backup og meta

Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ)

Major depression (ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ ?

ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។

យ៉ាង​ណា ជំងឺ​បាក់ទឹក​ចិត្តត្រូវ​បាន​សមាគម​វេជ្ជសាស្ត្រ​ស្វែង​យល់​បាន​ច្រើន ជួយ​ឲ្យ​ងាយ​ស្រួល​ព្យាបាល តាម​រយៈការ​ប្រើប្រាស់​ថ្នាំ និង​ព្យាបាល​តាម​ការ​និយាយ​​ចេញ​នូវ​បញ្ហា។

២- បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​កើត​ឡើង​ញឹក​ញាប់ដែរ​ទេ?

វា​ជា​ជំងឺ​ផ្លូវ​ចិត្ត មួយ​ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ចិត្ត ឧស្សាហ៍​កើត​ញឹកញាប់​បំផុត ខណៈ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ចេញ​ផ្សាយ​ឆ្នាំ ២០១០ ជំងឺ​បាក់ទឹក​ចិត្ត បាន​ឈរ​នៅ​លើ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេង​ទៀត​ដែល​ឧស្សាហ៍​កើត​បំផុត។ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

រោគសញ្ញា

៣- រោគ​សញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​មាន​អ្វី​ខ្លះ?

សញ្ញា​ទូទៅ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ មាន​ដូច​ជា៖

– អារម្មណ៍​ពិបាក​ចិត្ត សោក​សៅ ចង់​តែ​យំ គ្មាន​អ្វី​ក្នុង​ខ្លួន អស់​សង្ឃឹម​ខ្លាំង

– ខឹង​ខ្លាំង​ភ្លាមៗ មួម៉ៅ ធុញ​ថប់​សូម្បី​តែ​រឿង​បន្តិច​បន្តួច

– បាត់​បង់​ចំណាប់​អារម្មណ៍​លើ​សកម្មភាព​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ដូច​ជា រួមភេទ លេង​កីឡា

– មាន​បញ្ហា​ការ​គេង ដូច​ជា គេង​មិន​លក់ ឬ​គេង​ច្រើន​ខុស​ប្រក្រតី

– ឆាប់​អស់​កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន សូម្បី​តែ​ការងារ​តិចតួច

– លែង​ចង់​ញ៉ាំ​អាហារ ស្រក​ទម្ងន់ ឬ​ញ៉ាំ​ច្រើន​ពេក ឡើង​ទម្ងន់។

– ថប់​បារម្ភ ឡេះឡះ មិន​សុខ​ក្នុង​ខ្លួន។

– គិត​យឺត និយាយ​មួយៗ កាយវិការ ក៏​យឺតៗ

– មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ គ្មាន​បាន​ការ ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​កំហុស​ក្នុង​រឿង​អតីតកាល បន្ទោស​ខ្លួន​ឯង

– ពិបាក​ក្នុង​ការ​គិត មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ពិបាក​សម្រេច​ចិត្ត និង​ចងចាំ​រឿងរ៉ាវ​មិន​ល្អ​ផ្សេងៗ

– មាន​គំនិត​ចង់​ស្លាប់​ញឹក​ញាប់ ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ឯង

– មាន​បញ្ហា​សុខភាព​គ្មាន​មូលហេតុ ដូច​ជា ឈឺ​ខ្នង ឬ​ឈឺ​ក្បាល។

បើ​សញ្ញា​ទាំង​នេះ ជា​ទូទៅ​ងាយ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន ដូច​ជា ​នៅ​កន្លែង​ធ្វើការ ឬ​ក្នុង​សង្គម​ជាដើម។

​អាច​មាន​រោគ​សញ្ញា​មួយ​ចំនួន​មិន​បាន​រៀប​រាប់​ខាង​លើ ហេតុ​នេះ​បើ​មាន​កង្វល់​រោគ​សញ្ញា​ណា​មួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?

