អាការៈក្ដៅភ្នែកអាចកើតមានពីច្រើនមូលហេតុ ចាប់ពីកម្រិតធម្មតាទៅដល់កម្រិតសាំញ៉ាំ។ ជាធម្មតាអាការៈបែបនេះកើតឡើងដោយមានរោគសញ្ញាដូចជារមាស់ឈឺពេលហូរទឹកភ្នែក ប៉ុន្តែនៅក្នុងករណីខ្លះ វាមិនបញ្ចេញរោគសញ្ញាអ្វីទាំងអស់។ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីវិបត្តិភ្នែកឡើងក្ដៅ និងវិធីដោះស្រាយយើងគួរតាមព័ត៌មានខាងក្រោម។
មានអាការៈភ្នែកក្ដៅពេលណា?
ជាធម្មតាអាការៈភ្នែកឡើងក្ដៅអាចកើតឡើងដោយសារមូលហេតុសាមញ្ញបំផុត។ រាល់សមាសធាតុដែលប៉ះពាល់នឹងភ្នែកយើងវានឹងធ្វើឲ្យភ្នែកយើងផ្សា ប៉ុន្តែមិនមែនអ្វីទាំងអស់នោះជាបញ្ហាដែលធ្ងន់ធ្ងរនោះទេ។ ពេលខ្លះភ្នែកយើងអាចផ្សាដោយប៉ះជាមួយសាប៊ូ សាប៊ូកក់សក់ ទឹកអប់ តែមិនមានគ្រោះថ្នាក់អ្វីនោះទេប្រសិនបើយើងលាងជាមួយទឹកភ្លាមៗ។
- ហេតុផលផ្សេងទៀតគឺ Contact lens។ នៅពេលអ្នកប្រើ contact lens រយៈពេលយូរក៏ធ្វើឲ្យភ្នែកយើងមានអាការៈក្ដៅដែរ។
- លើសពីនេះប្រសិនបើយើងផាត់មុខញឹកញាប់ប្រើគ្រីមផ្ដល់សំណើម និងផលិតផលសម្អាតមុខ នោះភ្នែកក៏ងាយនឹងផ្សាខ្លាំងណាស់ដែរ។
- អាកាសធាតុក៏ជាមូលហេតុនាំឲ្យភ្នែកក្ដៅដែរ។ សារធាតុបង្កនៅក្នុងបរិយាកាសរួមមានផ្សែង ធូលី ផ្សែងបារី លម្អងផ្កាឬរោមសត្វក៏អាចជាមូលហេតុមួយដែលធ្វើឲ្យផ្សាភ្នែកឬក៏អាកាសធាតុក្ដៅពេក ត្រជាក់ពេកឬស្ងួត ក៏ធ្វើឲ្យផ្សាភ្នែកដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- អាហារល្អៗជួយបេះដូង គួរញ៉ាំជាប្រចាំ
- ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើនដល់ស្បែក បេះដូង និងភ្នែក
- ក្តៅខ្លាំងអ៊ីចឹង បើស្រលាញ់ស្បែក ត្រូវដឹងវីតាមីនសំខាន់ៗទាំងនេះ
- វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង
- ផឹកទឹកប៉េងប៉ោះ ១កែវ/ថ្ងៃ បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ូល
រោគសញ្ញាភ្នែកក្ដៅមានអ្វីខ្លះ?
រោគសញ្ញាភ្នែកក្ដៅមានដូចជា:
- ស្រវាំងភ្នែក
- ទឹកភ្នែកច្រើន
- រមាស់
- ភ្នែកពណ៌ក្រហម
- ពិបាកទ្រាំក្នុងភ្នែក
- ខ្លាចពន្លឺ
គួរដោះស្រាយបញ្ហាភ្នែកក្ដៅដោយរបៀបណា?
ជំហានទីមួយក្នុងការជួយសង្គ្រោះបឋមនៃអាការៈក្ដៅភ្នែកដែលបង្កដោយសារធាតុគីមីឬកម្ដៅនោះគឺលាងភ្នែកជាមួយទឹកត្រជាក់។ យើងត្រូវដកcontact lensចេញពីភ្នែក។ លាងភ្នែកជាមួយទឹករ៉ូប៊ីណេ ឬបើកទឹកដាក់ចានដែក ឬជ័រ។ នៅពេលធ្វើបែបនេះយើងគួរតែបិទបើកភ្នែកដើម្បីឲ្យទឹកចូលទៅគ្រប់ផ្នែកក្នុងភ្នែក។
សម្រាប់កុមារតូចៗហាក់មានភាពពិបាកក្នុងការជួយសង្គ្រោះបឋមបន្តិចពេលមានរបួសភ្នែក។ យ៉ាងណាការជួយនេះក៏អាស្រ័យទៅលើអាយុរបស់កុមារ មាឌ និងសមត្ថភាពក្នុងការសហការដែរ។ គួរតែមានមនុស្សចាស់ម្នាក់ទៀតដើម្បីជួយគ្នាបើកុមារមានបញ្ហាភ្នែក និងត្រូវការការសង្គ្រោះបឋមនេះ។ ក្មេងៗខ្លះអាចនឹងនៅស្ងៀមព្រមទាំងសហការជាមួយកាយវិការយឺតៗនិងថ្មមៗជាមួយយើង តែប្រសិនបើកុមារមានការពិបាកមិនអាចនៅស្ងៀមបានយើងគួរចាប់ពួកគាត់ឲ្យជាប់ក្នុងការជួយសង្គ្រោះបឋម។
គួរបង្ការបែបណា?
យើងអាចបង្កាបញ្ហានេះដោយ៖
- ការពារស្រទាប់កញ្ចក់ភ្នែកឲ្យផុតពីកាំរស្មីUV
- ពាក់វ៉ែនតាការពារកម្ដៅថ្ងៃពេលដើរក្រោមពន្លឺថ្ងៃ
- ប្រើម៉ាសការពារភ្នែក
- ជៀសវាងសារធាតុគីមីប៉ះពាល់ភ្នែកជាប្រចាំជាពិសេសកុមារតូចៗ
- លាងដៃជាមួយសាប៊ូក្រោយចាប់កាន់សារធាតុគីមី ឬសារធាតុរាវមុនប៉ះពាល់ភ្នែក
ទោះបីជាអាការៈភ្នែកក្ដៅមិនមានគ្រោះថ្នាក់ខ្លាំងក៏ដោយ ប៉ុន្តែយើងក៏ត្រូវការពារភ្នែកពីហានិភ័យនៃជំងឺភ្នែកដូចជាជំងឺភ្នែកឡើងបាយ ឬជំងឺងងឹតភ្នែកដែរ។
[embed-health-tool-ovulation]