ក្រោយពេលរួមភេទ យើងគួរតែមានអារម្មណ៍ល្អ អារម្មណ៍សប្បាយចិត្ដ ប៉ុន្តែបើយើងទៅជាមានអារម្មណ៍ថារកកល់ចង់ក្អួតវិញ យ៉ាងម៉េចដែរ? ខាងក្រោមគ្នាយើងអាចស្វែងយល់ថាហេតុអ្វីបានជាយើងមានអារម្មណ៍បែបនេះ។
មូលហេតុអាចធ្វើឲ្យយើងចង្អោរចង់ក្អួតក្រោយពេលរួមភេទ
អាការៈចង្អោរចង់ក្អួតក្រោយពេលរួមភេទ អាចបណ្ដាលមកពីជំងឺក្នុងខ្លួនណាមួយ។ ខាងក្រោមនេះជាកត្តាមួយចំនួនអាចធ្វើឲ្យគ្នាយើងមានអាការៈចង់ក្អួតក្រោយពេលរួមភេទរួច៖
- បាត់បង់ជាតិទឹក
- ជំងឺរលាកសរីរាង្គក្នុងអាងត្រគៀក
- ជំងឺរលាកផ្លូវនោម
- វិលមុខ
បើមានអាការៈចង់ក្អួតលើសពីម្ដង យើងគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកមើលមូលហេតុពិតប្រាកដ។
ខាងក្រោមនេះ គឺជាមួលហេតុចម្បងមួយចំនួនដែរ៖
ក- អាការៈជិតសន្លប់ (Vasovagal syncope)
មនុស្សស្រីដែលមានបញ្ហាចង្អោរចង់ក្អួត ក្រោយពេលរួមភេទ អាចដោយសារតែមានអាការៈជិតសន្លប់។ បញ្ហានេះអាចកើតឡើងនៅពេល ដែលដៃគូរយើងស៊កលិង្គចូលជ្រៅពេក រហូតទៅបុកដល់មាត់ស្បូន។ មាត់ស្បូនរបស់មនុស្សស្រីយើង មានផ្នែកខាងចុងរបស់សរសៃប្រសាទ្ធច្រើន ដែលជាហេតុធ្វើឲ្យមានការឆ្លើយតបអាការៈនេះ (vasovagal)។
ការឆ្លើយតប vasovagal គឺកើតឡើងនៅពេលខ្លួនយើងទៅភ្ញោចសរសៃប្រសាទ្ធ vagus ដែលនឹងធ្វើឲ្យចង្វាក់បេះដូង និងសម្ពាធឈាមថយចុះ ដែលជាហេតុធ្វើឲ្យយើងមិនស្រួលខ្លួនចង់សន្លប់ និងចង់ក្អួត។ ពេលខ្លះយើងអាចមានអារម្មណ៍បែបនេះ នៅពេលឃើញឈាមដែរ។
បញ្ហាឆ្លើយតប vasovagal គឺមិនមែនជារឿងដែលត្រូវបារម្ភពេកទេ ប៉ុន្តែបើយើដមានអារម្មណ៍បែបនេះពេលរួមភេទ អាចប្រាប់ដៃគូកុំឲ្យស៊កលិង្គចូលជ្រៅពេកនៅលើកក្រោយ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ
- អាថ៌កំបាំងសុខភាពពីការរួមភេទទាំង ៥ យ៉ាង គ្នាយើងគួរដឹង
ខ. Endometriosis
Endometriosis គឺជាជំងឺម្យ៉ាងដែលជាលិកាមានតាមជញ្ជាំងស្បូន ដុះចេញមកខាងក្រៅរបស់ស្បូន។ ជំងឺនេះធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ ហូរឈាម និងឈឺពេលរួមភេទ។ ស្រីៗមួយចំនួនកើតបញ្ហានេះ ប្រាប់ថាមានអារម្មណ៍ចង់ក្អួត ដោយសារឈឺ ឬអារម្មណ៍មិនស្រួលក្រោយពេលរួមភេទ។
ជំងឺ endometriosis មិនធ្វើឲ្យយើងអស់អារម្មណ៍ផ្លូវភេទឡើយ។ ខាងក្រោមនេះជាវិធីដែលអាចបន្តរួមភេទដោយមិនចាំបាច់ខ្វាយខ្វល់ច្រើនពីជំងឺនេះ៖