បើ​មាន​អារម្មណ៍​ថា​ខ្លួន​បាក់​ទឹក​ចិត្ត សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ខាង​ផ្លូវ​ចិត្ត ឲ្យ​បាន​ឆាប់​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ បើ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ សូម​រក​មិត្ត​ភក្តិ ឬ​ក្រុម​គ្រួសារ មនុស្ស​យើង​ទុក​ចិត្ត​ ដើម្បី​និយាយ​ជាមួយ។ ​បើ​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​បន្ថែម សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​រោគ​សញ្ញា​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ស្ថានភាព​យើង​ផ្ទាល់។

មូលហេតុបង្ក

៥- មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ?

គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ពាក់​ព័ន្ធ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ជាប់​ទាក់ទង​ជាមួយ​ជំងឺ​នេះ​ដូច​ជា៖

– ភាព​ខុស​គ្នា​ផ្នែក​ជីវសាស្ត្រ៖ បើ​យើង​មាន​ជំងឺ​នេះ តែង​មាន​ការ​ប្រែប្រួល​ក្នុង​ខួរក្បាល ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ។ យ៉ាង​នេះ កត្តា​នេះ​នៅ​តែ​ត្រូវ​គេ​ជឿ​ថា​មូលហេតុ​បង្ក​មួយ។

– ធាតុគីមី​ក្នុង​ខួរក្បាល៖ (Neurotransmitters) ជា​ធាតុ​គីមី​ក្នុង​ខួរក្បាល ដើរ​តួនាទី​សំខាន់​ក្នុង​ជំងឺ​បាក់ទឹក​ចិត្ត​នេះ។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​បង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​ដំណើរ​ការ និង​ការ​ប៉ះពាល់​ដល់​ធាតុ​គីមី Neurotransmitters ទាំង​នេះ រួមទាំង​របៀប​ដែល​សារធាតុ​គីមី​មាន​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ប្រសាទ​ណឺរ៉ូន សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ភាព​នឹងនរ​របស់​អារម្មណ៍ដែល​មាន​តួនាទី​សំខាន់​ធ្វើ​ឲ្យ​កើត ក៏​ដូច​ជា​ការ​ព្យាបាល​ជំងឺ​នេះ​តែ​ម្តង។

ការ​ផ្លាស់​ប្តូរ​លំនឹង​អ័រម៉ូន ក៏​អាច​ភ្ញោច និង​បង្ក​ជំងឺ​នេះ​បាន​ដែរ។ ការ​ផ្លាស់ប្តូរ​អ័រម៉ូ ​អាច​បណ្តាល​មក​ពី​ការ​មាន​ផ្ទៃ​ពោះ ប៉ុន្មាន​អាទិត្យ ឬ​អាច​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​កូន បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ការ​អស់​រដូវ និង​ស្ថានភាព​ជំងឺ​ជា​ច្រើន​ទៀត។

– កត្តា​តំណ​ពូជ៖ ជំងឺ​នេះ កើត​ឡើង​ញឹកញាប់​លើ​អ្នក​មាន​សាច់ញាតិ​បង​ប្អូន កំពុង​កើត ឬ​ធ្លាប់​មាន ជំងឺ​បាក់ទឹក​ចិត្ត​ប្រភេទ​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា ហ្សែន​ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺបាក់ទឹក​ចិត្ត​នេះ​បាន​ដែរ។

កត្តាប្រឈម

៦- កត្តា​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ?

កត្តា​ប្រឈម​មាន​ដូច​ជា៖

– មាន​ចរិត​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ចរិតពឹង​ពាក់​អ្នក​ដទៃ​ច្រើន​ពេក បន្ទោស​ខ្លួន​ឯង​ច្រើន ទុទ្ទិដ្ឋិនិយម។

– ធ្លាប់​ជួប​ហេតុ​ការណ៍​រន្ធត់ ដូច​ជា អំពើ​ហឹង្សា ការ​រំលោភ ការ​ស្លាប់ បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់ ឬ​បញ្ហា​លុយ​កាក់​ជាដើម។

– ប្រវត្តិ​គ្រួសារ ធ្លាប់​មាន​សាច់ញាតិ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​ប្រែប្រួល​អារម្មណ៏​ពីរ​ផ្សេង​គ្នា ញៀន​ស្រា ឬ​សម្លាប់​ខ្លួន។

