ការរាកក្រោយញ៉ាំអាហារ ជាទូទៅអាការៈនេះអាចកើតឡើងចន្លោះពី ២០ ទៅ ៣០នាទី ឬច្រើនជាងនេះបន្ដិចក្រោយពេលញ៉ាំអាហាររួច ហើយក៏អាចបាត់ទៅវិញក្នុងរយៈពេលតិចជាង៣ថ្ងៃ។ ប្រសិនជាលក្ខណៈស្រាល គេហៅថាជាការរាកស្រួចស្រាល់ ប៉ុន្ដែក្នុងករណីខ្លះអាការៈនេះអាចអូសបន្លាយពេលយូរបង្កផលប៉ះពាល់ដល់សុខភាពបាន ឬមួយទៀតអាចជារោគសញ្ញាទូទៅនៃជំងឺផ្នែកប្រព័ន្ធរំលាយអាហារដែលបង្កទៅជារាករ៉ាំរៃ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រាករូសស្រួចស្រាល់ក្រោយញ៉ាំអាហារ
ការរាកក្នុងរយៈពេលខ្លី ក្នុងលក្ខខណ្ឌខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែលក្ខខណ្ឌខ្លះទៀត ទាមទារការប្រើប្រាស់ថ្នាំព្យាបាលកាត់បន្ថយអាការៈរំខាន។
-ការឆ្លងមេរោគ៖ មេរោគក្នុងក្រពះបណ្ដាលឲ្យក្រពះប្រឈមនឹងការរលាកមិនអាចបំពេញមុខងារបានល្អ។ អាការៈនេះអាចបាត់ទៅវិញក្នុងរយៈពេលតិចជាង ៣ថ្ងៃ ដោយទាមទារការប្រើប្រាស់ថ្នាំដើម្បីព្យាបាល។
-ប្រតិកម្មជាតិឡាក់តូស៖ បញ្ហានេះគឺប្រព័ន្ធរំលាយអាហារមិនអាចបំបែកជាតិស្ករឡាក់តូស ដែលបណ្ដាលឲ្យរាកភ្លាម ហើយអាការៈនេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី។ រោគសញ្ញារបស់វាគឺ ហើមពោះ ចុកពោះ និងរាកនេះឯង។ ស្រដៀងគ្នានោះ នៅមានជាតិស្ករ fructose មួយប្រភេទទៀត ដែលភាគច្រើនគឺមាននៅក្នុងផ្លែឈើ ក៏ជាមូលហេតុធ្វើឲ្យរាកបានដែរ។
-ការពុលអាហារ៖ បញ្ហានេះស្ថិតក្នុងកម្រិតស្រាល អាចបង្កឲ្យរាកបាន។ អាការៈរាកបែបនេះ ក៏អាចបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេលខ្លី។ រោគសញ្ញារបស់វា គឺការរាក ក្អួត និងវិលមុខ។
-អាហារមានផ្ទុកពពួកប៉ារាសិត៖ អាហារប្រភេទនេះក៏អាចបណ្ដាលឲ្យរាកបានដែរ។ ការរាកប្រភេទនេះអាចបាត់ទៅវិញ ដោយការព្យាបាលប្រើប្រាស់ថ្នាំដើម្បីបញ្ចុះពពួកសត្វល្អិតពីប្រព័ន្ធរំលាយអាហារ។
រាករូសក្រោយញ៉ាំអាហារលក្ខណៈរ៉ាំរៃ
ប្រសិនជាញ៉ាំអាហារហើយមានអាការៈរាក ហើយរាកក្នុងរយៈពេលយូរ អាចជារោគសញ្ញានៃជំងឺមួយចំនួនក្នុងរាងកាយរបស់យើង។ ការរាកក្នុងលក្ខខណ្ឌបែបនេះ ទាមការធ្វើតេស្ដសុខភាព និងព្យាបាលឲ្យបានត្រឹមត្រូវទៅតាមរោគសញ្ញា។
-ការរលាកពោះរៀន (IBS)៖ គឺជាជំងឹដែលបង្ហាញរោគសញ្ញាដោយការរាករូស ពិសេសក្រោយពេលញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ឬហឹរតែម្ដង។ អ្នកមានជំងឺនេះប្រឈមនឹងការហើមពោះ រាក កើនឡើងជាតិហ្គាស និងចុកពោះ។ អ្នកជំងឺត្រូវតាមដានរោគសញ្ញា និងទទួលការព្យាបាលឲ្យត្រឹមត្រូវជាមួយគ្រូពេទ្យ។
-ជំងឺ Celiac៖ គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងក្នុងប្រព័ន្ធរំលាយអាហារ។ ប្រព័ន្ធភាពស៊ាំនឹងវាយប្រហារជាលិកាក្នុងពោះវៀនតូចនៅពេលដែលសារធាតុប្រូតេអ៊ីនម្យ៉ាងឈ្មោះថា Gluten បានចូលទៅដល់។ ការណ៍នេះបណ្ដាលឲ្យពោះវៀនតូចប្រឈមនឹងការរលាក ធ្វើឲ្យយើងចុកពោះ រាក ក្រោយពេលញ៉ាំអាហារដែលផ្ទុកប្រូតេអ៊ីននោះចូលទៅ។
-ការរលាកពោះវៀនធំ៖ ការរលាកនេះអាចបណ្ដាលឲ្យរាកក្រោយពេលញ៉ាំអាហារបានដែរ។ អាការៈនេះបង្ហាញរោគសញ្ញាក្រោយពេលយើងញ៉ាំអាហារ ដូចជាការរាក ឈឺពោះ និងកើនឡើងជាតិហ្គាស។ ជាមួយគ្នានេះ អ្នកជំងឺត្រូវទទួលការព្យាបាលពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងគ្រប់គ្រងរបបអាហារឲ្យបានល្អ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ប្រសិនមានអាការៈរាកបែបនេះ តើគួរដោះស្រាយបែបណា?
កត្ដាមួយចំនួនយើងអាចព្យាបាលបានដោយខ្លួនឯង ជាមួយនឹងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃដូចជា ការជៀសវាងប្រភេទអាហារដែលធ្លាប់បង្កឲ្យយើងរាក ការញ៉ាំអាហារដែលប្រកបដោយអនាម័យ និងជាតិសរសៃ ការទម្លាប់ញ៉ាំតិចប៉ុន្ដែច្រើនដង កាត់បន្ថយបញ្ហាស្ដ្រេស គេងឲ្យបានគ្រប់គ្រាន់ និងផឹកទឹកឲ្យបានច្រើន។ ក្នុងករណីដែលមិនបានធូរស្រាល និងបន្ដកើតឡើងលើសពី ២ថ្ងៃ បូករួមនឹងការអស់កម្លាំង វិលមុខ ក្អួត ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យដឹងលទ្ធផលពីមូលហេតុនៃការរាកនេះ។
[embed-health-tool-bmr]