សម្រាប់អ្នកដែលកំពុងប្រឈមនឹងជំងឺរ៉ាំរ៉ៃ អាចគិតថាការរួមភេទជារឿងដ៏គួរឲ្យស្មុគស្មាញ ពីព្រោះតែមិនអាចប្រតិបត្តិការជាមួយដៃគូបានរលូន ឬមានអារម្មណ៍ឈឺចាប់កាន់តែខ្លាំងឡើងនៅពេលរួមភេទ។ យ៉ាងណាមិញ អ្នកជំងឺមួយចំនួនមិនហ៊ានពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ទាក់ទងនឹងបញ្ហាសមត្ថភាពផ្លូវភេទថមថយនេះឡើយ។
ពិតណាស់ ការរួមភេទដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពជីវិត។ ការឈានដល់ចំណុចកំពូលអាចរារាំង ឬកាត់បន្ថយកម្រិតឈឺចាប់ចំពោះស្ត្រី និងកាត់បន្ថយការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា ការរួមភេទអាចជួយសម្រាលរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត និងឈឺខ្នង ជួយឲ្យគេងលក់ស្រួល និងកាត់បន្ថយស្រ្តេស។ ប៉ុន្តែ បើយើងមានជំងឺរ៉ាំរ៉ៃ វាអាចធ្វើឲ្យយើងបាត់បង់ទំនុកចិត្ត ដោយសារតែមុខងារនៅតំបន់មួយចំនួននៃរាងកាយថយចុះ។
ទោះជាយ៉ាងណាក្ដី យើងគួរតែនិយាយពីអារម្មណ៍ជុំវិញការរួមភេទ ដែលអាចរួមមានការព្រួយបារម្ភ និងការភ័យខ្លាចក្នុងការប្រតិបត្តិការលើគ្រែជាដើម។ ក្នុងករណីដែលយើងមិនសូវមានសកម្មភាពផ្លូវភេទ ដោយសារតែការឈឺចាប់ ប៉ុន្តែយើងនៅតែមានចំណាប់អារម្មណ៍នឹងរឿងនេះ គួរនិយាយប្រាប់ដៃគូ ដើម្បីកុំឲ្យមានការឈឺចាប់ខាងអារម្មណ៍ ឬនៅឆ្ងាយគ្នាដោយការយល់ច្រឡំ។
ប្រើគំនិតច្នៃប្រឌិត៖ ការស្ទាបអង្អែល ការថើប ការម៉ាស្សា និងឱបគ្នា អាចបង្កើនភាពស្និទ្ធស្នាល និងដាស់អារម្មណ៍បានកាន់តែប្រសើរ។
ទទួលបទពិសោធន៍ថ្មីៗ៖ គួរស្វែងរកឥរិយាបថណាដែលស័ក្ដិសមសម្រាប់យើង ដូចជាគេងផ្អៀងបែរមុខរកគ្នា និងឥរិយាបថដទៃទៀតដែលមិនសូវប្រើកម្លាំងខ្លាំងក្លា។ ការស្រាវជ្រាវបង្ហាញថា ការប្រើឥរិយាបថជាក់លាក់ណាមួយ ល្អបំផុតសម្រាប់បុរស និងស្ត្រីដែលមានបញ្ហាឈឺខ្នង។ លើសពីនេះ គួរសាកល្បងប្រតិបត្តិការនៅម៉ោងផ្សេងៗគ្នា ដើម្បីដឹងថាពេលវេលាណាមួយដែលល្អចំពោះយើង។

រៀបចំផែនការ៖ ការកំណត់ពេលវេលាសម្រាប់សកម្មភាពលើគ្រែទុកជាមុន មានអត្ថប្រយោជន៍ច្រើនដល់អ្នកដែលកំពុងមានជំងឺរ៉ាំរ៉ៃ ដោយយើងអាចញ៉ាំថ្នាំបំបាត់ការឈឺចាប់ណាមួយនៅមុនពេលប្រតិបត្តិការ ដើម្បីកាត់បន្ថយភាពឈឺចាប់ និងជួយឲ្យមានអារម្មណ៍វិជ្ជមាន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
ជជែកគ្នាលេង៖ ទន្ទឹមនឹងនេះដែរ ការរក្សាទំនាក់ទំនងអំឡុងពេលរួមភេទ អាចធ្វើឲ្យដៃគូដឹងពីអារម្មណ៍របស់យើង និងផ្ដល់មតិយោបល់។ ម្យ៉ាងវិញទៀត យើងក៏គួរជជែកគ្នាក្រោយប្រតិបត្តិការផងដែរ អំពីរក្សាភាពស្និទ្ធស្នាល ក៏ដូចជាអារម្មណ៍ពុះកញ្ជ្រោល។