– ស្រលាញ់​ភេទ​ដូច​គ្នា ស្រលាញ់​ទាំង​ពីរ​ភេទ ឬ​វះ​កាត់​ប្តូរ​ភេទ បញ្ហា​ការ​លូតលាស់​ប្រដាប់​ភេទ​ដែល​មិន​ច្បាស់​ថា​ខ្លួន​ជា​ប្រុស ឬ​ជា​ស្រី (intersex) សុទ្ធ​តែ​ស្ថិត​ក្នុង​ការ​ប្រឈម។

– មាន​ប្រវត្តិ​ជំងឺ​ផ្លូវ​ចិត្ត ដូច​ជា ជំងឺ​ថប់​បារម្ភ ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ ឬ​ធ្លាប់​ជួប​ហេតុ​ការណ៍​រន្ធត់​ណាមួយ (PTSD)។

– ញៀន​ស្រា ឬ​ញៀន​ថ្នាំ

– មាន​ជំងឺ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ ដូច​ជា មហារីក ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង​រាំរ៉ៃ។

– ថ្នាំ​មួយ​ចំនួន ដូច​ជា ថ្នាំ​លើស​ឈាម ឬ​ថ្នាំ​ងងុយ​ដេក (សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ មុន​នឹង​ឈប់​ប្រើ​ថ្នាំ)។

រោគវិនិច្ឆ័យ និងការព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ សម្រាប់​ព័ត៌​មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​វិធី​ណា?

គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្ត នឹង​វាយ​តម្លៃ​សុខភាព​យើង​តាមរយៈ​តេស្ត​ពិនិត្យ​ជំងឺ​បាក់ទឹក​ចិត្ត ហេតុនេះ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ គ្រូពេទ្យ​នឹង​សួរ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន ព្រម​ទាំង​ប្រវត្តិគ្រួសារ ក៏​ដូច​ជា​សំណួរ នៅក្នុង​តេស្ត​សម្រាប់​ជំងឺ​ផ្លូវ​ចិត្ត​នេះ​ទៀត​ផង។

ពុំ​មាន​ការ​ធ្វើ​តេស្ត​ឈាម ថត​កាំរស្មី​អ៊ិច ឬ​តេស្ត​បែប​មន្ទីរ​ពិសោធន៍​ណាមួយ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​នេះ​ទេ។ យ៉ាងណា ពេទ្យ​ក៏​អាច​សុំ​ធ្វើ​តេស្ត​ឈាម​ខ្លះ​ដើម្បី​ជួយ​រក​មើល​ស្ថានភាព​សុខភាព​ផ្សេង​ទៀត ដែល​មាន​រោគសញ្ញា​ស្រដៀង​គ្នា​ទៅ​នឹង​ជំងឺ​បាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ ដូច​ជា ជំងឺ​ខ្សោយ​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត ដែល​មាន​រោគ​សញ្ញា​ដូច​គ្នា​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​បញ្ហា​ញៀន​ស្រា ញៀន​ថ្នាំ ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន និង​បញ្ហា​ស្ត្រេស​ជាដើម។

៨- ព្យាបាល​ដោយ​វិធី​ណា?

ទោះ​បី​ជា​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ក៏ពិត​មែន តែ​យើង​នៅ​តែ​អាច​ព្យាបាល​បាន។ ដោយ​ការ​ព្យាបាល​ អាស្រ័យ​លើ​កម្រិត​សញ្ញា​យើង​មាន គ្រូពេទ្យ​ឯកទេស​នឹង​ណែនាំ​ការ​ព្យាបាល​ជាមួយ​ថ្នាំ Antidepressant។

ពេទ្យ​ក៏​អាច​ណែនាំ​វិធី​ព្យាបាល​បែប​ចិត្តសាស្ត្រ ឬ​តាម​ការ​និយាយ​ផង​ដែរ អនុញ្ញាត​ឲ្យ​យើង​និយាយ​រឿង​ក្នុង​ចិត្ត​ចេញ​មក​ក្រៅ។

