ទឹកដោះគោផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាពរាងកាយ ក៏ដូចជាសុខភាពស្បែក។ ជាក់ស្ដែង គ្នាយើងមួយចំនួនចូលចិត្តញ៉ាំទឹកដោះគោក្ដៅ ឬត្រជាក់ ហើយអ្នកខ្លះទៀតក៏មានទម្លាប់បន្ថែមសូកូឡា និងញ៉ាំជាមួយផ្លែចេក ដើម្បីបង្កើនទម្ងន់ជាដើម។ ប៉ុន្តែ គ្នាយើងដឹងទេថា ទឹកដោះគោមិនគួរញ៉ាំលាយជាមួយអាហារប្រភេទណាខ្លះ? ហេតុអ្វី?
១. ជៀសវាងញ៉ាំសាច់ត្រី ជាមួយនឹងទឹកដោះគោ
ការញ៉ាំទឹកដោះគោ និងសាច់ត្រីជាមួយគ្នា អាចបង្កើតឲ្យមានអតុល្យភាពដែលនាំឲ្យមានការប្រែប្រួលគីមីនៅក្នុងរាងកាយ។ ហេតុនេះហើយ ចូរជៀសវាងញ៉ាំត្រី និងសាច់គ្រប់ប្រភេទជាមួយនឹងទឹកដោះគោ ព្រោះវាអាចនាំឲ្យយើងមានបញ្ហារំលាយអាហារ។
២. ជៀសវាងញ៉ាំផ្លែចេក ជាមួយនឹងទឹកដោះគោ
ប្រសិនបើយើងឧស្សាហ៍ញ៉ាំទឹកដោះគោ ជាមួយនឹងចេក ចូរផ្លាស់ប្ដូរទម្លាប់នេះជាបន្ទាន់ ពីព្រោះការញ៉ាំបែបនេះ ធ្វើឲ្យការរំលាយអាហារមានរយៈពេលយូរ និងធ្វើឲ្យយើងមានអារម្មណ៍អស់កម្លាំងខ្លាំង។ ហេតុនេះ យើងគប្បីញ៉ាំអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមទាំងពីរនេះ ដាច់ដោយឡែកពីគ្នា ទើបជាការប្រសើរ។
៣. ជៀសវាងញ៉ាំត្រសក់ស្រូវជាមួយនឹងទឹកដោះគោ
ជាមួយគ្នានេះដែរ ការញ៉ាំទឹកដោះគោជាមួយនឹងផ្លែឈើច្រើនអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទៅវិញ។ ជាក់ស្ដែង ទឹកដោះគោមានប្រសិទ្ធភាពក្នុងការបញ្ចុះលាមក ចំណែកឯត្រសក់ស្រូវមានគុណប្រយោជន៍ជួយបញ្ចុះទឹកនោម ហើយបើយើងញ៉ាំបញ្ចូលគ្នា វាអាចនាំឲ្យមានបញ្ហាក្នុងការរំលាយអាហារ និងបង្កើតសារធាតុពុល ដែលអាចនាំឲ្យកើតមានអាការៈក្អួត ឬរាករូស។
៤. ជៀសវាងញ៉ាំអាហារជូរ និងទឹកដោះគោ
សូម្បីតែផ្លែឈើដែលសម្បូរវីតាមីនCក៏មិនគួរញ៉ាំជាមួយនឹងទឹកដោះគោដែរ ពីព្រោះវាត្រូវការចំណាយពេលយូរក្នុងការរំលាយ ហើយនៅពេលដែលយើងញ៉ាំទឹកដោះគោ និងពពួកផ្លែក្រូច វាអាចនាំឲ្យកកឈាម ដែលជំរុញឲ្យមានបញ្ហាហ្គាស និងក្រហាយទ្រូង។ បន្ថែមពីនេះ បើញ៉ាំអាហារទាំងពីរនេះបញ្ចូលគ្នា ក៏អាចបណ្ដាលឲ្យកើតជំងឺផ្ដាសាយ ក្អក កន្ទួល និងអាលែកហ្ស៊ីផងដែរ។
[embed-health-tool-bmi]