នែ៎គ្នាយើង! កុំចេះតែញ៉ាំ ព្រោះអាហារខ្លះញ៉ាំហើយ មិនត្រឹមតែមិនជួយឲ្យសុខភាពល្អនោះទេ ថែមទាំងធ្វើឲ្យឈឺនេះឈឺនោះ មិនចេះចប់ ពិសេសម៉ាក់ប៉ា អ៊ំយើងៗ ចាស់ៗតែម្តង។ “Hello គ្រូពេទ្យ” នឹងណែនាំអាហារ ក៏ដូចជាតិចនិកខ្លះៗ សម្រាប់គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗចាស់ៗ មានបញ្ហាជំងឺសន្លាក់ គួរដឹង និងគួរតម។
១- អាហារចៀន បំពង និងកែច្នៃ
ការស្រាវជ្រាវពាក់ព័ន្ធរបបអាហារ និងបង្ការជំងឺ បានបង្ហាញថា បើយើងមានបញ្ហារលាកសន្លាក់ ហើយញ៉ាំអាហារចៀនបំពង និងកែច្នៃ ដូចជា សាច់ចៀន ឬសាច់បង្កក ត្រៀមចម្អិនជាស្រេច កាន់តែតិច ហានិភ័យជួបបញ្ហារលាកកាន់តែទាប។ លើសពីនេះ ប្រព័ន្ធការពាររាងកាយយើង ក៏អាចប្រសើរឡើងវិញផងដែរ។
ដំណោះស្រាយ៖ កាត់បន្ថយបរិមាណញ៉ាំអាហារចៀន បំពង និងកែច្នៃ គួរញ៉ាំបន្លែ ផ្លែឈើឲ្យបានកាន់តែច្រើន។
២- អាហារមានផ្ទុក AGE
AGE មកពីពាក្យ Advanced Glycation End Product (ផលិតផលមានស្ករ និងប្រូតេអ៊ីន កម្រិតខ្ពស់)។ វាមានសារជាតិពុល ផលិតឡើងពេលយើងកម្តៅ អាំង ចៀន ឬដាក់ឲ្យត្រូវកម្តៅ ដើម្បីសម្លាប់មេរោគនៅសីតុណ្ហភាពខ្ពស់។ ជាមួយវត្តមាន AGEs ប្រូតេអ៊ីនមួយចំនួនរបស់រាងកាយនឹងត្រូវបំផ្លាញ។ ដើម្បីបំបែក AGEs រាងកាយត្រូវប្រើសារធាតុ ស៊ីតូគីន (Cytokines) ដែលអាចបង្កឲ្យបញ្ហារលាកកាន់តែធ្ងន់ធ្ងរ។ ហេតុនេះហើយ កន្លែងណាក៏ដោយក្នុងរាងកាយ ឲ្យតែមាន AGEs កកើតឡើង ជាធម្មតាអាចវិវត្តកើតទៅជាជំងឺរលាកសន្លាក់ ក៏ដូចជា ប្រភេទជំងឺរលាកដទៃទៀតផងដែរ។
ដំណោះស្រាយ៖ ញ៉ាំអាហារដែលចម្អិនជាមួយសីតុណ្ហភាពខ្ពស់ ក្នុងបរិមាណកាន់តែតិច តាមអាចធ្វើទៅបាន។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣- ជាតិស្ករ និងស្ករចម្រាញ់
ជាតិស្ករកាន់តែច្រើន បរិមាណ AGEs នឹងមាននៅក្នុងឈាមកាន់តែច្រើនសន្ធឹកសន្ធាប់ដូចគ្នា។ ដូចបានរៀបរាប់រួចហើយ AGEs នាំឲ្យមានការរលាក ជំងឺរលាកសន្លាក់ ឬឈឺសន្លាក់ជាដើម។
ដំណោះស្រាយ៖ កាត់បន្ថយទៅលើស្ករគ្រាប់ អាហារកែច្នៃ នំដុតពីម្ស៉ៅស ក៏ដូចជាទឹកសូដា។
៤- ផលិតផលធ្វើពីទឹកដោះ
ផលិតផលពីទឹកដោះ មានភ្ជាប់ជាមួយប្រូតេអ៊ីន អាចបណ្តាលឲ្យមានការឈឺចាប់ដោយសាររលាកសន្លាក់។ គណៈកម្មាធិការក្រុមគ្រូពេទ្យទទួលបន្ទុកឱសថ អះអាងថា ប្រូតេអ៊ីន អាចធ្វើឲ្យមានបញ្ហាដល់ជាលិកាជុំវិញសន្លាក់។ នេះជាហេតុផលនាំឲ្យម៉ាក់ប៉ា អ៊ំៗយើង មានជំងឺរលាកសន្លាក់ តម្រូវឲ្យញ៉ាំអាហារតាមវេជ្ជបញ្ជា គ្មានជាតិសាច់សូម្បីតែបន្តិច។