ពេល​ខ្លះ​ពេទ្យ​អាច​ប្រើ​ថ្នាំ​ផ្សេង​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថ្នាំ ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត ហើយ​មនុស្ស​មួយ​ចំនួន គឺ​ត្រូវ​នឹង​ថ្នាំទាំង​នោះ ​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជំងឺ​ប្រសើរ​ឡើង។ អាច​ជា​រឿង​ចាំបាច់​គ្រូពេទ្យ​នឹង​សុំ​ដូរ​ថ្នាំ ឬ​ដូរ​កម្រិត ព្រោះ​ដើម្បី​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព។

នៅ​មាន​ការ​ព្យាបាល​ផ្សេង​ទៀត ដូចជា ការ​ព្យាបាល​ដោយ​ចរន្ត​អគ្គិសនី ហៅថា ECT ឬ Shock Therapy។ គេ​ប្រើ​វិធី​ព្យាបាល​នេះ លុះ​ត្រា​តែ​ការ​ប្រើ​ថ្នាំ​គ្មាន​ប្រសិទ្ធភាព ឬ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ។

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

ការ​​​ផ្លាស់​​​ប្តូរ​​​ទម្លាប់​​​រស់​​​នៅ និង​​​វិធី​​​ព្យាបាល​​​តាម​​​ផ្ទះ​មួយ​ចំនួន​ខាង​ក្រោម​នេះ អាច​​​ជួយ​យើង​​សម្រប​ខ្លួន​ទៅ​នឹង​ការ​ព្យាបាល​ជំងឺ​បាក់ទឹក​ចិត្ត ដូចជា៖

– អនុវត្ត​តាម​ការ​ព្យាបាល​ឲ្យ​បាន​ជាប់លាប់។ សូម​កុំ​រំលង​ថ្ងៃ​ទៅ​ទទួល​សេវា​ពិគ្រោះផ្លូវ​ចិត្ត ទោះ​បី​ជា​មិន​ស្រួល​ខ្លួន​ក៏​ដោយ ហើយ​កុំ​ឈប់​លេប​ថ្នាំ មិន​ដូច្នោះ​ទេ​រោគ​សញ្ញា នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ពេល​កើត​ម្តង​ទៀត។ សូម​ចាំ​ក្នុង​ចិត្ត​ថា វា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​ឲ្យ​យើង​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ។

ស្វែង​យល់​ពី​ជំងឺ​បាក់ទឹក​ចិត្ត រៀន​ពី​ជំងឺ​ខ្លួន​កំពុង​មាន អាច​ផ្តល់​ថាមពល និង​កម្លាំង​ចិត្ត​ឲ្យ​យើង​អនុវត្ត​តាម​គម្រោង​ព្យាបាល។ លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​យើង ឲ្យ​យល់​ដឹង​ពី​ជំងឺ​នេះ ដើម្បី​ឲ្យ​ពួក​គាត់​យល់ និង​អាច​ជួយ​ដល់​យើង​បាន។

– យក​ចិត្ត​ទុក​ដាក់​លើ​សញ្ញា​ព្រមាន សហការ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ពី​អ្វី​ដែល​អាច​ភ្ញោច​សញ្ញា​ជំងឺ។ សូម​រៀប​គម្រោង​ជាមុន ថា​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ។ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ បើ​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​សញ្ញា ឬ​អារម្មណ៍​។ មួយ​វិញ​ទៀត សូម​ប្រាប់​សាច់​ញាតិ ឬ​មិត្ត​ភក្តិ​ឲ្យ​ជួយ​សង្កេត​មើល​សញ្ញា​ទាំង​នោះ។

– ចៀសវាង​ការ​ផឹក​ស្រា ឬ​ប្រើប្រាស់​ថ្នាំ​ញៀន​ ទោះ​បី​ជា​ក្នុង​រយៈពេល​ខ្លីក៏​ដោយ ព្រោះ​អាច​ធ្វើ​ឲ្យ​ធូរ​ស្រាល​សញ្ញា​ក៏​ពិត​មែន តែ​ក្នុង​រយៈពេល​វែង​ណា​មួយ​វា នឹង​ធ្វើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​នេះ​កាន់​តែ​ពិបាក។

