កាបូអ៊ីដ្រាត (អាហារថាមពល) គឺជាក្រុមអាហារដ៏សំខាន់ ១ ក្នុងចំណោមក្រុមអាហារទាំង ៣ (កាបូអ៊ីដ្រាត ខ្លាញ់ ប្រូតេអ៊ីន) ដែលរាងកាយរបស់យើងត្រូវការប្រចាំថ្ងៃ។ ប្រព័ន្ធរំលាយអាហារបំបែកកាបូអ៊ីដ្រាតទៅជាគ្លុយកូស ឬជាតិស្ករ បន្ទាប់មកចរន្តឈាមស្រូបយកជាតិគ្លុយកូស ហើយប្រើវាជាថាមពលសម្រាប់រាងកាយ។ កាបូអ៊ីដ្រាតគឺជាជាតិស្ករ ម្សៅ និង ជាតិសរសៃដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលទឹកដោះ។ កាបូអ៊ីដ្រាតមាន ២ ប្រភេទគឺកាបូអ៊ីដ្រាតល្អ និងកាបូអ៊ីដ្រាតធម្មតា។ តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប្រភេទណាទើបល្អចំពោះសុខភាព?
យោងតាមវិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) បានឱ្យដឹងថា ភាពខុសគ្នារវាងកាបូអ៊ីដ្រាតល្អ និងកាបូអ៊ីដ្រាតធម្មតា ឬអាក្រក់ គឺល្បឿនរំលាយអាហាររបស់ពួកវា។ កាបូអ៊ីដ្រាតទាំងអស់សុទ្ធតែជាប្រភពផ្តល់ថាមពល តែកាបូអ៊ីដ្រាតសាមញ្ញផ្តល់ថាមពលដល់រាងកាយលឿនជាងកាបូអ៊ីដ្រាតល្អ ដោយសារតែពួកវាត្រូវបានរំលាយ និងស្រូបដោយរាងកាយលឿនជាងកាបូអ៊ីដ្រាតល្អ។ ជាលទ្ធផលកាបូអ៊ីដ្រាតសាមញ្ញបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម តែកម្រិតជាតិស្ករនោះក៏ធ្លាក់ចុះលឿនដែរ រីឯកាបូអ៊ីដ្រាតល្អមិនសូវធ្វើឱ្យជាតិស្ករក្នុងឈាមឡើងទេ និងធ្វើឱ្យឆ្អែតបានយូរ។
១. កាបូអ៊ីដ្រាតល្អ (Complex carbohydrate) ៖ ពួកវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលមាននៅក្នុងអាហារដែលមានជាតិម្សៅដូចជា៖
- ពពួកសណ្តែក៖ សណ្តែកខ្មៅ សណ្តែកហោឡាំតាវ សណ្តែកបាយ…
- ផ្លែឈើ៖ ចេក ផ្លែប៉ោម ស្វាយ ត្រសក់ស្រូវ ផ្លែប៉ែស…
- គ្រាប់ផ្លែឈើ៖ គ្រាប់អាល់ម៉ុង សណ្តែកដី គ្រាប់ល្ពៅ …
- គ្រាប់ធញ្ញជាតិ៖ អង្ករសម្រូប ស្រូវអូត ស្រូវសាលី…
- បន្លែ៖ ពោត ប្រូខូលី ល្ពៅ ដំឡូង…
២. កាបូអ៊ីដ្រាតអាក្រក់៖ ជាជាតិស្ករ។ ជាតិស្ករមាន ២ ប្រភេទគឺ៖
- ជាតិស្ករពីធម្មជាតិ៖ ជាស្ករដែលមាននៅក្នុងទឹកដោះ និងផ្លែឈើស្រស់។ ថ្វីត្បិតតែពួកវាមានជាតិស្ករ ពួកវាក៏ផ្ទុកទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលល្អចំពោះសុខភាព។
- ជាតិស្ករកែច្នៃ៖ ជាស្ករដែលមាននៅក្នុងអាហារកែច្នៃដូចជា បង្អែម នំ ស្ករគ្រាប់ ការ៉េម ទឹកស៊ីរ៉ូ និងផ្លែឈើ ទឹកផ្លែឈើ ឬទឹកក្រូចកំប៉ុងជាដើម។ អាហារទាំងនេះត្រូវបានកែច្នៃ និងធ្វើពីស្ករចម្រាញ់ និងមិនមានវីតាមីន សារធាតុរ៉ែ និងជាតិសរសៃទេ។ ពួកវាត្រូវបានហៅថា “កាឡូរីទទេ” និងធ្វើឱ្យឡើងទម្ងន់ និងបង្កឱ្យមានជំងឺជាច្រើន។
អត្ថបទគួរអាន៖
តើយើងគួរញុំាអាហារថាមពល (កាបូអ៊ីដ្រាត) ប៉ុន្មានក្នុង ១ ថ្ងៃ?
វិទ្យាស្ថានសុខភាពជាតិរបស់អាមេរិក (NIH) ណែនាំឱ្យញុំាកាបូអ៊ីដ្រាត (អាហារថាមពល) ៤៥%-៦៥% នៃកាឡូរីប្រចាំថ្ងៃដែលស្មើនឹង ២០០ ទៅ ៣០០ ក្រាមក្នុង ១ ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកជំងឺទឹកនោមផ្អែមមិនគួរញុំាកាបូអ៊ីដ្រាតលើសពី ២០០ ក្រាមក្នុង ១ ថ្ងៃទេ។
បរិមាណកាបូអ៊ីដ្រាតដែលញុំាប្រចាំថ្ងៃប៉ះពាល់ដល់ជាតិស្ករក្នុងឈាមរបស់យើង។ ការញុំាកាបូអ៊ីដ្រាតច្រើនអាចបង្កើនកម្រិតជាតិស្ករនៅក្នុងឈាម។ ជាតិស្ករក្នុងឈាមខ្ពស់ (លើសជាតិស្ករក្នុងឈាម) អាចធ្វើឱ្យយើងប្រឈមនឹងជំងឺទឹកនោមផ្អែម។ ផ្ទុយទៅវិញបើយើងញុំាកាបូអ៊ីដ្រាតមិនគ្រប់គ្រាន់ វាធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ (ជាតិស្ករក្នុងឈាមទាប)។ យ៉ាងណាមិញយើងគួរជ្រើសរើសញុំាកាបូអ៊ីដ្រាតល្អ និងចៀសវាង ឬកាត់បន្ថយកាបូអ៊ីដ្រាតអាក្រក់ដែលមានក្នុងអាហារកែច្នៃព្រោះពួកវាក៏អាចធ្វើឱ្យឡើងទម្ងន់ បង្កើនកម្រិតកូឡេស្តេរ៉ុល និងបង្កើនហានិភ័យកើតជំងឺបេះដូង។ល។
[embed-health-tool-bmr]