តិចនិក ៥ យ៉ាង ថែទាំតម្រងនោមឲ្យមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ
តម្រងនោមដែលមានសុខភាពល្អ អាចកម្ចាត់ចោលជាតិពុល សារធាតុគីមី និងជាតិទឹកដែលលើសយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ បើតម្រងនោមដំណើរការមិនប្រក្រតីទេនោះ វាអាចបង្កជាផលវិបាកដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះហើយ យើងគួរតែអនុវត្តតិចនិកប្រចាំថ្ងៃមួយចំនួន ដើម្បីថែទាំសុខភាពតម្រងនោម។

១. ហាត់ប្រាណជាប្រចាំ
ពិតណាស់ ការហាត់ប្រាណជាប្រចាំមានអត្ថប្រយោជន៍ច្រើនដល់រាងកាយទាំងមូល និងថែមទាំងជួយឲ្យតម្រងនោមមានសុខភាពល្អផងដែរ។ មួយវិញទៀត ការហាត់ប្រាណជួយបង្កើនកម្លាំង និងមុខងារសាច់ដុំ ព្រមទាំងជួយបន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល។ លើសពីនេះ ការបញ្ចេញសកម្មភាពរាងកាយនេះ ក៏ជួយបង្ការជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ដែលមានសារសំខាន់ណាស់ក្នុងការការពារយើងពីជំងឺតម្រងនោម។
២. រក្សាជាតិទឹកក្នុងរាងកាយ
ជាក់ស្ដែង ការញ៉ាំទឹកអាចជួយកម្ចាត់ចោលកាកសំណល់ និងជាតិពុលចេញពីឈាមតាមរយៈទឹកនោម។ នៅពេលដែលយើងញ៉ាំទឹកគ្រប់គ្រាន់ អាចកាត់បន្ថយឱកាសនៃការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ និងបញ្ចៀសក្រួសតម្រងនោមបានយ៉ាងស័ក្ដិសិទ្ធិ។ ដូចនេះ យើងចាំបាច់ត្រូវញ៉ាំទឹកឲ្យបាន៨ទៅ១០កែវក្នុងមួយថ្ងៃ។
៣. របបអាហារសុខភាព
ទន្ទឹមនឹងនេះដែរ តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការថែទាំរាងកាយឲ្យសមសួន និងមានសុខភាពល្អ។ ប៉ុន្តែ បើយើងញ៉ាំអាហារមិនល្អច្រើនពេក ហានិភ័យសុខភាពដូចជាសម្ពាធឈាមខ្ពស់ ធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងបញ្ហាតម្រងនោមផ្សេងទៀត អាចនឹងកើតមានឡើង។ ការញ៉ាំអាហារដែលមានជីវជាតិអាចជួយថែទាំ និងការពារសរីរាង្គនេះពីការបំផ្លាញ និងរបួស ហើយជម្រើសដ៏ល្អបំផុត គឺការញ៉ាំបន្លែ និងគ្រាប់ធញ្ញជាតិ ដើម្បីបញ្ចៀសជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។
៤. ជៀសវាងប្រើថ្នាំគ្មានវេជ្ជបញ្ជា អាហារបំប៉ន និងឱសថបុរាណច្រើនជ្រុល
ប្រភេទថ្នាំដែលគ្មានវេជ្ជបញ្ជា ដូចជាថ្នាំបំបាត់ការឈឺក្បាល ឬមិនស្រួលខ្លួនតិចតួច អាចបណ្ដាលឲ្យខូចតម្រងនោមបាន ប្រសិនបើយើងប្រើប្រាស់ជាប្រចាំ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់វីតាមីន និងឱសថបុរាណ ក៏អាចបង្កើនហានិភ័យនៃជំងឺតម្រងនោមបានដែរ។ រីឯការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់លើសកម្រិត អាចនាំឲ្យយើងខូចតម្រងនោមដោយមិនដឹងខ្លួន ហេតុនេះហើយ យើងគួរប្រុងប្រយ័ត្នក្នុងការប្រើថ្នាំទាំងនេះ។

អានបន្ថែម៖
- ប្រយ័ត្ន! ក្រៅពីស្រា ភេសជ្ជៈផ្អែមៗ ក៏បណ្ដាលឲ្យខូចតម្រងនោមដែរ
- ក្បួនសាមញ្ញៗ ៧ យ៉ាង អនុវត្តរាល់ថ្ងៃ រក្សាសុខភាពតម្រងនោមបានល្អ
- វិធីសាស្រ្តមួយចំនួន ជួយការពារបញ្ហាខ្សោយក្រពេញលើតម្រងនោម
- ឃើញសញ្ញាទាំង៦នេះ បញ្ជាក់ថាតម្រងនោមមានបញ្ហាហើយ
- ខ្សោយតម្រងនោម ខ្វះគ្រាប់ឈាមក្រហមទៀតហើយ សុខភាពដុនដាបធ្ងន់
- បញ្ហាចុកតម្រងនោម កើតឡើងដោយសារអ្វី?
៥. គិតវិជ្ជមាន
ទោះបីជាយើងមានជំងឺតម្រងនោមក៏ដោយ ប្រសិនបើយើងមានការគិតវិជ្ជមានចំពោះជីវិត យើងច្បាស់ជាអាចរកដំណោះស្រាយ ក៏ដូចជាទទួលយកការព្យាបាលបានប្រសើរជាង ការគិតតែពីរឿងអវិជ្ជមានច្រើន។ មួយវិញទៀតយើងចាំបាច់ត្រូវគ្រប់គ្រងស្ត្រេស និងរបបអាហារឲ្យបានល្អ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។
ចំណុចសំខាន់
- ហាត់ប្រាណជាប្រចាំ
- រក្សាជាតិទឹកក្នុងរាងកាយ
- ញ៉ាំរបបអាហារសុខភាព
- ជៀសវាងប្រើថ្នាំគ្មានវេជ្ជបញ្ជា អាហារបំប៉ន និងឱសថបុរាណច្រើនជ្រុល
- គិតវិជ្ជមាន