ក្រោយរៀបការ ទោះជារវល់ការងារយ៉ាងណា ស្រីៗគ្នាយើងនៅតែចង់បង្កើតកូនគួរឲ្យស្រលាញ់ម្នាក់ ពីរ ដើម្បីធ្វើឲ្យគ្រួសារកាន់តែមានក្តីសុខ សប្បាយរីករាយ។ យ៉ាងណា មុនចង់ក្លាយជាម៉ាក់ៗគេ យើងត្រូវដឹងថា មានផ្ទៃពោះមិនមែនជារឿងងាយស្រួលទេ ពិសេសគ្នាយើងកំពុងធ្វើការ ហេតុនេះត្រូវត្រៀមខ្លួនឲ្យបានល្អ។ អត្ថបទ “Hello គ្រូពេទ្យ” មួយនេះ នឹងប្រាប់គ្នាយើងឲ្យចេះត្រៀមខ្លួនបានល្អមុនក្លាយជាម៉ាក់ៗ។
១- ដឹងពីវិធីបំបាត់អាការៈចាញ់កូន
ការចង្អោរ និងក្អួត យើងនិយមហៅថា “ចាញ់កូន” នោះ អាចកើតមានគ្រប់ពេល ពិសេសពេលព្រឹក និងពេលថ្ងៃ។ ដើម្បីសម្រួលដល់អាការៈចាញ់កូននៅកន្លែងធ្វើការ គ្នាយើងគួរតែចៀសវាងរបស់ ឬក្លិនអ្វីមួយ ងាយធ្វើឲ្យយើងចង់ចាញ់កូន ក្អួត ចង្អោរ និងត្រូវទុកអាហារសម្រន់យើងចូលចិត្តនៅកន្លែងធ្វើការជាស្រេច។ កាន់តែល្អ តែខ្ញីក៏អាចជួយសម្រួលអាការៈចាញ់បានដែរ ដូចនេះ គួរមាននៅជាប់ខ្លួនផង។
២- ចេះគ្រប់គ្រងភាពអស់កម្លាំង
អស់កម្លាំង អាចជាសញ្ញាមួយនៃបញ្ហាស្លេកសាំង បណ្តាលមកពីកង្វះជាតិដែក ឯការផ្លាស់ប្តូររបបអាហារ អាចជួយដល់បញ្ហានេះបានច្រើន។ អាហារសម្បូរជាតិដែក គឺមាននៅក្នុងសាច់ក្រហម សាច់សត្វស្លាប អាហារសមុទ្រ បន្លែបៃតង ធញ្ញជាតិមានជាតិដែក និងសណ្តែក។
យើងប្រហែលជាពិបាកគេងបន្តិចអំឡុងម៉ោងធ្វើការ ទោះជាអស់កម្លាំងក៏ដោយ ប៉ុន្តែគ្នាយើងអាចក្រោកឡើង ធ្វើចលនាតិចតួចបាន ព្រោះអាចជួយឲ្យយើងមានថាមពលវិញ។ សំខាន់បំផុត ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ត្រូវដាក់ដបទឹកនៅក្បែរខ្លួន និងត្រូវឧស្សាហ៍ផឹកទឹកនៅពេលថ្ងៃ។
បន្ទាប់ពីធ្វើការពេញមួយថ្ងៃហើយ បែរជានៅមានការងារផ្ទះត្រូវធ្វើទៀត វាអាចបណ្តាលឲ្យយើងមានបញ្ហាបាក់ទឹកចិត្តបាន ហេតុនេះគ្នាយើងគួរពិចារណា លើការទិញទំនិញតាមអនឡាញ ឬអាចជួលគេឲ្យសម្អាតផ្ទះក៏ល្អម៉្យាងដែរ។ ហាត់ប្រាណ និងការឆាប់ចូលគេង អាចជួយបង្កើនថាមពលឲ្យបាន ហើយនៅពេលយើងគេង ត្រូវព្យាយាមគេងទៅខាងឆ្វេង ដើម្បីបង្កើនលំហូរឈាមទៅកាន់គភ៌ក្នុងផ្ទៃឲ្យបានច្រើន និងដើម្បីបំបាត់អាការៈហើមពេលពពោះ។ បើនៅតែមានអារម្មណ៍មិនស្រួល អាចបន្ថែមខ្នើយខ្លះនៅចន្លោះជើង និងក្រោមក្បាលពោះកាន់តែប្រសើរ។
