ភាពតានតឹង (ស្ត្រេស) គឺជាការឆ្លើយតបរបស់រាងកាយទៅនឹងសម្ពាធផ្លូវចិត្ត ឬអារម្មណ៍។ ពេលមានភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឱ្យបេះដូងយើងដើរលឿន ដកដង្ហើមញាប់ និងធ្វើឱ្យសាច់ដុំឡើងតឹង ។ យូរៗទៅវាអាចបង្កឱ្យមានជំងឺដូចជា បេះដូង ធាត់ ឈឺក្បាល គេងមិនលក់ ថប់អារម្មណ៍ បាក់ទឹកចិត្តជាដើម។ យើងអាចកាត់បន្ថយភាពតានតឹងតាមវីធីជាច្រើន ក្នុងនោះការព្យាបាលដោយក្លិនក៏ជាជម្រើសមួយដ៏មានប្រសិទ្ធភាពដែរ។
តាមការសិក្សាបានឱ្យដឹងថាក្លិនពីរុក្ខជាតិងាយរកទាំង ៤ ខាងក្រោមនេះអាចកាត់បន្ថយភាពតានតឹងបាន៖
១. ផ្លែឈើអម្បូរក្រូច៖ ការស្រាវជ្រាវពីបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិកបានបង្ហាញថាក្លិនពីសម្បកផ្លែឈើអម្បូរក្រូចដូចជា ក្រូចឆ្មា ក្រូចឈ្វិច ក្រូច ឬក្រូចថ្លុងជាដើមអាចជួយកាត់បន្ថយភាពតានតឹង និងរំងាប់ប្រព័ន្ធសរសៃប្រសាទ។ ពេលយើងច្របាច់សម្បកផ្លែឈើអម្បូរក្រូចណាមួយ វានឹងបញ្ចេញក្លិនក្រអូប ហើយធ្វើឱ្យយើងមានអារម្មណ៍ល្អភ្លាមៗ។
២. ជីរអង្កាម៖ យោងតាមវិទ្យាស្ថាន Sense of Smell ក្លិនប្រហើររបស់ជីរអង្កាមអាចជួយបង្កើនការចងចាំ ជំរុញទឹកចិត្ត សម្រួលដល់ការដកដង្ហើម កាត់បន្ថយអារម្មណ៍សោកសៅ និងភាពតានតឹងផ្លូវចិត្ត។
៣. ផ្កាម្លិះ៖ ក្លិនក្រអូបរបស់ផ្កាម្លិះធ្វើឱ្យអារម្មណ៍របស់យើងល្អ និងកាត់បន្ថយការថប់បារម្ភ ព្រមទាំងជួយឱ្យយើងគេងលក់ស្រួល ។ ការហិតក្លិនផ្កាម្លិះបង្កើនឥទ្ធិពលរបស់សារធាតុ GABA ដែលជួយរារាំង ឬកាត់បន្ថយសកម្មភាពរបស់ណឺរ៉ូន ឬកោសិកាប្រសាទ នៅពេលមានអារម្មណ៍រំជួលខ្លាំង។
៤. ផ្កាកូលាប៖ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាត និងមានភាពទាក់ទាញទេ ក្លិនដ៏ស្រាលស្រទន់របស់វាអាចឱ្យយើងមានអារម្មណ៍ល្អ បន្ធូរអារម្មណ៍ កាត់បន្ថយភាពតាន់តឹង និងការថប់បារម្ភបាន។
ដោយសារមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា បើយើងចូលចិត្តក្លិនរុក្ខជាតិមួយណា ឬក្លិនរុក្ខជាតិណាដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ ឬធូរស្បើយ យើងអាចជ្រើសរើសក្លិនរុក្ខជាតិនោះមកបន្ថយភាពតានតឹងរបស់យើងបាន។ ការហិតក្លិនក្រអូបពីរុក្ខជាតិមិនត្រឹមតែធ្វើឱ្យអារម្មណ៍ល្អទេ ថែមទាំងគ្មានផលប៉ះពាល់ទៀតផង។ លើសពីនេះទៅទៀតបើមានរុក្ខជាតិទាំងដូចដែលបានរៀបរាប់ខាងលើនៅក្នុងទីធ្លាផ្ទះ ពួកវានឹងបន្ថែមសោភ័ណភាពដល់ផ្ទះរបស់យើងមួយកម្រិតទៀត។