ស្វែងយល់ពីមូលដ្ឋានគ្រឹះ
១- អ្វីទៅជាជំងឺ Bipolar (Bipolar disorder)?
ជំងឺ Bipolar ដែលហៅម្យ៉ាងទៀតហៅថា manic depression គឺជាស្ថានភាពជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលបណ្តាលឲ្យអ្នកជំងឺប្រែប្រួលអារម្មណ៍យ៉ាងខ្លាំង។ អ្នកជំងឺអាចផ្លាស់ប្តូរពីអារម្មណ៍សប្បាយខ្លាំង (mania) ទៅជាពិបាកចិត្តខ្លាំង (depression) តែជាញឹកញាប់អ្នកជំងឺអាចមានអារម្មណ៍ធម្មតានៅចន្លោះហ្នឹងដែរ។ នៅពេលអារម្មណ៍ធ្លាក់ចុះ អ្នកជំងឺនឹងពិបាកចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម និងលែងចង់ធ្វើសកម្មភាពអ្វីទាំងអស់ប្រចាំថ្ងៃ។ តែនៅពេលសប្បាយវិញ អ្នកជំងឺមានអារម្មណ៍រំភើបខ្លាំង និងមានថាមពលពេញខ្លួនតែម្តង។ ការប្រែប្រួលអារម្មណ៍បែបនេះកើតឡើងពីរទៅបីដងក្នុងមួយឆ្នាំ ឬក៏ពីរទៅ៣ដងក្នុងមួយសប្តាហ៍ទៀតផងចំពោះករណីធ្ងន់ធ្ងរខ្លាំង។ សញ្ញារបស់ជំងឺ bipolar អាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអ្នកជំងឺជាមួយអ្នកដទៃ ពិបាកដល់ការងារ ការរៀនសូត្រ និងថែមទាំងអាចឈានដល់ការសម្លាប់ខ្លួនទៀតផង។ វាជារឿងចាំបាច់ណាស់ដែលអ្នកជំងឺត្រូវរកជំនួយពីគ្រូពេទ្យដើម្បីគ្រប់គ្រងអារម្មណ៍បែបនេះ។
២- ជំងឺនេះកើតឡើងញឹកញាប់ប៉ុនណា?
ជំងឺBipolar តែងចាប់ផ្តើមកំឡុងពេលវ័យជំទង់ ឬពេញវ័យភ្លាមៗ។ ប៉ុន្តែកុមារ និងមនុស្សពេញវ័យក៏អាចកើតមានជំងឺនេះបានដូចគ្នា។ យ៉ាងតិចណាស់ពាក់កណ្តាលនៃករណីសរុប ជំងឺនេះកើតមុនអាយុ ២៥ឆ្នាំ និងនៅរហូតអស់មួយជីវិត។ ដើម្បីបានពត៌មានលម្អិត សូមពិគ្រោះជាមួយគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ ជំងឺ OCD មានអាការៈម៉េច? ធ្លាប់ឮដែរឬអត់?
ស្វែងយល់អំពីរោគសញ្ញា
១- ជំងឺ Bipolar មានរោគសញ្ញាអ្វីខ្លះ?
