នៅពេលចេញក្រៅផ្ទះ គ្នាយើងតែងនឹងឃើញដល់ការលាបគ្រីមកាពារកម្ដៅថ្ងៃ តែគ្នាយើងទំនងជាមិនសូវបានដឹងដល់ការប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃប៉ុន្មាននោះទេ។ ការត្រូវកម្ដៅថ្ងៃខ្លាំងអាចធ្វើឲ្យភ្នែកយើងរលាកបាន ដែលអាចហៅថារលាកភ្នែកដោយសារកម្ដៅថ្ងៃ។
១. អ្វីជាការរលាកភ្នែកដោយសារកម្ដៅថ្ងៃ?
ការរលាកភ្នែកដោយសារកម្ដៅថ្ងៃ គឺជាការឈឺចាប់បណ្ដោះអាសន្នមួយនៅនឹងភ្នែក បណ្ដាលមកពីយើងប៉ះពាល់ទៅនឹងកាំរស្មីUV ពិសេសកាំរស្មីUV របស់ព្រះអាទិត្យ។ ការរលាកភ្នែកដោយសារកម្ដៅថ្ងៃ អាចនិយាយបានថាដូចទៅនឹងការរលាកស្បែកដោយសារកម្ដៅព្រះអាទិត្យអ៊ីចឹងដែរ គ្រាន់តែថាវាធ្វើឲ្យប៉ះពាល់ដល់ក័រណេរបស់ភ្នែក មិនមែនស្បែក។ ការប៉ះពាល់ទៅនឹងកាំរស្មីUV អាចធ្វើឲ្យខូចខាតបណ្ដោះអាសន្នក័រណេភ្នែក (ជាចំណុចថ្លាតូចមួយនៅពីមុខកូនក្រមុំភ្នែក) និងស្រទាប់ជាលិកាភ្នែក។
២. តើវាកើតឡើងយ៉ាងដូចម្ដេច?
ភ្នែករបស់យើងអាចរងផលប៉ះពាល់ពេលត្រូវនឹងកាំរស្មីUV។ កាំរស្មី របស់ព្រះអាទិត្យទាំងUV-A និងUV-B ចេញពីព្រះអាទិត្យអាចធ្វើឲ្យភ្នែកយើងឈឺក្នុងរយៈពេលវែង ឬខ្លីបាន និងអាចធ្វើឲ្យប៉ះពាល់ដល់គំហើញទៀតផង។
ក្រៅពីការត្រូវដោយផ្ទាល់ទៅនឹងកាំរស្មីព្រះអាទិត្យ ការមើលចំណាំងប្លាតរបស់ព្រះអាទិត្យពីព្រិល ទឹក ឬជញ្ជាំងស៊ីម៉ងត៍ ពន្លឺឡាស៊ែរ ក៏ធ្វើឲ្យមានបញ្ហាភ្នែក។ ដូចគ្នាដែរ ការសម្លឹងមើលព្រះអាទិត្យពេលមានសូរ្យគ្រាស ក៏អាចធ្វើឲ្យភ្នែកខូចខាតធ្ងន់ធ្ងរ រលាក នៅត្រង់ស្រទាប់រ៉េទីនផងដែរ។
ដើម្បីការពារភ្នែក ពេលចេញក្រៅមានកម្ដៅថ្ងៃខ្លាំងយើងគួរប្រើវ៉ែនតាការពារកម្ដៅថ្ងៃ ឬពាក់មួកដែលអាចមានម្លប់ការពារមុខ នឹងភ្នែកបានពេញលេញល្អ។
៣. រោគសញ្ញារលាកភ្នែកដោយសារកម្ដៅថ្ងៃ
បើសិនជាយើងមានបញ្ហារលាកភ្នែកដោយសារកម្ដៅថ្ងៃ នឹងមានចេញរោគសញ្ញាដូចជា៖
- ភ្នែកឡើងក្រហម និងឈឺ
- ចេញទឹកភ្នែក
- ស្រវាំងភ្នែក
- ហើមភ្នែក
- ចាញ់ពន្លឺ
- បាត់បង់គំហើញរយៈពេលខ្លី និងរោគសញ្ញាផ្សេងៗមួយចំនួនទៀត។
រោគសញ្ញាទាំងនេះអាចនឹងបាត់ទៅវិញចន្លោះពីប្រាំមួយទៅ២៤ម៉ោង ប៉ុន្តែជាទូទៅអាចបាត់ទៅវិញ ក្នុងរយៈពេល៤៨ម៉ោង។ ការប៉ះពាល់កាំរស្មីកាន់តែយូរ ស្ថានភាពរោគសញ្ញាក៏កាន់តែមិនងាយបាត់ទៅវិញដូចគ្នា។ ក្រៅពីនេះ ការប៉ះពាល់នឹងកាំរស្មីUV របស់ព្រះអាទិត្យកាន់តែយូរ ហានិភ័យកើតជំងឺភ្នែកឡើងបាយ ឬ បាត់បង់គំហើញក៏កាន់តែខ្ពស់ដូចគ្នា។
ដូចគ្នាដែរ បើយើងកំពុងនៅក្រៅផ្ទះ ឬអាគារ ហើយមានចេញរោគសញ្ញាណាមួយ គួរប្រញាប់ចូលក្នុងផ្ទះឬអាគារវិញ និងចូលក្នុងបន្ទប់ងងឹតមិនមានពន្លឺខ្លាំង។ បើយើងប្រើ contact lenses ត្រូវដោះវាចេញ និងមិនត្រូវញីភ្នែកនោះទេ។
ក្នុងករណីមានចេញរោគសញ្ញាបែបនេះយូរជាងពីរថ្ងៃ គួរតែទៅជួបគ្រូពេទ្យជំនាញ។ គ្រូពេទ្យភ្នែកនឹងពិនិត្យភ្នែករបស់យើង និងអាចសាកសួរពីសកម្មភាពដែលយើងបានធ្វើ និងបរិស្ថានការងារផងដែរ។ គ្រូពេទ្យនឹងកំណត់ថារោគសញ្ញាទាំងនេះ អាចបង្កការខូចខាតភ្នែកក្នុងកម្រិតណាមួយ និងអាចចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបន្តក់ភ្នែកមួយចំនួន។
[embed-health-tool-ovulation]