ការវាស់សម្ពាធឈាមខ្លួនឯងជួយឱ្យយើងដឹងពីស្ថានភាពសម្ពាធឈាមរបស់យើងថា ល្អ លើស ខ្វះ ឡើង ឬចុះ ជាពិសេសអ្នកលើសសម្ពាធឈាមដែលត្រូវតាមដានសម្ពាធឈាមជាប្រចាំដើម្បីគ្រប់គ្រងជំងឺ។ តើសម្ពាធឈាមជាអ្វី? មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពយើង? យើងគួរវាស់ឈាមយ៉ាងម៉េចទើបត្រឹមត្រូវ? គួរវាស់សម្ពាធឈាមចាប់ពីអាយុប៉ុន្មាន?
វេជ្ជបណ្ឌិត ស្រេង ឌីណា ឯកទេសជំងឺបេះដូង សរសៃឈាម និងជំងឺវេជ្ជសាស្រ្តទូទៅនៅមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកឯកទេសបេះដូងរុងរឿងបានឱ្យដឹងថា សម្ពាធឈាមជាកម្លាំងនៃចរន្តឈាមដែលមានឥទ្ធិពលទៅលើជញ្ជាំងខាងក្នុងនៃសរសៃឈាម ហើយប្រែប្រួលទៅតាមចង្វាក់បេះដូងរបស់យើង (ពេលបេះដូងកន្រ្តាក់ និងរលា)។
ពេលបេះដូងកន្រា្តក់បង្កើតបានសម្ពាធឈាមស៊ីស្តូលិក (Systolic blood pressure) និងពេលបេះដូងរលាបង្កើតបានជាសម្ពាធឈាមដ៉្យាស្តូលិក (Diastolic blood pressure)។
កាលណាសម្ពាធឈាមកាន់តែខ្ពស់ កម្លាំងឈាមដែលបុកនឹងជញ្ជាំងសរសៃឈាមកាន់តែខ្លាំងដែរ។
១. វិធីវាស់សម្ពាធឈាមត្រឹមត្រូវ
- មុនវាស់សម្ពាធឈាមយើងចាំបាច់ត្រូវសម្រាកឱ្យបានយ៉ាងតិច ៥ ទៅ ១០ នាទីដើម្បីឱ្យបាត់ហត់
- ចៀសវាងជក់បារី ញុំាកាហ្វេ ឬហាត់ប្រាណយ៉ាងហោចកន្លះម៉ោងមុនវាស់សម្ពាធឈាម
- ពេលវាស់សម្ពាធឈាមយើងត្រូវសម្រួលអារម្មណ៍ កុំគិតច្រើន កុំភ័យ ឬខឹង ព្រោះបណ្តាលឱ្យសម្ពាធឈាមយើងឡើង
- ពេលវាស់សម្ពាធឈាមយើងត្រូវសម្រាកឱ្យស្រួលដោយអាចអង្គុយឱ្យត្រង់ខ្លួន ឬគេង ហើយដាក់ដៃឱ្យស្មើនឹងកម្រិតបេះដូង រួចចុចម៉ាស៊ីនវាស់សម្ពាធឈាម
- យើងគួរវាស់ឱ្យបានពីរដង បានន័យថា វាស់ម្តងហើយ ពីរបីនាទីទៀតយើងវាស់ម្តងទៀត ហើយសម្ពាសឈាមនៃការវាស់ទំាងពីរលើកអាចខុសគ្នាតិចតួច តែយើងយកលទ្ធផលទីពីរជាលទ្ធផលផ្លូវការ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. របៀបអានលេខនៅលើម៉ាស៊ីនវាស់សម្ពាធឈាម
ជាទូទៅលេខលើម៉ាស៊ីនវាស់សម្ពាធឈាមមានបីជួរ៖
- លេខជួរទី ១ ហៅថាស៊ីស្តូលិក៖ កម្រិតសម្ពាធឈាមពេលបេះដូងច្របាច់ ឬកម្រិតសម្ពាធអតិបរមា
- លេខជួរទី ២ ហៅថាដ៉្យាស្តូលិក៖ កម្រិតសម្ពាធឈាមពេលបេះដូងរលា ឬកម្រិតសម្ពាធឈាមអប្បបរមា
- លេខជួរទី ៣ ហៅថាជីពចរ៖ ចង្វាក់បេះដូងក្នុងមួយនាទី (ចំនួនបេះដូងលោតក្នុងមួយនាទី)
ពេលវាស់សម្ពាធឈាម យើងមើលទាំងស៊ីស្តូលិក និងដ៉្យាស្តូលិក។ សម្ពាធឈាមចែកចេញជាបីប្រភេទគឺ៖
– សម្ពាធឈាមធម្មតា (ល្អ)៖ សម្ពាធឈាមស៊ីស្តូលិកនៅចន្លោះពី ១១០ ទៅ ១៣៩ មិល្លីម៉ែត្របារត ហើយសម្ពាធឈាមដ៉្យាស្តូលិកអាចចន្លោះពី ៧០ ទៅ ៨៩ មិលីម៉ែត្របារត
