ Down syndrome នោះ កូន​ទី២ ឬ​ក្រោយៗ អាច​នឹង​មាន​ឱកាស​ខ្ពស់​កើត​ជំងឺ Down syndrome ដែរ។

    ២. វិធី​បង្ការ​មិនឲ្យកូន​កើត​មក​មាន​ជំងឺ Down syndrome

    មិន​មាន​​វិធី​​បង្ការ​ជំងឺ Down syndrome នោះ​ទេ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ បើ​​មាន​កត្តា​ប្រឈម​ទាំង​៣ខាង​លើ​ នោះកូន​អាច​នឹង​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ Down syndrome អ៊ីចឹង​មុន​សម្រេច​យក​កូន ទាំង​ប្តី​ទាំង​ប្រពន្ធ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ បើ​​កំពុង​ពពោះ យើង​អាច​ដឹង​ថា​ទារក​មាន​ជំងឺ Down Syndrome តាម​រយៈ​ការ​ពិនិត្យ​អេកូ នៅ​ចន្លោះ​សប្តាហ៍ទី១១-១៣ ដោយ​វាស់​កម្រាស់​ក​របស់​ទារក​ក្នុង​ផ្ទៃ។

    Down syndrome

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម