អំឡុងពពោះម៉ាក់ពិបាកខ្លាំងណាស់ ម្នាក់ៗស៊ូទ្រាំនឹងការលំបាក ប្រយ័ត្នរឿងគ្រប់យ៉ាង ដើម្បីកូនកើតមានសុខភាពល្អ ឆ្លាតវាងវៃ។ ថ្ងៃនេះ Hello គ្រូពេទ្យមានរឿងសំខាន់មួយប្រាប់ស្រីៗគ្នាយើងឲ្យប្រយ័ត្នកុំកើតជំងឺ ៣ មុខ រួមមាន ជំងឺស្អូច អុតស្វាយ និង កញ្ជ្រឹល អំឡុងពេលមានបេប៊ី មិនអ៊ីចឹងទេ កូននឹងបញ្ហាធំមិនខាន។
១- ជំងឺស្អូច
ជំងឺនេះបង្កឡើងដោយវីរុស ឈ្មោះ Rubella កើតទាំងលើកូនក្មេង និងមនុស្សពេញវ័យ។ ស្អូចជាជំងឺឆ្លងតាមរយៈការដកដង្ហើម និងការប៉ះពាល់អ្នកជំងឺ។ ជំងឺនេះអាចព្យាបាលបាន តែបើកើតលើស្ត្រីមានផ្ទៃពោះបង្កផលប៉ះពាល់ដល់កូន អាចឲ្យបេប៊ីស្លាប់ក្នុងពោះ ឬកើតមកមិនគ្រប់លក្ខណៈ ដូចជាក្បាលតូច ឬធំ ថ្លង់ មានបញ្ហាភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធប្រសាទ ជាដើម។
រោគសញ្ញាជំងឺស្អូច៖
– ក្តៅខ្លួន
– ភ្នែកក្រហម
– ឡើងកូនកណ្តុរនៅក ក្រោយត្រចៀក
– ឈឺសន្លាក់ដៃជើង
– ចេញកន្ទួលក្រហមនៅលើស្បែក ពីក្បាលរហូតដល់ចុងជើង (បាត់ទៅវិញ ៣-៧ថ្ងៃ)។
វិធីបង្ការជំងឺស្អូច៖
ជំងឺនេះអាចការពារបានដោយការចាក់វ៉ាក់សាំងការពារតាំងពីក្មេង និងមុនពេលចាប់ផ្តើមចង់បានអាអូន (ចំពោះស្រីៗ)។ ក្នុងករណីដែលម៉ាក់ៗមិនបានចាក់វ៉ាក់សាំងតាំងពីក្មេង គ្មានអង់ទីគ័រការពារ ឬមុនពេលមានបេប៊ី អាចបង្ការការឆ្លងជំងឺស្អូចនេះ ដោយមិនត្រូវប៉ះពាល់ ឬទៅជិតអ្នកជំងឺ។
២- ជំងឺអុតស្វាយ
អុតស្វាយជាជំងឺឆ្លង កើតលើមនុស្សគ្រប់វ័យ បង្កឡើងបង្កឡើងដោយវីរុសឈ្មោះ Varicella Zoster។ អំឡុងពពោះបើម៉ាក់ៗកើតមាន ឬឆ្លងជំងឺអុតស្វាយ នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាអូនក្នុងផ្ទៃ អាចរលូតកូន ស្លាប់ក្នុងពោះ ឬកើតមកមានភាពមិនប្រក្រតី។
រោគសញ្ញាអុតស្វាយ៖
– ក្តៅខ្លួន
– អស់កម្លាំង
– ល្ហិតល្ហៃ
– ទន់ដៃទន់ជើង
– មានស្នាមកន្ទួលលើស្បែក
– ចេញពងបែក ឈឺពេញរាងកាយ។
វិធីបង្ការ៖
អុតស្វាយជាជំងឺឆ្លងតាមរយៈពងទឹកលើស្បែក ការក្អក កណ្តាស់របស់អ្នកជំងឺ ដូច្នេះហើយដើម្បីបង្ការមិនឲ្យឆ្លង ប៉ះពាល់ដល់កូនក្នុងផ្ទៃ ម៉ាក់ៗមិនត្រូវនៅក្បែរអ្នកជំងឺអុតស្វាយនោះទេ។
៣- ជំងឺកញ្ជ្រឹល
កញ្ជ្រឹលជាជំងឺឆ្លង បង្កឡើងដោយវីរុស Measles ដែលងាយកើតចំពោះក្មេងៗខ្វះអាហារូបត្ថម្ភ មិនមានអនាម័យគ្រប់គ្រាន់។ ត្បិតតែជំងឺនេះកម្រកើតមានលើមនុស្សចាស់មែន តែបើកើតមានលើស្ត្រីមានផ្ទៃពោះអាចឲ្យកូនលូតលាស់យឺត គ្រឿងក្នុងខ្សោយ ខូចបេះដូង ថ្លង់ ឬពិការផ្នែកបញ្ញា។
រោគសញ្ញាជំងឺកញ្ជ្រឹល៖
– គ្រុនក្តៅ
– ហៀរសំបោរ
– ឈឺភ្នែក
– ក្អក
– រាករូស
– មានកន្ទួលក្រហមលើស្បែក។
វិធីបង្ការជំងឺកញ្ជ្រឹល៖
ការចាក់វ៉ាក់សាំងការពារមានប្រសិទ្ធភាពបំផុត តែបើពុំបានចាក់វ៉ាក់សាំងការពារទេ យើងមិនត្រូវទៅក្បែអ្នកជំងឺកញ្ជ្រឹលឡើយ ព្រោះមេរោគកញ្ជ្រឹលងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមការកណ្តាស់ ក្អក និងប៉ះពាល់អ្នកជំងឺ។
ស្រីដែលត្រៀមយកបេប៊ីទាំងអស់បញ្ចៀសកុំឲ្យកើតជំងឺឆ្លងទាំង ៣ មុខនេះឲ្យបានណា ត្រូវចាក់វ៉ាក់សាំងការពារមុនពេលមានអាអូន ដើម្បីសុវត្ថិភាព កូនកើតមកមានសុខភាពល្អ ឆ្លាតវាងវៃ។ តែក្នុងករណីម៉ាក់សង្ស័យថាកើតមានជំងឺទាំង ៣ មុខនេះ មិនត្រូវបង្អែបង្អស់ឡើយ ប្រញាប់ទៅគ្រូពេទ្យជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖
- មកដឹងមូលហេតុសំខាន់ ម៉េចបានមានកូនមិននៅ ឬស្លាប់ក្នុងពោះ?
- ស្រីៗឡើងកន្ទាលត្រអាក ពេលពោះធំ ត្រូវធ្វើម៉េច ទើបល្អ?
- ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន ត្រូវធ្វើម៉េច?
[embed-health-tool-pregnancy-weight-gain]