នៅពេលគ្នាយើងណាមានជំងឺនេះ នឹងជួបប្រទះការផ្លាស់ប្តូរអារម្មណ៍ក្នុងកំឡុងពេលមួយ ដែលអាការៈបែបនេះគេហៅថា “mood episodes ដំណាក់កាលអារម្មណ៍’។ ក្នុងដំណាក់កាលនីមួយៗ ដំណាងឲ្យការផ្លាស់ប្តូរយ៉ាងកំហុកនៃអារម្មណ៍និងអាកប្បកិរិយារបស់អ្នកជំងឺ។ ស្ថានភាពបែបសប្បាយជ្រុល ឬរំភើបលើសពេកហៅថា ដំណាក់កាលងុបងល់ (manic episode) ឯស្ថានភាពពិបាកចិត្តខ្លាំង អស់សង្ឃឹមវិញគេហៅថា ដំណាក់កាលបាក់ទឹកចិត្ត (depressive episode)។ ពេលខ្លះវាបញ្ចេញទាំងសញ្ញាទាំងពីរចូលគ្នាតែម្តង បែបនេះហៅថា mixed state។ អ្នកជំងឺក៏អាចមានអារម្មណ៍មួរម៉ៅ ពុះកញ្ច្រោល ផងដែរក្នុងដំណាក់កាលនីមួយៗ។ ជាមួយគ្នានេះក៏មានការផ្លាស់ប្តូរក្នុងថាមពលរាងកាយ សកម្មភាព ការដេក និងអាកប្បកិរិយាផងដែរ។
សញ្ញានៅក្នុងដំនាក់កាល manic មានដូចជា៖
- សប្បាយចិត្តជ្រុលឬរំភើបពេក
- មួរម៉ៅខ្លាំង
- ញ៉ាំច្រើន
- ដេកតិច
- អាកប្បកិរិយាមានសន្ទុះខ្លាំងៗ និងចង់ធ្វើអ្វីដែលមានគ្រោះថ្នាក់ ព្រមទាំងមានសេចក្តីត្រេកត្រអាល
- និយាយលឿនខ្លាំង ចេញពីគំនិតមួយទៅគំនិតមួយផ្សេងទៀត
- ចុះខ្សោយសមត្ថភាពក្នុងការវាយតំលៃអ្វីមួយនិងមានការលំបាកពេលសំរេចចិត្ត
- ឮសំឡេងចម្លែកៗ ឬស្រមៃឃើញរូបភាពផ្សេងៗ។
ឯសញ្ញាក្នុងដំណាក់កាលបាក់ទឹកចិត្តវិញមានដូចជា៖
- ពិបាកចិត្ត និងអស់សង្ឃឹមខ្លាំងក្នុងរយៈពេលវែង
- បាត់បង់ចំណង់ចំណូលចិត្តក្នុងសកម្មភាពប្រចាំថ្ងៃ
- ញ៉ាំតិច
- ងងុយដេក
- ទើសចិត្តជាមួយខ្លួនឯង
- មិនអាចយកចិត្តទុកដាក់លើអ្វីមួយបាន
- មានគំនិតចង់សម្លាប់ខ្លួន។
ដំនាក់កាលអារម្មណ៍ទាំងនេះអាចបង្ហាញមកពីរ ឬបីដងក្នុងមួយឆ្នាំហើយបើញឹកញាប់វិញពីរបីដងក្នុងមួយសប្តាហ៍។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ បើគ្នាយើងផ្ទាល់ឬមនុស្សជាទីស្រលាញ់របស់យើងមានសញ្ញាណាមួយដែលបានរៀបរាប់ខាងលើ។
អត្ថបទពាក់ព័ន្ធ៖
- កុំលាក់ទុក គ្រូពេទ្យថា សុខភាពផ្លូវចិត្តក៏ត្រូវពិនិត្យឲ្យដិតដល់ដូចសុខភាពរាងកាយដែរ
- សោកសៅដោយសារស្នេហារអាចប៉ះពាល់សុខភាពផ្លូវចិត្ត តិចនិកនេះអាចជួយបាន
- ស្ដាប់តន្ត្រី ពេលបើកឡាន ជួយដល់សុខភាពផ្លូវចិត្ត
២- គួរទៅជួបពេទ្យពេលណា?
គ្នាយើងគួរទៅជួបគ្រូពេទ្យប្រសិនជា៖
- មានសញ្ញាណាមួយនៃដំណាក់កាលអារម្មណ៍ក្នុងរយៈពេលវែង
- មានគំនិតចង់សម្លាប់ខ្លួន
- អារម្មណ៍ឆេវឆាវខ្លាំង និងចង់ប្រើអំពើរហិង្សារ
- ឬមានបញ្ហាក្នុងការដេកច្រើនថ្ងៃ។
ស្វែងយល់អំពីមូលហេតុ
១- មូលហេតុអ្វីខ្លះបណ្តាលឲ្យមានជំងឺ Bipolar?
