ស្រីៗយើងធ្លាប់ពពោះ ឆ្ងល់អត់ម៉េចបានពេលពពោះមានអារម្មណ៍ចេះតែឃ្លាននេះឃ្លាននោះមិនឈប់? មានហេតុផលមួយចំនួនធ្វើឲ្យស្រីៗយើងពេលពពោះមានអារម្មណ៍ឃ្លាន ប៉ុន្តែមូលហេតុមួយធំគឺការប្រែប្រួលអ័រម៉ូន។
អំឡុងពេលពពោះ អ័រម៉ូនពពោះដូចជាអឺស្រ្តូហ្សែន និងប្រូចេស្តេរ៉ូន កើនឡើងភ្លាមៗ។ អ័រម៉ូនទាំងនេះធ្វើឲ្យស្រ្តីមានផ្ទៃពោះជឿថាខ្លួនឯងត្រូវការអាហារច្រើនបន្ថែមទៀត និងនាំឲ្យមានអារម្មណ៍ឃ្លាន ពិសេសឃ្លានចំណីជូរៗ ផ្អែម និងអាហារបំពងជាដើម។ ហេតុដូចនេះហើយ ស្រីៗកំពុងពពោះត្រូវដឹងវីធីដោះស្រាយបញ្ហាឃ្លាននេះ ព្រោះថាបើយើងបន្តញ៉ាំអាហារមិនមានជីវជាតិច្រើន នឹងនាំឲ្យខ្លួនយើងខ្វះជីវជាតិ ទោះជាបានញ៉ាំឆ្អែតពេញពោះក៏ដោយ។ ខាងក្រោមនេះជាតិចនិកមួយចំនួនស្រីៗយើងអាចយកទៅសាកល្បងបាន។
១. ញ៉ាំអាហារមានតុល្យភាព
ស្រ្តីមានផ្ទៃពោះភាគច្រើនឃ្លានតែអាហារណាមិនសូវល្អចំពោះសុខភាព ដែលនាំឲ្យខ្វះសារធាតុចិញ្ចឹម។ ប្រសិនជាយើងញ៉ាំអាហារល្អៗចំពោះសុខភាព យើងនឹងអាចរក្សាសារធាតុចិញ្ចឹមក្នុងខ្លួនឲ្យមានតុល្យភាព ហើយក៏អាចកាត់បន្ថយការឃ្លានអាហារមិនល្អចំពោះសុខភាពទាំងនោះទៀតដែរ។
២. ញ៉ាំឲ្យបានទៀងទាត់
ពេលយើងញ៉ាំអាហារមិនបានទៀងទាត់តាមពេល នោះកម្រិតជាតិស្ករក្នុងឈាមរបស់យើងអាចនឹងធ្លាក់ចុះ ដែលនាំឲ្យយើងឃ្លានខ្លាំង។ ដូចនេះ ស្រីៗយើងកំពុងពពោះ គួរមានទម្លាប់ញ៉ាំអាហារតិច តែច្រើនដង ដូចជារាល់ពីរម៉ោងម្ដង ដែលការណ៍នេះនឹងមិនធ្វើឲ្យយើងឃ្លានផ្ដេសផ្ដាសនោះទេ។
៣. ញ៉ាំអាហារមានកាឡូតិច
បើយើងឃ្លាន មិនទាន់ដល់ពេលញ៉ាំបាយ យើងអាចញ៉ាំទឹកផ្លែឈើមួយកែវ ឬយ៉ាអ៊ួរផលិតពីផ្លែឈើ ឬគ្រាប់ផ្លែឈើ ជាជាងញ៉ាំភេសជ្ជៈកំប៉ុង ឬទឹកក្រូច។ ការធ្វើដូចនេះ យើងអាចរក្សាកម្រិតកាឡូរីមិនឲ្យលើស និងអាចបំពេញចំណង់អាហារយើងបានទៀតផង ជាជាងយើងញ៉ាំអាហារផ្អែម ឬប្រៃផ្សេងៗ។
[embed-health-tool-due-date]
៤. ហាត់ប្រាណបានទៀងទាត់
ការហាត់ប្រាណបែបស្រាលៗដូចជាយ៉ូហ្កា ដើរ និងសមាធិ ជាដើម សុទ្ធតែសក្ដិសមចំពោះស្រីៗមានផ្ទៃពោះ។ ការហាត់ប្រាណជួយឲ្យរាងកាយយើងមានសកម្មភាព និងធ្វើឲ្យយើងមិនសូវនឹងដល់ការស្រេកឃ្លានផ្ដេសផ្ដាសផងដែរ។ យ៉ាងណា មុនសម្រេចចិត្តជ្រើសរើសវិធីហាត់ប្រាណណាមួយ យើងគួរពិភាក្សាជាមួយគ្រូពេទ្យជាមុន ដើម្បីដឹងថាលំហាត់ប្រាណប្រភេទណាល្អចំពោះយើងផ្ទាល់។
ដូចបានលើកឡើងខាងលើអ៊ីចឹង មិនមែនមានន័យថាស្រ្តីមានផ្ទៃពោះមិនអាចញ៉ាំអាហារប្រភេទអាហារចៀនបាននោះទេ គ្រាន់តែថាកុំញ៉ាំច្រើនពេក ព្រោះថាអាហារទាំងនេះមានជាតិប្រៃអាចធ្វើឲ្យស្រីៗយើងឡើងគីឡូ និងធ្វើឲ្យយើងពិបាកទៅវិញទេ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?