ដំណោះស្រាយ៖ ប្រើប្រាស់ប្រូតេអ៊ីនពីប្រភពផ្សេង ដូចជា បន្លែ គ្រាប់ធញ្ញជាតិ។ បន្លែពួយឡេង ប៊័រចម្រាញ់ពីគ្រាប់ធញ្ញជាតិ តៅហ៊ូ សណ្តែក សណ្តែកឡង់ទីល និងគីណាវ (Quinoa) សុទ្ធតែជាជម្រើសល្អទាំងអស់។
៥- ស្រា និងថ្នាំជក់
យើងគ្រប់គ្នាសុទ្ធតែដឹងស្រាប់ ការប្រើប្រាស់ថ្នាំជក់ និងផឹកស្រា សុទ្ធតែប៉ះពាល់ដល់សុខភាពយើង ជះឥទ្ធិពលធ្ងន់ធ្ងរដល់សន្លាក់។ ការស្រាវជ្រាវបង្ហាញថា គ្នាយើងជក់បារីប្រឈមបញ្ហារលាកសន្លាក់កាន់តែខ្ពស់ ខណៈផឹកស្រា កាន់តែងាយកើតជំងឺប្រគ្រីវ។
ដំណោះស្រាយ៖ ឈប់ជក់បារី និងផឹកស្រា។ បង្កើតផែនការរបបអាហារផ្តល់សុខភាព កម្មវិធីហាត់ប្រាណសមស្រប និងពេលវេលាសម្រាកត្រឹមត្រូវ។
៦- អំបិល និងសារធាតុរក្សាគុណភាពអាហារ
ត្រូវប្រាកដថា យើងស្គាល់ប្រភេទអាហារទាំងអស់ ដែលមានផ្ទុកជាតិអំបិល និងសារធាតុរក្សាគុណភាព ព្រោះញ៉ាំជាតិអំបិលច្រើន បង្កើនហានិភ័យកើតមានបញ្ហារលាកសន្លាក់។
ដំណោះស្រាយ៖ អានការណែនាំដោយប្រុងប្រយ័ត្ន ពេលទិញអាហារ។ ត្រូវប្រាកដថា អាហារទាំងនោះមានផ្ទុកសារធាតុរក្សាទុកបានយូរ និងសារធាតុប៉ះពាល់ផ្សេងទៀតក្នុងកម្រិតទៀតបំផុត។ ញ៉ាំអាហារត្រៀមចម្អិតរួចស្រេច មិនមែនជាជម្រើសឆ្លាតវៃទេ ដោយសារក្នុងអាហារទាំងនោះ អាចមានជាតិសូដ្យូមខ្ពស់។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៧- ប្រេងពោត
អាហារសម្រន់ ចម្អិនដោយដុត អាចមានផ្ទុកប្រេងពោត និងប្រេងដទៃផ្សេងទៀត ក៏ដូចជា អាស៊ីតខ្លាញ់អូមេហ្គា ៦ (ខ្លាញ់ឆ្អែត) ដែលសុទ្ធសឹងជាសារធាតុបង្កឲ្យមានបញ្ហារលាកសន្លាក់។
ដំណោះស្រាយ៖ យល់ល្អ កុំញ៉ាំអាស៊ីដខ្លាញ់អូមេហ្គា ៦ ច្រើនពេក ងាកមករកអាស៊ីដ អូមេហ្គា ៣ ជំនួសវិញ អាចជួយឲ្យមានសុខភាពល្អ ប្រឆាំងការរលាក។ ប្រេងអូលីវ គ្រាប់រុក្ខជាតិ គ្រាប់ Flax Seeds និងគ្រាប់ល្ពៅ សុទ្ធតែមានស្តុកអាស៊ីដអូមេហ្គា ៣ ច្រើន។
៨- តិចនិកបន្ថែម
ផែនការតមអាហារ មិនមានប្រសិទ្ធភាពលើគ្នាយើងមានជំងឺសន្លាក់ទាំងអស់នោះទេ។ ពេលខ្លះអាចមានប្រសិទ្ធភាពសម្រាប់យើង ប៉ុន្តែគ្មានប្រសិទ្ធភាពសម្រាប់អ្នកផ្សេងទៀត។ សាកល្បង និងវាយតម្លៃ តើផែនការនេះសក្តិសមសម្រាប់យើងឬយ៉ាងណា។ ជាទូទៅ គ្នាយើង ឬម៉ាក់ប៉ា អ៊ំៗ មានជំងឺរលាកសន្លាក់ គួរតែរក្សាទម្ងន់រាងកាយឲ្យបានល្អ ដោយអនុវត្តតាមផែនការញ៉ាំអាហារមានតុល្យភាព។
[embed-health-tool-bmr]