– មើល​ថែខ្លួន​ឯង​ផង ​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ហាត់​ប្រាណ ដេក​ឲ្យ​បាន​គ្រប់​គ្រាន់។ សូម​ធ្វើ​សកម្មភាព ដូច​ជា ដើរ រត់ ហែល​ទឹក ថែ​សួន​ច្បារ ឬ​សកម្មភាព​ផ្សេងៗ ដើម្បី​ជួយ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ដេក​​បាន​ត្រឹមត្រូវ ជា​កត្តា​សំខាន់​ណាស់ សូម​ប្រាប់​គ្រូពេទ្យ​បើ​យើង​មាន​បញ្ហា​ក្នុង​ការ​គេង។

– រៀបចំ​ជីវិត​ឲ្យ​សាមញ្ញ កាត់​បន្ថយ​កាតព្វកិច្ច​តាម​អាច​ធ្វើ​បាន កំណត់​គោលដៅ​ខ្លួន​ឯង ឲ្យ​ខ្លួន​​យើង​បាន​សម្រាក បើ​សិន​ពិបាក​ចិត្ត។

– សរសេរ​កំណត់​ត្រាក៏​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ដូច​គ្នា អាច​ជួយ​សម្រួល​អារម្មណ៍ ដោយ​ឲ្យ​យើង​បញ្ចេញ​កំហឹង ការ​ឈឺចាប់ និង​អារម្មណ៏​ទាំង​ឡាយ​ចេញ​មក។

– អាន​សៀវភៅ ឬ​គេហទំព័រ​ល្អ​សម្រាប់​ខ្លួន​ឯង។ ពេទ្យក៏​អាច​ណែនាំ​សៀវភៅ ឬ​គេហទំព័រ​ទាំង​នោះ​ដល់​យើង​បាន​ដែរ។

– កុំ​នៅ​តែ​ឯង ព្យាយាម​ចូលរួម​ក្នុង​សកម្មភាព​សង្គម ការ​ជួប​ជុំ​គ្រួសារ ឬ​មិត្ត​ភក្តិ។

– រៀន​ពី​វិធី​សម្រាក រំសាយ​ស្ត្រេស ដូច​ជា តាំង​សម្មាធិ ម៉ាស្សា​សម្រួល​សាច់​ដុំ ហាត់​យ៉ូហ្កា និង​ថៃជី ជា​ដើម។

– រៀប​ចំ​ពេល​វេលា អាច​ជួយ​ដល់​ការងារ​ប្រចាំ​ថ្ងៃ​បាន ដូច​ជា ការ​ប្រើ​ក្រដាស​បិទ ដើម្បី​រំលឹក​ពី​អ្វី​យើង​ត្រូវ​ធ្វើ​ក្នុង​មួយ​ថ្ងៃ។

– សូម​កុំ​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការងារ​ធំៗ បើ​យើង​កំពុង​តែ​មិន​សប្បាយ​ចិត្ត។ ចៀស​វាង​ការ​សម្រេច​ចិត្ត​ពេល​កំពុង​បាក់​ទឹក​ចិត្ត ព្រោះ​អំឡុង​ពេល​នេះ យើង​មិន​អាច​គិត​គូរ​បាន​ដិតដល់​នោះឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Depression (major depressive disorder). http://www.mayoclinic.org/diseases-conditions/depression/home/ovc-20321449. Accessed August 1, 2017.

Clinical depression: What does that mean? http://www.mayoclinic.org/diseases-conditions/depression/expert-answers/clinical-depression/faq-20057770. Accessed August 1, 2017.

Major Depression (Unipolar Depression). https://www.psycom.net/depression.central.major.html. Accessed August 1, 2017.

Major Depression (Clinical Depression). http://www.webmd.com/depression/guide/major-depression#1. Accessed August 1, 2017.

Major Depression Among Adults. https://www.nimh.nih.gov/health/statistics/prevalence/major-depression-among-adults.shtml. Accessed August 1, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/05/2019

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ May 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម