រដូវកាលប្រែប្រួល ក៏អាចប៉ះពាល់ដល់អារម្មណ៍ និងថាមពលរបស់យើងផងដែរ។ បញ្ហាដំណេក និងអារម្មណ៍ស្រងូតស្រងាត់ គឺជារោគសញ្ញាមួយចំនួននៃការធ្លាក់ទឹកចិត្តតាមរដូវកាល ឬSeasonal Affective Disorder និងជំងឺធ្លាក់ទឹកចិត្ត។ តើវិបត្តិផ្លូវចិត្តទាំងពីរនេះមានលក្ខណៈខុសគ្នាយ៉ាងម៉េចខ្លះ?
ភាពខុសគ្នារវាងការធ្លាក់ទឹកចិត្តតាមរដូវកាល និងការធ្លាក់ទឹកចិត្ត
- ការធ្លាក់ទឹកចិត្តតាមរដូវកាលកើតឡើងតាមរដូវកាលប៉ុណ្ណោះ ដែលជាទូទៅកើតឡើងនៅរដូវរងារ។ ចំណែកឯជំងឺធ្លាក់ទឹកចិត្ត អាចកើតឡើងនៅពេលណាមួយដោយមិនកំណត់ពេលវេលាជាក់លាក់។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល មានជាប់ពាក់ព័ន្ធទៅនឹងការកាត់បន្ថយពន្លឺព្រះអាទិត្យ ស្របពេលដែលជំងឺធ្លាក់ទឹកចិត្ត មិនពាក់ព័ន្ធនឹងស្ថានភាពពន្លឺព្រះអាទិត្យនោះឡើយ។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល អាចធ្វើឲ្យយើងគេងច្រើន និងញ៉ាំច្រើន ហើយជាពិសេសចង់ញ៉ាំអាហារ ឬភេសជ្ជៈផ្អែម។ រីឯជំងឺធ្លាក់ទឹកចិត្ត អាចនាំឲ្យយើងគេងច្រើន ឬគេងមិនលក់ ហើយចំណង់អាហារក៏ប្រែប្រួលដូចគ្នា។
- ការធ្លាក់ទឹកចិត្តតាមរដូវកាល អាចចាប់ផ្តើម ឬធូរស្រាលទៅតាមរដូវកាល ចំណែករោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តអាចវិវត្តបន្តិចម្តងៗ និងបន្តកើតមានពេញមួយឆ្នាំ។