ពិតណាស់ មានកត្តាជាច្រើនដែលមានឥទ្ធិពលក្នុងការពន្លឿនភាពចាស់ តួយ៉ាងដូចជាកត្តាបរិស្ថាន ទម្លាប់មិនល្អ ឬការញ៉ាំអាហារដែលប៉ះពាល់ដល់សុខភាពជាដើម។ ជាក់ស្ដែង អាហារដែលយើងញ៉ាំជារៀងរាល់ថ្ងៃអាចជួយពន្លឿន ឬរារាំងយើងក្នុងការវិវត្តទៅរកភាពចាស់បាន។ ហេតុដូច្នេះហើយ យើងគប្បីជៀសវាងពពួកអាហារូបត្ថម្ភទូទៅមួយចំនួន ដែលអាចធ្វើឲ្យយើងមើលទៅកាន់តែចាស់ជាងវ័យ។
១. ជៀសវាងញ៉ាំអំបិលច្រើនពេក
ជាក់ស្ដែង ការញ៉ាំសូដ្យូម ឬអំបិលច្រើនពេកអាចបណ្ដាលឲ្យលើសសម្ពាធឈាម បង្កើនហានិភ័យនៃជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ សរសៃឈាមរបស់យើងកាន់តែរឹងនៅពេលដែលយើងមានវ័យច្រើន ដែលអាចធ្វើឲ្យយើងងាយរងផលប៉ះពាល់ពីសូដ្យូមថែមទៀត។ ដូចនេះ ចូរកាត់បន្ថយអាហារដែលមានសូដ្យូមខ្ពស់ដូចសាច់កែច្នៃ ជ្រក់ គ្រាប់ធញ្ញជាតិដែលបន្ថែមអំបិល អាហារសម្រន់កញ្ចប់ អាហារចៀន និងអាហារកំប៉ុងជាដើម។
២. ញ៉ាំបន្លែឲ្យបានច្រើន
ជាមួយគ្នានេះដែរ ការញ៉ាំបន្លែមិនគ្រប់គ្រាន់អាចពាក់ព័ន្ធនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភ ប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន នេះបើយោងតាមការផ្សាយរបស់ Harvard Health។ គ្នាយើងគប្បីញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ពីព្រោះវាផ្ទុកអាហារជាតិសរសៃល្អសម្រាប់បេះដូង រ៉ែ វីតាមីន សារធាតុប្រឆាំងនឹងការរលាក ក៏ដូចជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីថែមទៀតផង។
៣. ជៀសវាងស្ករបន្ថែមច្រើន
ការចូលចិត្តញ៉ាំផ្អែមក៏អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងដូចគ្នា។ នៅពេលយើងញ៉ាំស្ករបន្ថែមច្រើនជ្រុល វាអាចធ្វើឲ្យយើងឡើងសម្ពាធឈាម រលាករ៉ាំរ៉ៃ ឡើងទម្ងន់ ទឹកនោមផ្អែម និងជំងឺខ្លាញ់រុំថ្លើម ដែលពាក់ព័ន្ធនឹងហានិភ័យនៃជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមធ្ងន់ធ្ងរ។ ដើម្បីជៀសវាងជំងឺដ៏កាចសាហាវទាំងនេះ គ្នាយើងគប្បីកាត់បន្ថយអាហារ និងភេសជ្ជៈបន្ថែមជាតិស្ករមួយចំនួនដូចជាស្ករគ្រាប់ នំឃេក ការ៉េម ទឹកដោះគោជូរ ភេសជ្ជៈបន្ថែមជាតិស្ករ ដូចជាពពួកភេសជ្ជៈប៉ូវកម្លាំង ឬទឹកផ្លែឈើកំប៉ុងជាដើម។
៤. ញ៉ាំពពួកខ្លាញ់ល្អ
ជាមួយគ្នានេះដែរ ខ្លាញ់មិនត្រឹមតែធ្វើឲ្យរាងកាយកក់ក្ដៅប៉ុណ្ណោះទេ វាក៏ជាមូលដ្ឋានក្នុងការផ្ដល់ថាមពលដល់រាងកាយ ទ្រទ្រង់ការលូតលាស់កោសិកា ការពារសរីរាង្គ និងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមជាក់លាក់មួយចំនួន។ លើសពីនេះ ខ្លាញ់ក៏អាចជួយធ្វើឲ្យសន្លាក់រឹងមាំផងដែរ។ រីឯខ្លាញ់មួយប្រភេទ គឺអាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយលើកកម្ពស់សុខភាពបេះដូងរបស់យើង។ អាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ មានដូចជាត្រីសាម៉ុន ត្រីធូណា គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងពពួកប្រេងរុក្ខជាតិ។
៥. ញ៉ាំប្រូតេអ៊ីនគ្រប់គ្រាន់
នៅពេលយើងឈានចូលវ័យ៣០ឆ្នាំ យើងនឹងចាប់ផ្ដើមបាត់បង់សាច់ដុំចំនួន៥%ជារៀងរាល់១០ឆ្នាំម្ដង ដែលកត្តាបាត់បង់សាច់ដុំនៅពេលដែលយើងមានវ័យកាន់តែចាស់ វាអាចបណ្ដាលឲ្យយើងខ្សោយ និងពិបាកធ្វើចលនា។ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ យើងគប្បីញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដូចជាសាច់ ទឹកដោះគោ ឬស៊ុត។
៦. ញ៉ាំអាហារមានជាតិសរសៃ
ការញ៉ាំអាហារដែលមានជាតិសរសៃគ្រប់គ្រាន់ អាចធានាមុខងារប្រព័ន្ធរំលាយអាហារដំណើរការត្រឹមត្រូវ រក្សាបាក់តេរីល្អៗ និងការពារការកកើតឡើងនៃជាតិពុល ដែលនាំឲ្យកើតជំងឺមហារីកពោះវៀនធំ និង ជំងឺមហារីកប្រព័ន្ធរំលាយអាហារផ្សេងទៀត។ ហេតុនេះហើយ គ្នាយើងគប្បីបំពេញតម្រូវការជាតិសរសៃឲ្យបានគ្រប់គ្រាន់ ដោយការញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងមូលជារៀងរាល់ថ្ងៃ។
[embed-health-tool-bmi]