ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេងលើកជើងផ្អែកជញ្ជាំងផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?
១. ជួយឱ្យយើងស្ងប់អារម្មណ៍
ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍យើងស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗដើម្បីទទួលបានលទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗអាចកាត់បន្ថយអត្រាចង្វាក់បេះដូងលោតដែលជួយឱ្យយើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។
២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង
ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។
កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ។
៣. ជួយកាត់បន្ថយអាការៈចុករួយង្កេះផ្នែកខាងក្រោម
ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ និងសាច់ដុំខ្នងដែលនឹងជួយកាត់បន្ថយអាការៈចុករួយចង្កេះផ្នែកខាងក្រោម។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៤. បង្កើនចលនាឈាមរត់
ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើងមករាងកាយវិញ។ លើសពីនេះទៅទៀត ទំនាញផែនដីជួយឱ្យឈាមហូរត្រឡប់ទៅបេះដូងវិញបានល្អដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។
៥. ជំរុញការរំលាយអាហារ
ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយសម្រួលចរន្តឈាមក្នុងពោះ និងកាត់បន្ថយការសង្កត់ទៅលើក្រពះ និងពោះវៀនដែល ការសង្កត់នេះប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់ទឹកអាស៊ីដក្រពះ និងទល់លាមក។
៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង
ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួមចំណែកកាត់បន្ថយអាការៈការឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង ព្រោះការលើកជើងឡើងលើអាចជំរុញរំហូរឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់ក្នុងខ្លួនដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។
[embed-health-tool-heart-rate]
របៀបគេងលើកជើងផ្អែកជញ្ជាំង
យើងអាចអង្គុយនៅលើកម្រាលហាត់យូហ្កា ហើយចំហៀងខ្លួនខាងធ្វេងរបស់យើងត្រូវជាប់នឹងជញ្ជាំង។ បន្ទាប់មកគេងលើកម្រាល លើកជើងទាំងពីរផ្អែកជាប់នឹងជញ្ជាំងដោយយកដៃជួយបង្វិលខ្លួន រួចរំកិលគូទរបស់យើងឱ្យជិតជញ្ជាំងតាមដែលអាចធ្វើបាន។
ជាចុងក្រោយ យើងត្រូវបន្ធូរសាច់ដុំទាំងអស់នៅលើរាងកាយយើង បិទភ្នែក ដាក់ដៃនៅលើពោះ ឬនៅលើឥដ្ឋ និងដកដង្ហើមវែងៗ។ យើងត្រូវស្ថិតនៅក្នុងឥរិយាបទនេះឱ្យបានយូរតាមដែលអាចធ្វើទៅបានប្រហែលជា ១០ ទៅ ១៥ នាទី។
ដើម្បីឈប់ហាត់លំហាត់នេះយើងត្រូវទាញជង្គង់របស់យើងដាក់លើទ្រូង រួចហើយរមៀលខ្លួនទៅចំហៀងខ្លួន។ បន្ទាប់មកសម្រាកមួយសន្ទុះ រួចក្រោកឡើងអង្គុយយឺតៗ។ ជាចុងក្រោយ យើងត្រូវរលាស់ជើងទាំងពីរដើម្បីជួយសម្រួលរំហូរឈាម។
យើងអាចដាក់ទ្រនាប់នៅក្រោមត្រគាក ក្រោមកដើម្បីឱ្យស្រួលខ្លួន និងពាក់ស្រោមជើងក្រាស់ដើម្បីការពារការឈឺកែងជើង។ បន្ទាប់ពីហាត់លំហាត់នេះរួច យើងគួរចៀសវាងញុំាអាហារក្នុងរយៈពេល ២០ នាទី ឬចៀសវាងហាត់លំហាត់នេះបន្ទាប់ពីញុំាអាហាររួច។
ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយឱ្យយើងមានសុខភាពល្អ តែអ្នកមានជំងឺពុកឆ្អឹង ដក់ទឹកក្នុងភ្នែក លើសសម្ពាធឈាម ស្រ្តីពពោះ ឬកំពុងមករដូវមិនអាចហាត់លំហាត់នេះបានទេ។
អត្ថបទគួរអាន៖
- លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង ជួយដល់លំហូរឈាម
- ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង
- ហាត់ប្រាណមានទំនាក់ទំនងបែបណាជាមួយសុខភាពបេះដូង?
- ហាត់ប្រាណពេលព្រឹក អាចបន្ថយហានិភ័យកើតជំងឺមហារីក
- ឈឺជង្គង់ក្រោយដើរច្រើន ឬហាត់ប្រាណរួចគួរធ្វើម៉េច?
- ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?
ចំណុចសំខាន់
- ជួយឱ្យយើងស្ងប់អារម្មណ៍
- បំបាត់អាការៈចុករួយស្រពន់ជើង
- កាត់បន្ថយអាការៈចុករួយចង្កេះផ្នែកខាងក្រោម
- ជួយសម្រួលសាច់ដុំអាងត្រគាក
- បង្កើនចលនាឈាមរត់
- ជំរុញការរំលាយអាហារ
- កាត់បន្ថយអាការៈឈឺក្បាលធម្មតា និងឈឺក្បាលប្រកាំង