អាចម៍ភ្នែកកើតឡើងជាទូទៅក្រោយពេលដែលយើងភ្ញាក់ពីគេង។ ពិតណាស់ ភ្នែករបស់យើងមានភ្នាសរម្អិលជាជាលិកាដែលគ្របដណ្ដប់គ្រឿងក្នុងរបស់មនុស្សដែលមានលក្ខណៈប្រហោងៗ និងសរីរាង្គជាច្រើនទៀត។ ភ្នែកបង្កើតអាចម៍ភ្នែក ហើយវាក៏អាចលាងសម្អាតដោយខ្លួនឯងនៅពេលដែលយើងព្រិចភ្នែក ពីព្រោះសារធាតុរាវនឹងចេញពីបំពង់ទឹកភ្នែក។ ប៉ុន្តែ ជួនកាល អាចម៍ភ្នែកក៏អាចប្រមូលផ្ដុំ ព្រមទាំងបង្កជាអាចម៍ភ្នែករឹងផងដែរ។ តើអាចម៍ភ្នែកប្រភេទណាដែលធម្មតា និងប្រភេទណាដែលយើងគួរបារម្ភ?
១. អាចម៍ភ្នែកនៅពេលព្រឹក
វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងសង្កេតឃើញអាចម៍ភ្នែកតិចតួចនៅពេលព្រឹក ហើយវាកើតឡើងដោយសារតែយើងមិនព្រិចភ្នែកនៅពេលយប់។ កត្តានេះធ្វើឲ្យអាចម៍ភ្នែក និងកម្ទេចកំទីដទៃទៀតកកកុញនៅកៀនភ្នែក ឬនៅតាមត្របកភ្នែក។ អាចម៍ភ្នែកអាចមានសភាពទន់ ឬរឹង មានពណ៌ក្រែម លឿង ថ្លា ឬស ហើយវាមិនមានអ្វីគួរឲ្យបារម្ភឡើយ។ យើងអាចជូតវាចេញជាមួយនឹងក្រដាសជូតមាត់ ឬលាងសម្អាតមុខ និងភ្នែកជាមួយនឹងទឹកក្ដៅឧណ្ហៗ។
២. អាចម៍ភ្នែករឹង
នៅពេលដែលអាចម៍ភ្នែករឹង ឬស្អិត វាក៏អាចជាសញ្ញានៃការបង្ករោគដោយបាក់តេរី។ កត្តានេះអាចបណ្ដាលឲ្យហូរទឹករម្អិលភ្នែកពណ៌ប្រផេះ បៃតង ឬលឿងចេញពីភ្នែក។ ជាទូទៅ ការឆ្លងបាក់តេរី អាចរួមបញ្ចូលទាំងជំងឺភ្នែកក្រហម ឬជំងឺរលាកភ្នាសពាសភ្នែក ។ ជំងឺភ្នែកក្រហមមិនបង្កជាបញ្ហាភ្នែកធ្ងន់ធ្ងរឡើយ ប៉ុន្តែជំងឺរលាកភ្នាសពាសភ្នែកអាចបណ្ដាលឲ្យយើងពិការភ្នែកដោយមិនដឹងខ្លួន។ ដូច្នេះហើយ គ្នាយើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើយើងមានអាការៈឈឺភ្នែក ប្រតិកម្មនឹងពន្លឺ ការប្រែប្រួលគំហើញ ឬចេញទឹកភ្នែក ឬទឹករម្អិលច្រើនជ្រុល។
៣. អាចម៍ភ្នែករាវ
ជាមួយគ្នានេះដែរ អាចម៍ភ្នែករាវក៏អាចជាសញ្ញានៃការឆ្លងមេរោគដូចគ្នា ដែលជាធម្មតាវាជាជំងឺភ្នែកក្រហម ។ ពិតណាស់ ជំងឺប្រភេទ នេះ ឆ្លងខ្លាំង និងអាចរាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ អាការៈនេះអាចជាសះស្បើយទៅវិញដោយមិនចាំបាច់ព្យាបាល ដោយសារតែរាងកាយរបស់យើងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ប៉ុន្តែ គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើអាការៈនេះនៅបន្តជាច្រើនថ្ងៃ។ ចូរលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីការពារអាការៈភ្នែកក្រហមនេះ។
៤. អាចម៍ភ្នែកសរសៃៗ
ជាធម្មតា អាចម៍ភ្នែកប្រភេទនេះកើតឡើងចំពោះអ្នកដែលមានភ្នែកស្ងួត។ ភ្នែកស្ងួតជាបញ្ហាភ្នែកដែលមិនអាចផលិតស្រទាប់សារធាតុរាវ គ្រប់គ្រាន់ ឬមិនប្រក្រតី។ ស្រទាប់សារធាតុរាវមានសមាសធាតុផ្សំចំនួន៣ គឺទឹក ប្រេង និងទឹករម្អិល។ នៅពេលដែលសមាសធាតុទឹកមានតិចតួច វាអាចបង្កឲ្យកកើតឡើងនៃអាចម៍ភ្នែកសរសៃៗ។ ក្នុងករណីនេះ គ្រូពេទ្យអាចធ្វើការព្យាបាលបញ្ហាភ្នែកស្ងួតដោយផ្អែកទៅលើមូលហេតុជាក់លាក់។
[embed-health-tool-ovulation]