អ្នកស្រាវជ្រាវនៅមិនទាន់ដឹងមូលហេតុពិតប្រាកដនៃជំងឺ bipolar នៅឡើយទេ តែក៏មានកត្តាមួយចំនួនដែលទាក់ទងជាមួយជំងឺនេះផងដែរ។
កត្តាទាំងនោះរួមមាន៖
- សារធាតុគីមីក្នុងខួរក្បាល៖ ពេលដែលខួរក្បាលរងការប្រែប្រួលរូបរាង នោះវាអាចប៉ះពាល់ដល់កម្រិតនៃធាតុគីមីក្នុងខួរក្បាល (neurotransmitters) ដែលវាមានតួរនាទីគ្រប់គ្រងអារម្មណ៍
- កត្តាតំណរពូជ៖ ប្រសិនជាគ្នាយើងមានឪពុកម្តាយ ឬសមាជិកគ្រួសារមានជំងឺនេះ។
- ការជះឥទ្ធពលពីសង្គម៖ អ្នកស្រាវជ្រាវបាននិយាយថាវាអាចមកពីកត្តាសង្គមដែលបង្កឲ្យមានជំងឺនេះ។ កត្តាទាំងនោះមានដូចជា ប្រវត្តិគ្រោះថ្នាក់ណាមួយកាលពីកុមារភាព គ្មានទំនុកចិត្តលើខ្លួនឯង ឬជួបការបាត់បង់អ្វីម្យ៉ាងដែលពិបាកទទួលយក។
ស្វែងយល់ពីកត្តាប្រឈម
១- កត្តាអ្វីខ្លះធ្វើឲ្យយើងកាន់តែប្រឈមនឹងជំងឺ Bipolar?
កត្តាប្រឈមមួយចំនួនមានដូចជា៖
- ស្ត្រេសខ្លាំងក្នុងដំណាក់កាលណាមួយ
- ញៀនថ្នាំ ឬញៀនស្រា
- ប្រវត្តិគ្រួសារធ្លាប់មានអ្នកមានជំងឺផ្លូវចិត្តឬជំងឺផ្សេងទៀត
- ជួបព្រឹត្តិការណ៍រន្ធត់ណាមួយក្នុងជីវិតដូចជាការបាត់បង់មនុស្សជាទស្រលាញ់។
ព័ត៌មានដែលបានផ្តល់ជូនមិនអាចជំនួសដំបូន្មានវេជ្ជសាស្ត្រណាមួយទេ សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដេីម្បីទទួលបានព័ត៌មានបន្ថែម។
ស្វែងយល់អំពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានដែលបានផ្តល់ជូនមិនអាចជំនួសដំបូន្មានវេជ្ជសាស្ត្រណាមួយទេ សូមពិគ្រោះ និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យដេីម្បីទទួលបានព័ត៌មានបន្ថែម។
១- តើធ្វើរោគវិនិច្ឆ័យរកជំងឺ Bipolar ដោយរបៀបណា?
ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ គ្រូពេទ្យឯកទេសផ្លូវចិត្តនឹងធ្វើតេស្តដូចខាងក្រោម៖
- ពិនិត្យរាងកាយ៖ ដើម្បីរកប្រភពនៃសញ្ញា
- តេស្តផ្លូវចិត្ត៖ គ្រូពេទ្យនឹងសួរសំណួរមួយចំនួនអំពីអារម្មណ៍ ដំណាក់កាល និងអាកប្បកិរិយា។
- តារាងអារម្មណ៍៖ គ្រូពេទ្យនឹងកត់ត្រាទុកនូវរបៀបនៃការដេក អារម្មណ៍ និងអាកប្បកិរិយារបស់យើងដើម្បីទាញយករោគវិនិច្ឆ័យ។
២- តើធ្វើការព្យាបាលជំងឺ Bipolar ដោយរបៀបណា?
