backup og meta

ឃើញកូនបាក់ទឹកចិត្ត កុំធ្វើមិនដឹងមិនឮ ម៉ាក់ប៉ាអាចជួយដោះស្រាយតាមតិចនិកនេះបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    ឃើញកូនបាក់ទឹកចិត្ត កុំធ្វើមិនដឹងមិនឮ ម៉ាក់ប៉ាអាចជួយដោះស្រាយតាមតិចនិកនេះបាន

    ជំងឺបាក់ទឹកចិត្ត មានកត្តាជំរុញជាច្រើនក្នុងការរស់នៅរាល់ថ្ងៃ ដែលឆាប់វាយលុកទៅដល់ផ្លូវចិត្តរបស់យុវវ័យ ហើយបើបញ្ហាកាន់តែស្មុគស្មាញ កូនៗទប់ទល់លែងជាប់ ច្បាស់ជាមានហេតុការណ៍អាក្រក់កើតឡើងមិនខាន។

    អ្វីដែលជាបញ្ហានោះ គឺជំងឺបាក់ទឹកចិត្តនៅលើយុវភាព ភាគច្រើនម៉ាក់ប៉ាច្រឡំជាមួយនឹងការប្រែប្រួលអារម្មណ៍ធម្មតាពេលដែលកូនវិវត្តពេញវ័យប៉ុណ្ណោះ។ នេះមានន័យថា ម៉ាក់ប៉ាមិនសូវខ្វាយខ្វល់នឹងអាកប្បកិរិយាអវិជ្ជមានបែបសោកសៅរបស់កូនទេ រហូតដល់កូនអាចធ្វើបាបខ្លួនឯង ឬអាចឈានដល់ប៉ុនប៉ងសម្លាប់ខ្លួន។ ចំពោះក្មេងៗដែលជួបនឹងបញ្ហាបាក់ទឹកចិត្ត ម៉ាក់ប៉ាអាចសង្កេតដឹងបាននៅពេលកូនបង្ហាញសញ្ញាដូចជា៖

    – ពិបាកចិត្ត ឆាប់មួរមៅ (ពេលខ្លះកូនអាចនិយាយប្រាប់ថាពិបាកចិត្ត ឬមើលទៅដូចចង់យំ)

    – ស្រក ឬឡើងទម្ងន់ខ្លាំង

    – គេងតិចពេលយប់ ឬគេងច្រើនពេលថ្ងៃ

    – ចូលចិត្តសំងំម្នាក់ៗឯង

    – បាត់បង់ភាពជឿជាក់លើខ្លួនឯង

    – ហាក់អស់កម្លាំង ខ្សោះៗ

    – ឈឺចុកចាប់នៅខ្លួន ឥតមូលហេតុ

    – គិតពីរឿងស្លាប់ ឬមានគំនិតសម្លាប់ខ្លួន។ល។

    ដើម្បីជួយដោះស្រាយអារម្មណ៍ខ្មៅងងឹតនេះចេញពីកូនបាន ម៉ាក់ប៉ាត្រូវចេះសម្គាល់រោគសញ្ញាខាងលើ ឬអាកប្បកិរិយាប្លែកៗដែលកូនមិនដែលធ្វើពីមុនមក និងអាចសាកល្បងតាមតិចនិកប៉ុន្មាននេះ៖

    ១. យល់ឲ្យច្បាស់ពីជំងឺបាក់ទឹកចិត្តលើក្មេង

    ២. ជជែកសួរកូនពីបញ្ហាដែលធ្វើឲ្យពិបាកចិត្ត

    ៣. កាត់បន្ថយម៉ោងលេងទូរស័ព្ទ

    ៤. សរសើរ ឬលើកទឹកចិត្តរាល់ទង្វើល្អរបស់កូន

    ៥. បង្រៀនកូនគ្រប់គ្រងស្ត្រេស ឬជួយកាត់បន្ថយស្ត្រេស

    ៦. បង្រៀនកូនឲ្យគិតបែបវិជ្ជមាន

    ៧. ទុកវត្ថុដែលអាចបង្កជាហានិភ័យឲ្យឆ្ងាយពីកូន (កាំបិត កាំភ្លើង បូករួមទាំងស្រា ឬគ្រឿងញៀន)

    ៨. ជំរុញឲ្យកូនញ៉ាំអាហារល្អៗ ញ៉ាំថ្នាំវីតាមីន គេងបានគ្រប់គ្រាន់ ហាត់ប្រាណ និងបង្កើតទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនបានច្រើន។ល។

    ក្នុងករណីដែលកូនៗនៅតែបង្ហាញភាពអវិជ្ជមានមកទៀត យើងអាចរកជំនួយពីគ្រូពេទ្យជំនាញចិត្តសាស្ត្រ ព្រោះពេទ្យមានបច្ចេកទេសផ្សេងដើម្បីជួយសម្រួលអារម្មណ៍តានតឹង ឬជួនកាល អាចចេញជាវេជ្ជបញ្ជាទិញថ្នាំលេបក៏ថាបាន។

    ជាពិសេស ម៉ាក់ប៉ាត្រូវប្រាកដថា យើងជាកម្លាំងចិត្តមួយដែលជួយជំរុញកូនឲ្យរំសាយរាល់ភាពតានតឹងដែលកូនមាន ហើយត្រូវចេះផ្ដល់ភាពកក់ក្ដៅទៅកូន បង្កើតបរិយាកាសរីករាយ និងកក់ក្ដៅក្នុងផ្ទះ។ ចៀសវាងបញ្ហាដែលបង្កើតភាពអាប់អួរក្នុងផ្ទះ បណ្ដាលឲ្យកូនមានអារម្មណ៍ធុញទ្រាន់ពេលចូលដល់ផ្ទះម្ដងៗ។ ជំងឺបាក់ទឹកចិត្តនៅលើយុវភាព មិនមែនជាជំងឺកម្រទេ ហើយមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លង CDC អាមេរិកឲ្យដឹងថា ៣.២% នៃក្មេងៗអាយុចាប់ពី៣-១៧ឆ្នាំនៅសហរដ្ឋអាមេរិក សុទ្ធតែមានជំងឺបាក់ទឹកចិត្ត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម