លើកលោកនេះ គ្មានការងារណាគ្មានសម្ពាធទេ ពិសេសពេលត្រូវធ្វើបទបង្ហាញ ឬលើកផែនការអ្វីមួយ តិចឬច្រើន នៅតែមានសម្ពាធ គ្រាន់តែថា យើងខ្លួនឯងចេះស្វែងរកដំណោះស្រាយល្អសម្រាប់ខ្លួនឯង ឬក៏អត់ប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងពីវិធីសាស្ត្រ ៥ក្បាច់ អាចដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍បាន ទោះយើងស្ថិតក្នុងស្ថានភាពប្រថុចណាមួយក៏ដោយ។
១- អនុវត្តមូលដ្ឋានគ្រឹះ
គ្មានការងារណា អាចដំណើរការបានរលូន ទាំងមិនធ្លាប់អនុវត្ត គ្មានការយល់ច្បាស់ពីវានោះទេ។ ក្រៅពីការសិក្សាស្រាវជ្រាវព័ត៌មានយើងត្រូវការ យើងគួរតែព្យាយាមហាត់សមនៅមុខកញ្ចក់ ព្រោះអាចជួយក្តោបក្តាប់អ្វីទាំងអស់ក្នុងដៃ និងពេញដោយទំនុកចិត្ត។ ដូចគ្នាដែរ សម្រាប់ការធ្វើបទបង្ហាញអ្វីមួយ គួរតែត្រៀមសម្រាប់សំណួរដែលគេអាចនឹងសួរយើង ឬការរំខានណាមួយពីមនុស្សកំពុងចាំស្តាប់បទបង្ហាញរបស់យើង។ ត្រូវច្បាស់ថា ទោះមានរឿងអ្វីកើតឡើងក៏ដោយ មិនត្រូវស្លន់ស្លោ ឬភ្លេចអ្វីយើងចង់បង្ហាញនោះដែរ។
២- រំលឹកឡើងវិញពីមូលដ្ឋានគ្រឹះ
គ្រប់ការងារយើងបានរៀបចំទុកក្នុងចិត្ត ភាគច្រើន គឺស្របតាមជំហានដោយចាប់ផ្តើមពីជំហានទី ១ ដល់ជំហានបញ្ចប់។ យើងត្រូវច្បាស់ថា បានចងចាំគ្រប់ជំហាននីមួយៗតាមលំដាប់លំដោយដែលត្រៀមទុកជាស្រេច។ ប៉ុន្តែ ដើម្បីកុំឲ្យមានការភ័ន្តភាំងក្នុងកាលៈទេសៈណាមួយ ត្រូវហាត់សមឲ្យចាំគ្រប់ជំហាន ដោយមិនចាំបាច់តាមលំដាប់លំដោយត្រៀមទុកនោះឡើយ ឧទាហរណ៍ យើងចាប់ពីជំហានចុងក្រោយមុនគេ បន្ទាប់មកបកទៅជំហានទី ៣ ឬ ២ ព្រោះហាត់សមបែបនេះ នឹងអាចបង្កើនចំណេះដឹងយើងមួយកម្រិតទៀត។
៣- ការអនុវត្តវិធីសាស្ត្រ “What if?”
ពេលច្បាស់ថា ការធ្វើបទបង្ហាញ ឬសន្ទរកថាយើងល្អតាមលំដាប់ហើយ ក៏ជាពេលយើងត្រូវរៀបចំត្រៀមសម្រាប់អ្វីដែលអាចកើតឡើងដោយមិនបានរំពឹងទុកជាមុន។ ត្រូវដឹងថា គួរធ្វើបែបណា ពេលកុំព្យូទ័រយើងស្រាប់តែខូចដោយចៃដន្យ? ឬមានពេល ១០នាទី សម្រាប់អ្វីដែលយើងរំពឹងចំណាយដល់ទៅ ៣០នាទី? អ្វីយើងត្រូវធ្វើ គឺព្យាយាមសង្ខេបចំណុចសំខាន់ៗ ធ្វើឲ្យងាយយល់ នឹងប្រើពេលពន្យល់ខ្លី។
៤- គិតទុកជាមុន
បន្ទាប់ពីលើកឡើងស្ថានភាពទាំងអស់អាចកើតមាន យើងក៏គួរចាប់ផ្តើមគិតទុកក្នុងចិត្តពីអ្វីយើងនឹងធ្វើ បើហេតុការណ៍នោះពិតជាកើតឡើងមែន។ ស្រមៃថា ខ្លួនយើងស្ថិតក្នុងស្ថានភាពនោះរួចជាស្រេច ដើម្បីកុំឲ្យយើងមានអារម្មណ៍ហេងហាង ឬភ័យស្លន់ស្លោ ពេលដែលរឿងទាំងនោះកើតឡើងមែន។ គិតទុកជាមុន មិនមែនគ្រាន់តែត្រៀមខ្លួនសម្រាប់ស្ថានភាពអាក្រក់នោះទេ ប៉ុន្តែថែមទាំងជួយយើងមានទំនុកចិត្ត ជឿជាក់ខ្លួនយើងស្ថិតក្នុងភាពជោគជ័យរួចទៅហើយ។
៥- បិទបញ្ចប់គ្រប់យ៉ាងឲ្យបានត្រឹមត្រូវ
បើមាននិយាយអ្វីខុសអំឡុងពេលធ្វើសន្ទរកថា ឬបទបង្ហាញ ធ្វើឲ្យអ្នកស្តាប់យើង មិនយល់ ឬមិនចាប់អារម្មណ៍ កុំដើរចេញ បញ្ចប់វាទាំងបែបនេះអី។ រៀនស្គាល់កំហុសរបស់យើង និងកំណត់ឲ្យច្បាស់ពីមូលហេតុ ដើម្បីការពារកុំឲ្យកើតឡើងម្តងទៀតទៅថ្ងៃមុខ។
ដូចយើងដឹងស្រាប់ ទម្លាប់នៅស្ងប់ស្ងាត់គ្មានអ្វីពិបាកទេ ប៉ុន្តែវាក៏គ្មានអ្វីរីកចម្រើនដូចគ្នា។ បើចង់ទទួលទំនុកចិត្តកាន់តែខ្ពស់សម្រាប់ការងារយើងរៀបចំទុក គួរតែមានការពិភាក្សាជាមួយក្រុមការងារ មិត្តភក្តិ ឬគ្រួសារជាមុន មុនសម្រេចចិត្តធ្វើការងារនោះ។