៣- ចេះគ្រប់គ្រងភាពតានតឹង
ត្រូវបង្កើតតារាងពេលវេលាធ្វើការឲ្យបានត្រឹមត្រូវ និងកត់ទុកការងារធ្វើរួច ក៏អាចផ្ទេរការងារនោះឲ្យនរណាម្នាក់ទៀត ឬក៏មិនធ្វើតែម្តង។ ត្រូវនិយាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ យើងជឿទុកចិត្ត ពីអ្វីដែលយើងកំពុងព្រួយបារម្ភ។ គួរអនុវត្តបច្ចេកទេសក្នុងការបន្ធូរអារម្មណ៍ ដូចជាការដកដង្ហើមយឺតៗ ឬស្រមៃថា ខ្លួនយើងកំពុងនៅកន្លែងស្ងប់ស្ងាត់ ឬក៏អាចសាកល្បងចូលរួមថ្នាក់យ៉ូហ្គាសម្រាប់ស្រីៗមានផ្ទៃពោះបាន ប៉ុន្តែត្រូវចាំពិនិត្យជាមួយគ្រូពេទ្យជាមុនសិន ដើម្បីសុវត្ថិភាពទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។
[embed-health-tool-bmi]
៤- ត្រូវមានសុវត្ថិភាពនៅកន្លែងធ្វើការ
លក្ខខណ្ឌការងារមួយចំនួន មិនមានសុវត្ថិភាពសម្រាប់ស្រីៗមានផ្ទៃពោះទេ វាអាចបង្កើនហានិភ័យផលវិបាកនៃការមានផ្ទៃពោះបាន ហេតុនេះកត្តាមួយចំនួននៅកន្លែងធ្វើការយើងគួរចៀសវាង មានដូចជា៖
– ប៉ះពាល់សារធាតុគីមីពុល
– ឈរយូរ
– សំឡេងងរំខានខ្លាំងពេក
– លើករបស់ធ្ងន់ៗ តោងឡើង ឬកាន់របស់ធ្ងន់
– រងរំញ័រខ្លាំងៗពីម៉ាស៊ីនធំៗ
– សីតុណ្ហភាពខ្ពស់ពេក។
បើស្ថានភាពការងារយើង អាចបណ្តាលឲ្យយើងព្រួយបារម្ភនោះ គួរទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ យើងអាចសម្រេចចិត្ត ត្រៀមខ្លួនប្រុងប្រយ័ត្នឲ្យបានច្រើនជាងមុន ឬផ្លាស់ប្តូរការងារកំពុងធ្វើអំឡុងពេលមានផ្ទៃពោះក៏បាន។ បើគ្មានជម្រើស គួរតែពិចារណាឈប់ធ្វើការ ដើម្បីធានាសុវត្ថិភាពទាំងយើងផ្ទាល់ និងកូនក្នុងផ្ទៃ។
គួរអាន៖
- ហេតុអីស្រ្តីវ័យ ៣៥ ឆ្នាំឡើងទៅ ជួបបញ្ហាពិបាកមានកូន?
- ម៉ាក់ៗខ្សោយពេលពពោះ គួរថែទាំសុខភាពបែបណា?
- គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវធ្វើម៉េច?
- ស្រាយចម្ងល់ខ្លះៗរឿងសុខភាពផ្លូវភេទ លើស្រ្តីកំពុងពពោះ
- ពពោះឡើងគីឡូតាម BMI ត្រឹមត្រូវ ម៉ាក់ៗមិនបាច់បារម្ភរឿងបញ្ហាសុខភាព
- ម៉េចបានស្រីៗពពោះឧស្សាហ៍ទល់លាមក មានវិធីអីជួយបាន?