ជំងឺសរសៃឈាមបេះដូង ជាជំងឺធ្ងន់ធ្ងររហូតដល់ប៉ះពាល់អាយុជីវិត បើយើង ឬសមាជិកក្នុងគ្រួសារ គ្មានរបបអាហារសុខភាព និងរបៀបរស់នៅគ្មានតុល្យភាព។ ជំងឺនេះពាក់ព័ន្ធយ៉ាងខ្លាំងជាមួយទឹកនោមផ្អែម និងលើសឈាម។ ការពាក់ព័ន្ធគ្នានេះ បង្កឲ្យអ្នកជំងឺឈឺម្ដង ៣ មុខនេះបាន។ ចង់ដឹងវាពាក់ព័ន្ធបែបណា “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
១- ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង
ពេលរាងកាយអសមត្ថភាពគ្រប់គ្រងជាតិស្ករក្នុងឈាមហើយ ទឹកនោមផ្អែមនឹងលេចរូបរាងជាមិនខាន។ បើបណ្ដោយយូរៗទៅ វានឹងបង្កឲ្យមានផលវិបាកផ្សេងៗទៀត ដូចជា កកជាតិខ្លាញ់តាមសរសៃឈាម ប្រតិកម្មសំយោគជាតិស្ករ និងខ្លាញ់ខុសប្រក្រតី ដែលមុន និងក្រោយ នឹងវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្វះឈាមចិញ្ចឹមបេះដូង និងជំងឺសរសៃឈាមបេះដូង។
២- ទឹកនោមផ្អែម និងលើសឈាម
អ្នកទឹកនោមផ្អែម មានខ្លាញ់ល្អតិចទៅៗ ហើយខ្លាញ់មិនល្អវិញ កើនឡើងក្នុងរាងកាយច្រើន។ ត្រង់នេះធ្វើឲ្យឱកាសមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមបេះដូង កាន់តែខ្ពស់។ ផលវិបាកធំបំផុតរបស់ទឹកនោមផ្អែម គឺនាំឲ្យកើតជំងឺលើសឈាម ហើយរឿងលើសឈាមទៀតសោត អាចធ្វើឲ្យអ្នកទឹកនោមផ្អែមស្លាប់មួយរំពេច។
៣- លើសឈាម ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង
កាលណាជាតិស្ករក្នុងឈាមឡើងខ្ពស់ កំហាប់ឈាមកើនឡើងដែលងាយឲ្យមានការកកស្ទះក្នុងសរសៃឈាម និងបង្កឲ្យមានសម្ពាធឈាមកើនឡើងផងដែរ។ បើមិនព្យាបាលទាន់ពេលទេនោះ ជំងឺមួយនឹងបង្កើតជំងឺមួយទៀតជាមិនខាន ពោលគឺលើសឈាមហ្នឹងឯង។
ផលវិបាក គឺមានច្រើន និងចោទជាបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។ សរីរាង្គដែលប៉ះពាល់បន្តទៀត គឺខួរក្បាល តម្រងនោម ភ្នែក ពិសេសគឺបេះដូងផ្ទាល់តែម្ដង។ យូរៗទៅ សាច់ដុំបេះដូងក៏រីកមាឌឡើងក្រាស់ដែលបណ្ដាលឲ្យច្របាច់ឈាមទៅចិញ្ចឹមរាងកាយមិនគ្រប់គ្រាន់។ មូលហេតុនេះហើយដែលធ្វើឲ្យឈាមក្នុងសរសៃវ៉ែនចាល់ ហើយមិនយូរមិនឆាប់មុខតែកើតជំងឺខ្សោយបេះដូង ហើយក៏មានជំងឺកាចសាហាវផ្សេងៗទៀត ដូចជា ស្ទះសរសៃឈាមបេះដូង ហើមដក់សរសៃឈាម និងរហែកស្រទាប់សរសៃអាអក ដែលអាចកើតបានគ្រប់ពេល។
ស្វែងយល់ពីជំងឺបេះដូងច្រើនទៀតចុចទីនេះ
ចង់ដឹងពីកម្រតិចង្វាក់បេះដូងលោតចុចទីនេះ
គួរយកចិត្តទុកដាក់ឲ្យច្រើន ជាពិសេសចំពោះចាស់ៗក្នុងផ្ទះ ព្រោះជំងឺលើសឈាម បញ្ហាបេះដូង ឬទឹកនោមផ្អែមអី សុទ្ធតែអាចកើតបានងាយបំផុតចំពោះមនុស្សចាស់ក្នុងផ្ទះ ដោយសារកត្តាអាយុ របបចំណីចំណុក មិនហាត់កីឡាសោះ ឬធាត់លើសគីឡូ។
[embed-health-tool-heart-rate]