- លេបថ្នាំបំបាត់ការឈឺចាប់យ៉ាងហោចមួយម៉ោងមុនពេលរួមភេទ
- សាកល្បងប្រើក្បាច់រួមភេទផ្សេង
- សង្កេតមើលថា ពេលណាយើងរួមភេទមិនសូវឈឺចាប់ក្នុងរយៈពេលមួយខែ
គ- ប្រតិកម្មអាលែកហ្ស៊ី
ជាករណីកម្រ តែវានៅតែអាចកើតឡើង គឺយើងមានប្រតិកម្មអាលែកហ្ស៊ីជាមួយទឹកកាមរបស់ដៃគូ។ ក្នុងឯកសារមួយផ្សាយកាលឆ្នាំ ២០០៧ បានសរសេរថា មានស្ត្រីម្នាក់មានប្រតិកម្មជាមួយគ្រាប់សណ្ដែកប្រេស៊ីល ហើយស្រ្តីរូបនេះក៏មានប្រតិកម្មជាមួយទឹកកាមរបស់ដៃគូ ព្រោះដៃគូនារីរូបនោះបានញ៉ាំសណ្ដែកប្រេស៊ីលមុនពេលរួមភេទ។
ក្រៅពីមានសញ្ញាចង្អោរចង់ក្អួត យើងក៏អាចមានសញ្ញាទាំងអស់នេះពេលមានប្រតិកម្មជាមួយទឹកកាម៖
- អស់កម្លាំង
- រមាស់ស្បែក ជាពិសេសត្រង់តំបន់ដែលប៉ះជាមួយទឹកកាម
- ថប់ដង្ហើម អាចពីតិចតួចដល់ថប់ខ្លាំងមិនអាចដកដង្ហើមបាន
- ហើមប្រដាប់ភេទ
បើស្រីៗយើងមានប្រតិកម្មជាមួយអាហារណាមួយ ត្រូវប្រាប់ដៃគូរបស់ខ្លួនឯង កុំឲ្យញ៉ាំអាហារនោះមុនពេលរួមភេទ ឬឲ្យដៃគូពាក់ស្រោមអនាម័យ ដើម្បីកាត់បន្ថយអត្រាប្រឈមជាមួយអាលែកហ្ស៊ីនឹងអាហារទាំងអស់នោះ។
ក្រៅពីម្ហូបអាហារយើងក៏អាចមានប្រតិកម្មជាមួយវត្ថុណាមួយ ដូចនេះដើម្បីចង់ដឹងឲ្យច្បាស់ ថាខ្លួនឯងមានប្រតិកម្មជាមួយអ្វីខ្លះ យើងអាចទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ដពិនិត្យបាន។
ឃ- រោគសញ្ញាមិនស្រួលខ្លួនក្រោយពេលដល់ចំណុចកំពូល (POIS)
រោគសញ្ញាមិនស្រួលខ្លួនក្រោយពេលដល់ចំណុចកំពូល (POIS) គឺជាបញ្ហាសុខភាពមួយ ដែលភាគច្រើនកើតលើមនុស្សប្រុស ប៉ុន្តែក៏អាចកើតលើមនុស្សស្រីមួយចំនួនតូចបានដូចគ្នា។
ជំងឺមួយនេះ ធ្វើឲ្យយើងមានរោគសញ្ញាចេញមកភ្លាមក្រោយពេលបញ្ចេញទឹកកាម ឬដល់ចំណុចកំពូល។ រោគសញ្ញាមានដូចជា៖
- ស្រវាំងភ្នែក
- អស់កម្លាំងខ្លាំង
- ក្ដៅខ្លួន
- អារម្មណ៍ឆាប់ប្រែប្រួល
- ឈឺចាប់សាច់ដុំ
- ពិបាកផ្ចង់អារម្មណ៍
មនុស្សមួយចំនួនដែលកើត POIS បានប្រាប់ថា ពួកគេមានអារម្មណ៍ដូចឈឺផ្ដាយសាយភ្លាមៗ ក្រោយពេលដល់ចំណុចកំពូល និងថាមានអារម្មណ៍ចង្អោរចង់ក្អួតដូចគ្នា។
គ្រូពេទ្យក៏មិនទាន់ដឹងដែរថា ហេតុអ្វីបានជាមនុស្សមួយចំនួនមានបញ្ហា POIS ក្រោយពេលដល់ចំណុចកំពូល។ មកដល់ពេលនេះ គេគិតថា ដោយសារតែប្រព័ន្ធការពារខ្លួនយើងឆ្លើយតបប្រឆាំងជាមួយទឹកកាម។
[embed-health-tool-ovulation]