នៅពេលយើងសម្រេចចិត្តសម្រកទម្ងន់ របបអាហារ និងបែបបទរស់នៅរបស់យើងក៏កំពុងតែផ្លាស់ប្ដូរដូចគ្នា។ ជាមួយគ្នានេះដែរ គ្នាយើងអាចនឹងកត់សម្គាល់ឃើញថា យើងនោមញឹកញាប់ជាងធម្មតា។ តើអាការៈនោមញឹកញាប់នេះ មានទំនាក់ទំនងនឹងការស្រកទម្រន់ដែរឬទេ? ហើយតើមានផលប៉ះពាល់ដល់សុខភាពឬយ៉ាងណា?
ការស្រកទម្ងន់ និងការនោមញឹកញាប់
នៅពេលជាតិខ្លាញ់ត្រូវបានបំបែកចេញ វានឹងបញ្ចេញសារធាតុរាវដែលត្រូវកម្ចាត់ចេញពីរាងកាយតាមរយៈញើស និងទឹកនោម។ជាក់ស្ដែង កោសិកាខ្លាញ់ផ្ទុកជាតិខ្លាញ់ ហើយនៅពេលដែលយើងមានខ្លាញ់តិចជាងមុន ដោយសារតែកង្វះកាឡូរី កោសិកាខ្លាញ់នឹងបញ្ចេញជាតិខ្លាញ់ដែលស្តុកទុកទៅក្នុងរាងកាយដើម្បីប្រើប្រាស់សម្រាប់មុខងារទូទៅ។
ប្រសិនបើគ្នាយើងបំពេញកាឡូរីតិចតួច វានឹងមិនមានខ្លាញ់បន្ថែមដើម្បីបំពេញកោសិកាខ្លាញ់ឡើយ ដូច្នេះហើយបរិមាណខ្លាញ់នឹងថយចុះ។ ចុងក្រោយ កោសិកាខ្លាញ់ដែលថយចុះទាំងនោះនឹងបំបែកដោយរាងកាយ ដើម្បីប្រែក្លាយជាប្រភពថាមពល ហើយថាមពលត្រូវបានបញ្ចេញជាទម្រង់កាបូនឌីអុកស៊ីតដែលយើងដកដង្ហើមចេញ និងទឹក នៅពេលដែលយើងបែកញើស ឬនោម។
មូលហេតុនោមញឹកពេលសម្រកទម្ងន់ក៏អាចមកពី៖
- ផ្លាស់ប្ដូររបបអាហារ ដោយការញ៉ាំបន្លែ និងផ្លែឈើច្រើនជាងមុន
- ញ៉ាំទឹកច្រើន
- ញ៉ាំជាតិកាហ្វេច្រើន
ភាពខុសគ្នារវាងបុរស និងស្ត្រី
ទាំងបុរស និងស្ត្រីអាចប្រឈមនឹងការនោមញឹកញាប់ នៅពេលដែលស្រកទម្ងន់ ប៉ុន្តែមានចំណុចខុសគ្នាបន្តិចបន្តួច។
ដោយសារតែកម្រិតនៃម៉ាសសាច់ដុំគ្មានខ្លាញ់ខ្ពស់ បុរសអាចស្រកទម្ងន់ក្នុងអត្រាលឿនជាងស្ត្រីភាគច្រើន ដែលអាចបណ្ដាលឲ្យបាត់បង់ជាតិខ្លាញ់យ៉ាងឆាប់រហ័ស និងបង្កើនការនោមច្រើន។
ផ្ទុយទៅវិញ ស្រីៗយើងមានម៉ាសខ្លាញ់ច្រើនជាងបុរស ដូច្នេះហើយយើងអាចនោមញឹកញាប់រយៈពេលយូរនៅពេលដែលយើងស្រកទម្ងន់។
ពេលណាយើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ?
រាល់ការនោមញឹកញាប់ ដែលជាលទ្ធផលនៃការសម្រកទម្ងន់នឹងមិនបញ្ចប់ឡើយ ដរាបណាយើងបន្តការសម្រកទម្ងន់។ យ៉ាងណាមិញ ប្រសិនបើយើងមិនព្យាយាមសម្រកទម្ងន់ទេនោះ ហើយសង្កេតឃើញការកើនឡើងនៃការនោម គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ។ នៅក្នុងករណីនេះ ការនោមញឹកញាប់អាចជាសញ្ញាមួយនៃជំងឺទឹកនោមផ្អែម។
[embed-health-tool-bmi]