ជំងឺបេះដូងនៅតែជាមូលហេតុចម្បងទី១ ដែលនាំឲ្យមានការបាត់បង់ជីវិតនៅក្នុងសហរដ្ឋអាមេរិក ហើយរបាយការណ៍ថ្មីមួយបានបង្ហាញថា ស្ត្រីជាភេទដែលងាយប្រឈមនឹងជំងឺមួយនេះច្រើនជាងបុរសទៅទៀត។ ការសិក្សាមួយដែលចេញផ្សាយក្នុងទស្សនាវដ្ដីCirculation របស់សមាគមបេះដូងអាមេរិកបានរកឃើញថា ស្ត្រីប្រឈមនឹងហានិភ័យកើនឡើងចំនួន២០% នៃការវិវត្តទៅជាជំងឺខ្សោយបេះដូង ឬស្លាប់ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីការគាំងបេះដូងធ្ងន់ធ្ងរលើកដំបូង បើធៀបនឹងបុរស។
ទន្ទឹមនឹងនេះដែរ ជំងឺខ្សោយបេះដូងនៅតែមានកម្រិតខ្ពស់ចំពោះស្ត្រីជាងបុរស អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងក្រោយចេញពីមន្ទីរពេទ្យ។ លើសពីនេះ ស្ត្រីក៏មានអត្រាខ្ពស់នៃការស្លាប់ដោយគាំងបេះដូងធ្ងន់ធ្ងរជាងបុរសផងដែរ។ សមាគមបេះដូងអាមេរិក បានឲ្យដឹងថា រោគសញ្ញាគាំងបេះដូងភាគច្រើនដែលកើតលើស្ត្រីគឺឈឺទ្រូង ហត់ ចង្អោរ ឬក្អួត និងឈឺខ្នង ឬឈឺថ្គាម។ ប៉ុន្តែ ស្រីៗយើងតែងតែពន្យារពេលក្នុងការស្វែងរកការព្យាបាលនៅពេលដែលមានរោគសញ្ញាគាំងបេះដូង ដោយយល់ថាទាំងនេះ គឺជារោគសញ្ញាធម្មតា ដូចជាចាល់ទឹកអាស៊ីដប៉ុណ្ណោះ។

ក្រោយពេលកើតមានអាការៈគាំងបេះដូងរួច ស្រីៗតែងតែមិនសូវយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងចុះឈ្មោះក្នុងការរៀនពង្រឹងចលនាបេះដូង ។ លោកវេជ្ជបណ្ឌិត Gregg Fonarow ប្រធានផ្នែកជំងឺបេះដូងនៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ាមានប្រសាសន៍ថា លោកសង្ឃឹមថា ការសិក្សានេះនឹងជំរុញឲ្យអ្នកជំងឺដែលជាស្ត្រី ចាត់វិធានការដើម្បីកែលម្អសុខភាពបេះដូង ក៏ដូចជាអាចរំលឹកដល់ក្រុមគ្រូពេទ្យឲ្យពិនិត្យឡើងវិញ ព្រមទាំងយកចិត្តទុកដាក់បន្ថែមទៀត ចំពោះអាការៈគាំងបេះដូងនៃអ្នកជំងឺដែលជាស្ត្រី។