ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់មនុស្សចំនួន២៦៤លាននាក់នៅជុំវិញពិភពលោក។ ជាក់ស្ដែង ជំងឺនេះមិនត្រឹមតែផ្លាស់ប្ដូរដល់ផ្លូវចិត្តប៉ុណ្ណោះទេ វាក៏អាចជះឥទ្ធិពលអវិជ្ជមានចំពោះសុខភាពរាងកាយផងដែរ។
តើជំងឺបាក់ទឹកចិត្តប៉ះពាល់ផ្នែកសំខាន់អ្វីខ្លះនៃរាងកាយទាំងមូល?
១. មុខងារតម្រងនោមចុះខ្សោយ
ជាទូទៅ ជំងឺបាក់ទឹកចិត្តប៉ះពាល់ដល់ទាំងអ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ និងអ្នកដែលមានសុខភាពតម្រងនោមល្អ។ វាក៏បង្កើនការវិវត្តនៃជំងឺតម្រងនោមផងដែរ។ មូលហេតុចម្បងមួយដែលបណ្ដាលឲ្យមុខងារតម្រងនោមចុះខ្សោយ គឺមកពីការកើនឡើងនៃប្រូតេអ៊ីនរលាក ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯងដំណើរការ។
២. បញ្ហារលាកក្រពះពោះវៀន
ខួរក្បាលរបស់យើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបំពង់រំលាយអាហារ។ ជាក់ស្ដែង ការបាក់ទឹកចិត្តអាចជះឥទ្ធិពលដល់ការកន្ត្រាក់ និងចលនានៅក្នុងបំពង់រំលាយអាហារ ហើយសម្រាប់អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារស្រាប់ អាចនឹងមានអាការៈឈឺពោះកាន់តែខ្លាំងថែមទៀត។
៣. ជំងឺទឹកនោមផ្អែម
ជាមួយគ្នានេះដែរ ជំងឺបាក់ទឹកចិត្តអាចបង្កើនអ័រម៉ូនស្រ្តេស ដែលអាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងភាពធន់នឹងអាំងស៊ុយលីន ។ ចំណែកអ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចប្រឈមនឹងជំងឺបាក់ទឹកចិត្តនេះដែរ។
៤. បង្កើនហានិភ័យនៃអាការៈគាំងបេះដូង
ចំពោះអ្នកដែលមានជំងឺបាក់ទឹកចិត្តក៏អាចប្រឈមនឹងសម្ពាធឈាមខ្ពស់ ក៏ដូចជាចង្វាក់បេះដូងកើនឡើង។ កត្តានេះអាចបណ្ដាលឲ្យកើតមានជំងឺបេះដូង។ ពិតណាស់ អ័រម៉ូនស្រ្តេសក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពបេះដូងរបស់យើងដូចគ្នា។
៥. បញ្ហាការចងចាំ និងឈឺក្បាល
បន្ថែមពីនេះ ជំងឺបាក់ទឹកចិត្តក៏អាចបណ្ដាលឲ្យបាត់ការចងចាំរយៈពេលខ្លី និងវង្វេងស្មារតី។ ស្ថានភាពនេះអាចធ្វើឲ្យយើងកាន់តែភ្លេចភ្លាំង និងមិនមានសមត្ថភាពក្នុងការផ្ដោតអារម្មណ៍បានល្អ។ វាក៏អាចនាំឲ្យយើងឈឺក្បាលរ៉ាំរ៉ៃ ។
៦. ជំងឺរលាកសន្លាក់
ស្ថានភាពជំងឺទាំង២នេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជំងឺបាក់ទឹកចិត្តអាចបង្កជាជំងឺរលាកសន្លាក់ ហើយអ្នកដែលមានជំងឺរលាកសន្លាក់នេះ ក៏ងាយនឹងកើតជំងឺបាក់ទឹកចិត្តដែរ ហើយកត្តាចម្បងនៃជំងឺទាំងនេះ គឺការរលាក។ នៅពេលដែលយើងមានជំងឺបាក់ទឹកចិត្ត វាអាចធ្វើឲ្យស្ថានភាពនៃជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរទ្វេដង។