ការព្យាបាលជំងឺ bipolar មិនអាចបានជាសះស្បើយនោះទេតែវាអាចធ្វើឲ្យអារម្មណ៍យើងនឹងនរបាន។ ការព្យាបាលនឹងត្រូវបានកំណត់ដោយគ្រូពេទ្យឯកទេសផ្លូវចិត្ត អាស្រ័យលើស្ថានភាពនៃជំងឺ ការព្យាបាលរួមមាន៖
- ព្យាបាលដោយប្រើថ្នាំ៖ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជារថ្នាំសម្រាប់សម្រួលអារម្មណ៍។ ថ្នាំនឹងជួយកាត់បន្ថយរោគសញ្ញាដែលយើងមាន។ យើងនឹងត្រូវលេបថ្នាំទាំងនោះក្នុងរយៈពេលវែងដើម្បីបង្ការកុំឲ្យចេញសញ្ញាបាក់ទឹកចិត្ត ឬចង់សម្លាប់ខ្លួន។ ថ្នាំទាំងនោះរួមមាន ថ្នាំជំងឺបាក់ទឹកចិត្ត សម្រួលអារម្មណ៍ antipsychotics ឬ anti-anxiety ជាដើម។
- ការពិគ្រោះយោបល់៖ ជួយឲ្យយើងនិយាយអំពីសស្ថានភាពដែលកំពុងមាន និងរបៀបដោះស្រាយពេលចេញដំណាក់កាលមកម្តងៗ។ អ្នកជំនាញក៏មានក្រុមជំនួយដែលអាចជួយក្នុងការរស់នៅនិងជួយអ្នកប្រឈមជាមួយជំងឺនេះបាន។
- ការព្យាបាលចំពោះការញៀនថ្នាំ៖ វាជារឿងចាំបាច់ដែលត្រូវព្យាបាលបញ្ហានេះ ព្រោះការញៀនថ្នាំនឹងធ្វើឲ្យជំងឺកាន់តែពិបាកព្យាបាល។
- ការសម្រាកក្នុងមន្ទីរពេទ្យ៖ ក្នុងករណីធ្ងន់ធ្ងរ យើងត្រូវតែសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានឲ្យបានទៀងទាត់។ នេះជារឿងចាំបាច់ពេលដែលមានសញ្ញាដូចជាចង់សម្លាប់ខ្លួន ឬវិកលចរិតជាដើម។ នៅដំណាក់កាលនេះ យើងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងក៏ដូចជាអ្នកដទៃទៀតផង។
សូមចងចាំថាមិនមែនគ្រប់ស្ថានភាពសុទ្ធតែដូចគ្នាទាំងអស់ទេ។ ចូរពិភាក្សារជាមួយគ្រូពេទ្យផ្នែកផ្លូវចិត្តដើម្បីដឹងពីការព្យាបាលដែលត្រឹមត្រូវសម្រាប់អ្នក។
បំលាស់ប្តូររបៀបរស់នៅ និង វិធីព្យាបាលនៅផ្ទះ
១- បំលាស់ប្តូររបៀបរស់នៅ និងវិធីព្យាបាលតាមផ្ទះអ្វីខ្លះ អាចជួយសម្រួលដល់ការព្យាបាលជំងឺ Bipolar?
ការផ្លាស់ប្តូររបៀបរបបក្នុងការរស់នៅ និងវិធីព្យាបាលតាមផ្ទះមួយចំនួនខាងក្រោមនេះអាចជួយឲ្យគ្នាយើងសម្របខ្លួនទៅនឹងការព្យាបាលជំងឺ Bipolar នេះ ដូចជា៖
- សូមផ្តល់ពត៌មានជាបន្ទាន់ដល់គ្រូពេទ្យ ឬមនុស្សដែលយើងទុកចិត្តពេលដែលយើងមានគំនិតចង់សម្លាប់ខ្លួន។
- ដេកឲ្យបានគ្រប់គ្រាន់ដោយទម្លាប់ចូលដេកឲ្យបានត្រឹមត្រូវ។
- ហាត់ប្រាណឲ្យបានទៀងទាត់
- ចេញឲ្យឆ្ងាយពីទំនាក់ទំនងមិនល្អនានា
- ឈប់ផឹកស្រា និងជៀសវាងការប្រើប្រាស់គ្រឿងញៀន។