អំឡុងពេលពពោះទម្រាំគ្រប់ខែ ពេលវេលាសម្រាលកូន ជារឿងដែលម៉ាក់ភាគច្រើនគិតថា លំបាកជាងគេ ពិសេសអ្នកទើបមានកូនដំបូងប្រាកដជាមានអារម្មណ៍ភ័យខ្លាចជាក់ជាមិនខាន។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បើចង់សម្រាលកូនតាមធម្មជាតិលឿន ហើយមិនសូវឈឺពោះយូរ តម្រូវឲ្យស្ត្រីខ្លួនឯងមានភាពរហ័សរហួន ដើម្បីឲ្យសាច់ដុំដំណើរការ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះបានបន្តទៀតថា ក្រៅពីទម្លាប់ប្រចាំថ្ងៃមានភាពស្វាហាប់ ហើយម៉ាក់ៗត្រូវមានកាយសម្បទារឹងមាំ កម្ពស់បាន និងត្រូវរក្សាទម្ងន់មិនឲ្យឡើងច្រើនលើសលប់។ ការសម្រាលកូនទាក់ទងនឹងសមាសភាព ៣ យ៉ាង ទី១ ទំហំឆ្អឹងអាងត្រគាកម្ដាយ ទី២ ស្បូនរបស់ម្ដាយ និងទី៣ កូននេះឯង។
“ប្រសិនបើម្ដាយកម្ពស់ ១,៦០ ម៉ែត្រ នោះត្រគាកសាយល្អ តែបើកម្ពស់ ១,៥០ ម៉ែត្រ ត្រគាកអាចតូចជាងអ្នកកម្ពស់ ១,៦០ ម៉ែត្របន្តិចមែន តែឆ្អឹងគ្មានភាពប្រែប្រួលទេ។ ស្បូនត្រូវបើកតាមធម្មជាតិហើយ កូនត្រូវចេញពីស្បូនឆ្លងកាត់តាមទ្វារ មកខាងក្រៅ តែបើសិនជាកូនធំពេក ធ្វើឲ្យពិបាកសម្រាល’។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត រៀបរាប់។
ក្រៅពីការរក្សាទម្ងន់ពេលជិតដល់ថ្ងៃសម្រាលកូន លោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ៗឧស្សាហ៍ញ៉ាំចំណីអាហារណាដែលមានរសជាតិផ្អែមៗ ដើម្បីឲ្យមានកម្លាំង និងជួយឲ្យការប្រឹងពេលសម្រាលបានលឿនទៀតផង។ ក្នុងដំណាក់កាលសម្រាលកូន ស្ត្រីអាចញ៉ាំភេសជ្ជៈមួយចំនួនដូចជាទឹកផ្លែឈើជាដើម ព្រោះជួយធ្វើឲ្យមានកម្លាំងឡើងវិញ ដើម្បីបន្តប្រឹងឲ្យកូនឆាប់ចេញមក។
មួយវិញទៀត ម៉ាក់ៗក៏គួរតែហាត់ប្រាណ ឬហែលទឹកនៅពេលដែលកៀកថ្ងៃសម្រាលកូន ដើម្បីពង្រឹងសាច់ដុំពោះ សាច់ដុំខ្នង និងសាច់ដុំអាងត្រគាក នាំឲ្យងាយស្រួលសម្រាលកូនខ្លាំងណាស់។ សម្រាប់ការដើរនៅពេលមានផ្ទៃពោះសប្ដាហ៍ទី ៣៨ បានជួយសម្រួលដល់ទារកឲ្យចូលទៅក្នុងឆ្អឹងអាងត្រគាក ដោយដើរទៀងទាត់រៀងរាល់ថ្ងៃយ៉ាងហោចណាស់ ១៥ នាទី/ថ្ងៃ។
រីឯរឿងសំខាន់បំផុតនោះ គឺការរៀនពីរបៀបដកដង្ហើមឲ្យបានត្រឹមត្រូវអាចជួយបន្ធូរបន្ថយការឈឺចាប់ និងការរក្សាថាមពលអំឡុងពេលសម្រាលកូន ហើយម៉ាក់ៗគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ដោយមិនគួរពិបាកចិត្ត បារម្ភ ឬភ័យខ្លាច និងគិតអ្វីច្រើនពេកនោះទេ ព្រោះមានតែអារម្មណ៍ល្អ និងស្ងប់ទេ ទើបអាចសម្រាលកូនចេញមកលឿន ហើយឈឺចាប់មិនយូរ។
អត្ថបទពាក់ព័ន្ធ៖
- មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ?
- កំពុងពពោះ បើចៀសបានកុំញ៉ាំផ្លែឈើ ៤ ប្រភេទនេះអី
- ឃើញកាំប្រមាសមុទ្រស្រក់ទឹកមាត់ តើស្រ្តីពពោះអាចញ៉ាំបានអត់?
- គេងមិនលក់ពេលពពោះ ឧស្សាហ៍កើតមានណាស់ ត្រូវចេះវិធីដោះស្រាយទាំងនេះ
- ចង់ធ្វើដំណើរកម្សាន្តទាំងមានផ្ទៃពោះ ត្រូវដើរមុនថ្ងៃសម្រាលប៉ុន្មានសប្តាហ៍ទើបល្អ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]