ពិតណាស់ អារឿងចូលគេងយប់ជ្រៅ គ្នាយើងណាគេចមិនផុតដែរ តែកុំញឹកញយពេក ព្រោះការសិក្សាថ្មីរកឃើញថា ទម្លាប់គេងរបស់យើង មានទំនាក់ទំនងជាមួយសុខភាពបេះដូង ហេតុនេះគួរប្រយ័ត្នបន្តិចទៅ។ ចង់ដឹងការសិក្សានិយាយថាម៉េច? ទំនាក់ទំនងរវាងបេះដូង និងការគេងម៉េចខ្លះ? អត្ថបទ “Hello គ្រូពេទ្យ’ មួយនេះអាចពន្យល់បាន។
១- ការសិក្សាលើទម្លាប់ចូលគេង
ការសិក្សាថ្មីទើបចេញផ្សាយលើបណ្តាញសារព័ត៌មាន CNN រកឃើញថា ការផ្លាស់ប្តូរទម្លាប់ចូលគេង និងក្រោកពីគេង ប្រមាណ ៩០នាទី បញ្ជាក់យ៉ាងច្បាស់ថា អាចបង្កើតឱកាសគាំងបេះដូង និងជំងឺបេះដូងជាច្រើនផ្សេងទៀត។
ជំនួយការសាស្ត្រាចារ្យវេជ្ជសាស្ត្រ នៃសាលាវេជ្ជសាស្ត្រ Harvard Medical School លោក Tianyi Huang ដែលជាអ្នកដឹកនាំការសិក្សានេះ បញ្ជាក់ថា បើប្រៀបធៀបជាមួយគ្នាយើងមានទម្លាប់ចូលគេងទៀងទាត់ អ្នកទម្លាប់ចូលគេងខុសពេលវេលា (ច្រើនជាង ៩០នាទី ក្នុងអំឡុងពេល ៧យប់) នឹងកើនអត្រាប្រឈមដល់ទៅទ្វេដង វិវត្តទៅរកជំងឺសរសៃឈាមបេះដូងក្នុងរយៈពេល ៥ឆ្នាំទៅមុខ។
ទម្លាប់គេងមិនទៀងទាត់ មានទំនាក់ទំនងក្នុងកម្រិតខ្ពស់ ទៅលើបញ្ហាសុខភាពជាច្រើនទៀត ដូចជា បញ្ហាកម្រិតជាតិខ្លាញ់ សម្ពាធឈាម និងកត្តាប្រឈមជំងឺសរសៃឈាមបេះដូង គេងមិនលក់ គេងមិនដកដង្ហើម និងរយៈពេលនៃការគេងជាដើម។
ដោយឡែក វេជ្ជបណ្ឌិត David Goff នាយកផ្នែកវិទ្យាសាស្ត្រសរសៃឈាមបេះដូង នៃវិទ្យាស្ថានជាតិ ជំងឺបេះដូង សួត និងឈាម នៅអាមេរិក អះអាងថា ការសិក្សាខាងលើ ជាគំហើញធំមួយ ព្រោះថាម្នាក់ក្នុងចំណោមអ្នកស្លាប់ដោយជំងឺបេះដូងនៅអាមេរិកបីនាក់គឺស្លាប់ដោយជំងឺបេះដូង ហើយថាមនុស្ស៦០ភាគរយគឺអាចកើតជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរនៅមុនពេលស្លាប់។
ទោះជាវេជ្ជបណ្ឌិត David Goff ដែលមិនជាប់ពាក់ព័ន្ធការសិក្សាខាងលើ ក៏បញ្ជាក់ដែរថា គ្នាយើងរស់នៅក្នុងភាពរវល់ច្រើន ស្ត្រេស និងគេងមិនគ្រប់គ្រាន់អំឡុងថ្ងៃធ្វើការ សុទ្ធតែប្រឈមបញ្ហាសរសៃឈាមបេះដូងខ្ពស់ បើទោះជាបានព្យាយាម គេងសងអំឡុងថ្ងៃចុងសប្តាហ៍ក្តី ក៏មិនអាចធ្វើឲ្យសុខភាពល្អប្រសើរនោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ជំងឺសរសៃឈាមបេះដូងសម្លាប់ពលរដ្ឋខ្មែរច្រើនជាងមហារីកទៀត តើមកពីអ្វី?
- ឧស្សាហ៍ចុកទ្រូង អាចបណ្ដាលមកពីមូលហេតុទាំងនេះ
- ផ្ដាច់បារី ជួយកាត់បន្ថយជំងឺបេះដូងរហូតដល់ ៤០% ក្នុងពេល ៥ឆ្នាំ
២- ទំនាក់ទំនងរវាងការគេង និងបេះដូង
ប្រព័ន្ធសរសៃឈាមបេះដូង រាប់បញ្ចូលទាំងចង្វាក់បេះដូង សម្ពាធឈាម កម្លាំងកន្រ្តាក់របស់សរសៃឈាម សុទ្ធតែពឹងផ្អែកលើដំណើរការមុខងារប្រចាំថ្ងៃរបស់រាងកាយ ដើម្បីរក្សាដំណើរការមុខងាររបស់ខ្លួនឲ្យប្រក្រតី។
ភាពមិនប្រាកដប្រជាពេលវេលាគេងប្រចាំថ្ងៃ គឺអាចជះឥទ្ធិពលមិនល្អចំពោះសុខភាព អាចបង្កើនហានិភ័យជំងឺសរសៃឈាមបេះដូង ដូចជា លើសឈាម ភាពស៊ាំអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែម។ នេះជាការលើកឡើងរបស់លោក Tianyi Huang ប៉ុន្តែការសិក្សាដំបូងរបស់គាត់ គឺផ្តោតសំខាន់ទំនាក់ទំនងការគេងមិនទៀងទាត់ និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះ។
ការសិក្សាខាងលើ មានអ្នកចូលរួមជាង ២០០០នាក់ អាយុចន្លោះពី ៤៥-៨៤ ឆ្នាំ និងសុទ្ធសឹងគ្មានជំងឺសរសៃឈាមបេះដូង អំឡុងពេល ៥ ឆ្នាំចុងក្រោយ។ ក្រោយការវាយតម្លៃ ១/៤ ក្នុងចំណោមអ្នកចូលរួម សុទ្ធតែមានការផ្លាស់ប្តូរពេលវេលាគេង អំឡុងពេល ៧យប់ ខណៈភាគច្រើន គឺជាមនុស្សវ័យចំណាស់ ចូលនិវត្តន៍ពីការងារ។
អត្ថបទពាក់ព័ន្ធ៖
- ឲ្យតែស្ត្រេស ស្មុគស្មាញច្រើន សញ្ញាគួរឲ្យព្រួយបារម្ភទាំងនេះអាចកើតឡើង
- ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង
ក្នុងករណី មានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាល ជូនទេ៕
[embed-health-tool-heart-rate]