– លើសសម្ពាធឈាម (មានជំងឺលើសសម្ពាធឈាម)៖ សម្ពាធឈាមស៊ីស្តូលិកលើសពី ១៤០ មិល្លីម៉ែត្របារតឡើង ឬសម្ពាធឈាមដ៉្យាស្តូលិកលើសពី ៩០ មិល្លីម៉ែត្របារតឡើង
– សម្ពាធឈាមចុះទាប (វិលមុខ ស្រវាំងភ្នែក ខ្សោយ …)៖ សម្ពាធឈាមស៊ីស្តូលិកទាបជាង ៩០ មិល្លីម៉ែត្របារត ហើយសម្ពាធឈាមដ៉្យាស្តូលិកទាបជាង ៦០ មិល្លីម៉ែត្របារត។
យើងទម្លាប់ហៅខ្នាតមួយទៀតហៅថា សង់ទីម៉ែត្របារត។ ឧទាហរណ៍ សម្ពាធឈាម ៨ (សង់ទីម៉ែត្របារត) មានន័យថា ៨០ មិល្លីម៉ែត្របារត ហើយភាគច្រើនយើងចាប់អារម្មណ៍តែលេខខាងលើទេ តែមែនទែនទៅ យើងត្រូវមើលទាំងបីលេខ ជាពិសេសលេខជួរទី ១ និងទី ២។ ម្យ៉ាងទៀតសម្ពាធឈាមជាក់ស្តែងមិនមែនគត់ៗទេ អាច ៨២ ៩៣ ឬ១២២ ជាដើម។
លោកវេជ្ជបណ្ឌិតបន្ថែមថា សម្ពាធឈាមធម្មតាគឺទាបជាង ១៤០/៩០ មិល្លីម៉ែត្របារត ហើយអាចប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ ឧទាហរណ៍ អ្ននខ្លះមានសម្ពាធឈាមត្រឹមតែ ១០០ មិល្លីម៉ែត្របារត អ្នកខ្លះបានត្រឹមតែ ៩៥ មិល្លីម៉ែត្របារត ហើយអ្នកខ្លះបានត្រឹមតែ ៩០ មិល្លីម៉ែត្របារត។
[embed-health-tool-heart-rate]
៣. វ័យគួរវាស់សម្ពាធឈាម
ជាទូទៅចំពោះមនុស្សពេញវ័យគួរតាមដានសម្ពាធឈាមនៅអាយុ ១៨ ឆ្នាំឡើងទៅ ហើយចំពោះអ្នកដែលមិនដែរមានបញ្ហាសុខភាព ឬកត្តាប្រឈមមានជំងឺសរសៃឈាមបេះដូងគួរវាស់សម្ពាធឈាមរៀងរាល់ឆ្នាំ ឬពីរឆ្នាំម្តង។
ដោយឡែកអ្នកមានអាយុចាប់ពី ៤០ ឆ្នាំឡើងដែលមានន័យថា ចាប់ផ្តើមមានកត្តាប្រឈមនឹងជំងឺបេះដូង ឬសរសៃឈាមបេះដូងហើយ ឬអ្នកដែលអាយុក្រោម ៤០ ឆ្នាំដែលធាត់ ជក់បារី ឬមានបញ្ហាលើសជាតិខ្លាញ់ក្នុងឈាមគួរតាមដានសម្ពាធឈាមឱ្យបានញឹកញាប់ អាចមួយឆ្នាំម្តង ឬតាមការកំណត់របស់គ្រូពេទ្យ។
យើងគួរវាស់ និងតាមដានសម្ពាធឈាមជាប្រចាំទៅតាមការណែនាំរបស់គ្រូពេទ្យដើម្បីតាមដានសុខភាព ព្រោះជំងឺលើសសម្ពាធឈាមជាឃាតករលាក់មុខ ហើយការព្យាបាលជំងឺនៅដំណាក់កាលស្រាលមានការងាយស្រួល និងចំណាយតិច។
អត្ថបទគួរអាន៖
- គន្លឹះសំខាន់ៗ រក្សាសម្ពាធឈាមឲ្យនៅកម្រិតល្អចំពោះសុខភាព
- ខ្ទឹមសមានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និងឆ្អឹង
- សម្ពាធឈាមខ្ពស់ប៉ះពាល់សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?
- មានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- សូណា ជួយបេះដូង និងសម្ពាធឈាម ដូចហាត់ប្រាណដែរ
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល